កីឡាអន្តរជាតិ
អន្តរជាតិ
សរុប​! លី​គ​ទាំង​៥​នៅ​អឺរ៉ុប ចំណាយ​ជាង​៦​ពាន់​លាន​ដុល្លារ​លើ​ការផ្ទេរ​កីឡាករ​រដូវ​កាល​នេះ​
05, Sep 2019 , 8:59 am        
រូបភាព
​លី​គ​កីឡាបាល់ទាត់​កំពូល​ទាំង​៥​នៅ​អ៊ឺរ៉ុប​បាន​ចំណាយ​ប្រាក់​សរុប​ចំនួន ៥​ពាន់​លាន​ផោន (៦,០៧​លាន​ដុល្លារ​អាមេរិក​) អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​លើក​ទី​១ ក្នុង​រដូវ​កាល​២០១៩-២០ ដែល​កើនឡើង ៩៧២​លាន​ដុល្លារ​លើ​កំណត់ត្រា​កាលពី​ឆ្នាំមុន​។


 
​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន Deloitte ក្លិប​នៅ Premier League បាន​ចំណាយ​លើសគេ​ក្នុង​ចំនួន​ទឹកប្រាក់ ១,៤១ ពាន់​លាន​ផោន (១,៧១​ពាន់​លាន​ដុល្លារ​អាមេរិក​) បើ​ទោះ​ទ្វារ​ផ្សារ​ដោះដូរ​កីឡាករ​បិទ​មុនគេ​តាំងពី​ថ្ងៃទី​៨ ខែសីហា​។​
 
La Liga លី​គ​កំពូល​អេ​ស្ប៉ា​ញ ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​២ តាមរយៈ​ការចំណាយ​ដ៏​ច្រើន​មិន​ធ្លាប់មាន​ក្នុង​រង្វង់​ទឹកប្រាក់ ១,៥១​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩​នេះ ដែល​កើន​ទ្វេដង​កាលពី​ឆ្នាំ ២០១៧​។​
 
​ការចំណាយ​ដ៏​ច្រើន​មិន​ធ្លាប់មាន​នេះ ដ្បិត​ក្លិប​នៅ La Liga បាន​ទិញដូរ​កីឡាករ​ថ្លៃៗ​ជាច្រើន​ដូច​ការផ្ទេរ​ខ្សែប្រយុទ្ធ Antoine Griezmann ពី Atletico Madrid ទៅ Barcelona ក្នុងតម្លៃ ១៣១​លាន​ដុល្លារ​, Joao Felix ពី Benfica ទៅ AT-Madrid ក្នុងតម្លៃ ១៣៧​លាន​ដុល្លារ និង Eden Hazard ផ្ទេរ​ពី Chelsea ទៅ Real Madrid តម្លៃ ១០៩​លាន​ដុល្លារ​។​
 
Serie A របស់​អ៊ីតាលី Bundesliga របស់​អាល្លឺម៉ង់ និង​លី​គ​កំពូល​បារាំង Ligue 1 សុទ្ធតែ​បាន​បង្កើត​កំណត់ត្រា​ថ្មី​ក្នុងការ​ចំណាយ​លើ​ការទិញ​កីឡាករ​នៅ​រដូវ​កាល​នេះ​ដូចគ្នា​។​
 
​ស្ថិតក្នុង​លេខ​រៀង​ទី​៣​ក្នុងនាម​លី​គ​ដែល​ចំណាយ​ច្រើន Serie A បាន​ចំណាយ​លើសពី​១​ពាន់​លាន​ដុល្លារ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ពោលគឺ ១,២៩​ពាន់​លាន​ដុល្លារ ដោយ​ក្នុងនោះ Inter Milan ជា​ក្លិប​ទិញ​កីឡាករ​ថ្លៃ​ជាងគេ​ក្នុងចំណោម​ក្លិប​ទាំង​២០​នៅ​អ៊ីតាលី តាមរយៈ​ការនាំ​ចូល​ខ្សែប្រយុទ្ធ Romelu Lukaku ពី Manchester United តម្លៃ​៩០​លាន​ដុល្លារ​។​
 
​ក្លិប​នៅ Bundesliga ឈរ​ចំណាយ​ថ្នាក់​ទី​៤ ក្រោយ​ចំណាយ​អស់ ៨១៤​លាន​ដុល្លារ​លើ​ការផ្ទេរ​កីឡាករ​រដូវ​កាល​នេះ ខណៈ​ម្ចាស់​ជើងឯក Bayern Munich ទិញ​ចូល​កីឡាករ​ថ្លៃ​ជាងគេ គឺ​ខ្សែការពារ Lucas Hernandez ពី AT-Madrid តម្លៃ​៨២​លាន​ដុល្លារ​។​
 
Ligue 1 ស្ថិតនៅ​ចុងក្រោយ​គេ​ក្នុងចំណោម​លី​គ​ទាំង​៥ ដោយ​ចំណាយ​អស់ ៧៣៥​លាន​ដុល្លារ​អាមេរិក​។ ការទិញចូល​ខ្សែប្រយុទ្ធ Wissam Ben Yedder ពី Sevilla ក្នុងតម្លៃ ៤៤​លាន​ដុល្លារ បាន​នាំ​ឲ្យ Monaco ក្លាយជា​ក្លិប​នៅ​បារាំង​ដែល​ទិញ​កី​ឡ​ការ​ថ្លៃ​ជាងគេ​ក្នុងអំឡុង​ទីផ្សារ​ទិញដូរ​លើក​១​រដូវ​កាល​នេះ​។​
 
​សូមបញ្ជាក់ថា​ក្រៅពី​លី​គ​នៅ​អង់គ្លេស លី​គ​ទាំងអស់​នៅ​អឺរ៉ុប​បិទទ្វារ​ដោះដូរ​កីឡាករ​នៅ​យប់​ថ្ងៃទី​២ ខែកញ្ញា​៕

Tag:
 Deloitte
  ទិញដូរ​កីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com