កីឡាជាតិ
ជាតិ
សិក្ខាកាម​៥០​ភាគរយ​ជាប់​និទ្ទេស​មធ្យម ៣០​ភាគរយ​ល្អ និង​២០​ភាគរយ​បង្គួរ​ក្នុង​វគ្គ​គ្រូបង្វឹក​បាល់ទះ​
04, Sep 2019 , 10:55 am        
រូបភាព
លោក Shameen Al Mamun គ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទះមកពីបង់ក្លាដែស, រូបភាពពី PP SEA Games 2023
លោក Shameen Al Mamun គ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទះមកពីបង់ក្លាដែស, រូបភាពពី PP SEA Games 2023
ដោយ:
​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី​បច្ចេកទេស​គ្រូបង្វឹក​បាល់ទះ​កម្រិត​មូលដ្ឋាន ដែលមាន​សិក្ខាកាម​៣២​រូប​ចូលរួម​បានបញ្ចប់​ជា​ស្ថាពរ​។ ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​ទាំង​ទ្រឹស្តី និង​អនុវត្ត​ជាក់ស្តែង​ពី​អ្នកជំនាញ​មកពី​ប្រទេស​បង់​ក្លា​ដែ​ស សិក្ខាកាម​ទទួលបាន​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ការយល់ដឹង​។

 
​ក្រោយ​ឆ្លងកាត់​ការបណ្តុះបណ្តាល​ទាំង​ទ្រឹស្តី​និង​អនុវត្ត​រយៈពេល​៥​ថ្ងៃ លោក Shameen Al Mamun គ្រូឧទ្ទេស​មកពី​បង់​ក្លា​ដែ​ស​ប្រចាំ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​បាល់ទះ​កម្រិត​មូលដ្ឋាន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយល់ដឹង​របស់​សិក្ខា​កាម​ទាំង​៣២​រូប​ដែល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​។ សិក្ខាកាម​៩​រូប​ស្មើ​៣០​ភាគរយ​ទទួលបាន​និទ្ទេស​ល្អ ៧​រូប​ស្មើ​២០​ភាគរយ​បាន​និទ្ទេស​ល្អ​បង្គួរ និង​១៦​រូប​ស្មើ​៥០​ភាគរយ​ទទួលបាន​និទ្ទេស​មធ្យម​។  
 
​នាយក​គ្រូបង្វឹក​ប្រចាំ​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ​រូបនេះ រំពឹងថា សិក្ខាកាម​ទាំងអស់​នឹង​យកចំណេះ​ដឹង ដែល​ទទួលបាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ទៅ​បណ្តុះបណ្តាល​និង​ចែ​ល​រំលែក​ដល់​គ្រូបង្វឹក និង​កីឡាករ​នៅតាម​មូលដ្ឋាន ដើម្បី​បង្កើន​ធនធាន​កីឡាករ​ឲ្យ​កាន់តែច្រើន​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​។ 
 
​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី​បច្ចេកទេស​គ្រូបង្វឹក​បាល់ទះ​កម្រិត​មូលដ្ឋាន​មាន​សិក្ខាកាម​៣២​រូប​មកពី​២០​ក្លិប​សមាគម​ទូទាំង​២៥​រាជធានី​ខេត្ត​ចូលរួម​។ តាំងពី​ឆ្នាំ​១៩៩៦ នេះ​ជា​លើក​ទី​៦​ហើយ ដែល​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ក្រោម​គម្រោង​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក រៀបចំ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង ដោយបាន​បណ្តុះបណ្តាល​សិក្ខាកាម​សរុប​ចំនួន​១៣៨​នាក់​(​ស្រី​៦​នាក់​)៕ 

Tag:
 បាល់ទះ​
  Shameen Al Mamun
© រក្សាសិទ្ធិដោយ thmeythmey.com