អន្តរជាតិ
ប៉ូលិស​ថៃ ចាប់ខ្លួន​ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង​បាងកក​
04, Sep 2019 , 11:48 am        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​អាជ្ញាធរ​ថៃ បាន​ចាប់ខ្លួន​ជនសង្ស័យ​ដែល​បាន​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង​បាំង​កក​កាលពី​ខែ​មុន ខណៈពេល​មានការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប៉ូលិស​ថៃ​នៅ​ថ្ងៃទី​៣ ខែកញ្ញា​។​


 
​មនុស្ស ៤​នាក់ បាន​រងរបួស នៅក្នុង​ហេតុការណ៍​នោះ​ដែល​កើតឡើង​នៅ​ថ្ងៃទី​២ សីហា ខណៈពេល​កំពុងមាន​កិច្ច​ជំនួប​រដ្ឋមន្ត្រីការបរទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ កិច្ចប្រជុំ​កំពូល​នេះ​មានការ​ចូលរួម​ពី អ្នកការទូត​ជាន់ខ្ពស់​មកពី​ប្រទេស​មហាអំណាច​ពិភពលោក​ដូចជា ចិន និង​អាមេរិក​ផងដែរ​។​
 
​ប៉ូលិស​ថៃ បញ្ជាក់ថា ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រៀប​គម្រោង​បង្កើត​អគ្គីភ័យ បង្កឱ្យមាន​ការផ្ទុះ និង​កាន់កាប់​អាវុធជាតិផ្ទុះ​ខុសច្បាប់​។ នៅ​ថ្ងៃទី​២ សីហា អាជ្ញាធរ​បាន​ឃាត់​ខ្លូន បុរស​២​នាក់ និង​ចេញ​ដីកាចាប់ខ្លួន​មនុស្ស ១១​នាក់​ផ្សេងទៀត​ដែល​នៅ​មិនទាន់​រកឃើញ​។​
 
«​ពួកយើង​បានចេញ​ដីកាចាប់ខ្លួន ហើយក៏​ដឹង​ដែរ​ថា​ពួកគេ​ជា​នរណា ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​។​» នេះ​ការលើកឡើង​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង្ស​សុវណ្ណ (Prawit Wongsuwan) ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ជនសង្ស័យ​ទាំងនោះ​សុទ្ធតែ​មកពី ខេត្ត​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ថៃ ជាទី​ដែល​មនុស្ស​ជិត ៧​ពាន់​នាក់ បាន​ស្លាប់​ក្នុង​អំពើហិង្សា​ចាប់ពី​ឆ្នាំ​២០០៤ មក​។ ជាមួយគ្នានេះ ប៉ូលិស​ថៃ​ក៏បាន​បញ្ជាក់ដែរថា ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ ក៏មាន​ទំនាក់ទំនង​ទៅនឹង​បញ្ហានយោបាយ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com