FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អ៊ីរ៉ង់​ស្នើ FIFA ប្តូរ​ទីតាំង​ប្រកួត​ពេល​ប៉ះ​ហុងកុង ព្រោះ​បារម្ភ​ពី​សន្តិសុខ​
04, Sep 2019 , 2:46 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់ (FFI) បាន​ផ្ញើលិខិត​ទៅកាន់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ក្នុង​បំណង​ផ្លាស់ប្តូរ​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ FIFA World Cup 2022 នៅ​ថ្ងៃទី​១០ ខែកញ្ញា​ទល់​ហុងកុង​ទៅ​ទឹកដី​កណ្តាល​វិញ ដោយ​លើក​ហេតុថា​ភ័យខ្លាច​បញ្ហា​សុវត្ថិភាព​ដែល​កើតឡើង​ពី​ភាពចលាចល​ផ្នែក​នយោបាយ​នៅ​ហុងកុង​។​


 
​បញ្ហា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ហុងកុង ដែល​ពេលខ្លះ​ធ្វើ​ឲ្យ​ក្រុង​ទាំងមូល​ត្រូវ​ជាប់គាំង រហូតដល់​មានការ​ពន្យារពេល​ជើងហោះហើរ​នៅ​អាកាសយានដ្ឋាន​ថែម​ទៀតផង​។​
​ក្រោម​ហេតុផល​ខាងលើ លោក Homeira Asadi អ្នកនាំពាក្យ FFI នៅ​ថ្ងៃទី​២ ខែកញ្ញា​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AP ថា ស្ថាប័ន​លោក​បាន​ជូនដំណឹង​ដល់ FIFA អំពី​បញ្ហា​នេះ​រួចរាល់​ហើយ ហើយ​ពាក្យស្នើសុំ​នោះ​កំពុង​ស្ថិតក្រោម​ការពិនិត្យ​ផងដែរ​។​


 
​បន្ទាប់ពី​ជួប​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុងជំនួប​បើកឆាក​ពូ​ល C នៅ​ថ្ងៃទី​៥ ខែកញ្ញា​នា​កីឡដ្ឋាន​អូឡាំពិក ជម្រើសជាតិ​ហុងកុង​នឹងត្រូវ​បើកទ្វារ​កីឡដ្ឋាន Hong Kong Stadium ដែល​ផ្ទុក​ទស្សនិកជន​ចំនួន​៤០០០០​នាក់​ដើម្បី​ទទួល​ស្វាគមន៍​អ៊ឺ​រ៉ង់​នៅ​៥​ថ្ងៃ​បន្ទាប់​។​
 
​យ៉ាងណាក៏ដោយ លទ្ធភាព​នៃ​ការប្រកួត​ជម្រុះ World Cup ឆ្នាំ ២០២២ នៅ​កាតា របស់​ហុងកុង​ក្នុងផ្ទះ​ខ្លួនឯង​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​បន្ទាប់ពី​ក្រុម​ភ្ញៀវ​អ៊ីរ៉ង់​ស្នើសុំ​ឲ្យ​ប្រកួត​នៅ​ទឹកដី​កណ្តាល​នោះ​។​
 
​បើទោះជា​យ៉ាងនេះ​ក្តី ភាគី​ហុងកុង ទាំង​រដ្ឋាភិបាល និង​សហព័ន្ធ​កីឡាបាល់ទាត់​ហុងកុង​ប្រកាសថា​មិនមាន​គម្រោង​ប្តូរ​កីឡដ្ឋាន​ប្រកួត​ក្រៅ​ទឹកដី​ឡើយ​។​
​សូមបញ្ជាក់ថា វគ្គ​ជម្រុះ​ជុំ​ទី​២ ប្រចាំ​តំបន់​អាស៊ី នៃ​ពាន់រង្វាន់​កីឡាបាល់ទាត់​ពិភពលោក​ដែល​រៀបចំ​នៅ​កាតា​ឆ្នាំ​២០២២ អ៊ីរ៉ង់​ដែលជា​ក្រុម​ខ្លាំង ត្រូវ​ប៉ះ​ហុងកុង កម្ពុជា បា​រ៉ែ​ន និង​អ៊ីរ៉ាក់​ក្នុង​ពូ​ល C៕
 

Tag:
 World Cup
  ហុងកុង​
  អ៊ឺ​រ៉ង់​
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com