អាហារ​ល្អ​បំផុត​សម្រាប់​សុខភាព​បេះដូង​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អាហារ​ល្អ​បំផុត​សម្រាប់​សុខភាព​បេះដូង​
05, Sep 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ដែល​ផ្តល់​សុខភាព​អាចជា​រឿង​ល្អ​មួយ​សម្រាប់​សុខភាព​បេះដូង​។ អ្នក​ក៏​អាច​កាត់បន្ថយ​ការកើត​ជំងឺ​បេះដូង​សរសៃឈាម​បានដែរ​តាមរយៈ​ការ​ញ៉ាំ​អាហារ​ទាំងអស់នេះ​ជាប្រចាំ​។ មាន​បន្លែ និង​ផ្លែឈើ​ច្រើនណាស់​ដែល​ល្អ​ចំពោះ​បេះដូង​។


 
​តាម​ការសិក្សា​បាន​ឲ្យ​ដឹង​ទៀតថា ជំងឺ​បេះដូង​សរសៃឈាម​ស្ទើរតែ ៧០​ភាគរយ​ហើយ​ដែល​អាច​បង្ការ​បាន​តាម​រយៈ​ការជ្រើសរើស​អាហារ​ទទួល​ទាន​ត្រឹមត្រូវ​។ តើ​អាហារ​ទាំងអស់នោះ​មាន​អ្វី​ខ្លះទៅ​? 
 
​ផ្លែ​ប័​រ​
 
​ផ្លែឈើ​មួយ​នេះ​សម្បូរ​ទៅដោយ​សារធាតុ​ខ្លាញ់​ផ្តល់​សុខភាព Monounsaturated Fats និង​ជា​ប្រភព​នៃ​ប៉ូ​តា​ស្យូ​ម​ដែលជា​ជាតិ​រ៉ែ​ដ៏​សំខាន់​ក្នុងការ​គ្រប់គ្រង​ជំងឺ​លើស​សម្ពាធ​ឈាម​។ វា​ក៏​ជា​ប្រភព​នៃ​វីតាមីន C, Carotenoids និង​ជាតិ​សរសៃ​ផងដែរ​។ 
 
​ក្រៅពីនេះ ផ្លែ​ប័​រ​ក៏​អាចជួយ​រាងកាយ​បឺត​ស្រូប​អង់​ទី​អុកស៊ីដ​ង់​ផ្សេងៗ​ទៀត​ដែល​យើង​បាន​ញ៉ាំ​បន្លែ​ដូចជា ការ៉ុត និង​ស្ពៃ​ស្ពី​ណា​ច​ជាដើម​។ 
 
​ផ្លែ​បឺ​រី​ពណ៌​ខៀវ​
 
​វា​ជា​ផ្លែឈើ​ដែល​សម្បូរ​សារធាតុ Resveratrol និង Flavonoids ដែល​សុទ្ធសឹងតែ​ជា​អង់​ទី​អុកស៊ីដ​ង់​សម្រាប់​ជួយ​បង្ការ​ជំងឺ​សរសៃឈាម​បេះដូង​។ អ្នក​ក៏​អាចយ​កវា​ធ្វើជា​ទឹកក្រឡុក​បានដែរ​។ 
 
​សូកូឡា​ខ្មៅ​
 
​តាម​ការសិក្សា​បាន​រកឃើញថា ការ​ញ៉ាំ​សូកូឡា​ខ្មៅ​ជាប្រចាំ អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ឈាម​បាន​។ ចំពោះ​សារធាតុ Phenols ក្នុង​សូកូឡា​ខ្មៅ ដែលមាន​មុខងារ​ប្រឆាំងនឹង​ការ​រលាក និង​សម្លាប់​មេរោគ​នោះ អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន​។ 
 
​ប្រេង​អូ​លីវ​
 
​ប្រេង​អូ​លិ​វ​ជា​ប្រភព​នៃ​ជាតិ​ខ្លាញ់ Monounsaturated Fats ដ៏​ល្អ​មួយ ដែល​អាចជួយ​បន្ថយ​ទាំង​កម្រិត​ជាតិ​ស្ករ និង​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​។​
 
​បន្លែ​ពណ៌​បៃតង​
 
​ស្ពៃ​ស្ពី​ណា​ច ឬ​ត្រកួន​សុទ្ធតែជា​អាហារ​ដ៏​ល្អ​ដែល​អាច​ផ្តល់​ជាតិ​ដែក និង​វីតាមីន C ដល់​រាងកាយ​។ របស់​ទាំងពីរ​នេះ​ល្អ​បំផុត​សម្រាប់​សុខភាព​ធ្មេញ សក់ និ​ឆ្អឹង ខណៈពេលដែល​វីតាមីន A និង​ម៉ាញ៉េ​ស្យូ​ម សម្រាប់​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្ងប់ស្ងាត់ ចៀស​ផុតពី​ភាព​ខឹង​នាំ​ឲ្យ​គាំងបេះដូង​បាន​។ 
 
​ថ្លើម​សត្វ​
 
​អ្នកជំនាញ​ខាង​ជំងឺ​បេះដូង បាន​និយាយថា ថ្លើម​មាន​ជាតិ​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង​។​
 
​ស្រូវ​អូត​
 
​ថ្វីបើ​ស្រូវ​ប្រភេទ​នេះ​មិនសូវមាន​អ្នក​ស្គាល់ និង​ញ៉ាំ​ក៏ដោយ ប៉ុន្តែ​វា​គឺជា​អាហារ​មួយ​ប្រភេទ​មាន​ជាតិ​សរសៃ​រលាយ និង​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ឈាម​បាន​ទៀត​។ ដូច្នេះ​កាលណា​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​មិនសូវមាន វា​ពិតជា​ល្អ​ទាំង​សរសៃឈាម និង​បេះដូង​។ 
 
​ត្រី​សាល​ម៉ុង​
 
​ត្រី​សាល​ម៉ុង​និង​ត្រី​សម្បូរ​ខ្លាញ់​ផ្សេងៗ​ទៀត​ដូចជា ត្រី​សា​ឌី​ន សុទ្ធតែជា​អាហារ​ដ៏​ល្បី​សម្រាប់​សុខភាព​បេះដូង​ទាំងអស់​។ នេះ​ដោយសារតែ វា​ផ្ទុក​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ច្រើន និង​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​រឹង​សរសៃឈាម ឬ​កំណក​ជាប់​សរសៃឈាម​អាក់ទែ​បាន​ទៀត​។ 
 
​ប៉េងប៉ោះ​
 
​ប៉េងប៉ោះ​មាន​វីតាមីន C ដែល​ល្អ​ចំពោះ​បេះដូង និង​សម្បូរ​សារធាតុ Lycopene​។ វីតាមីន C ដើរតួនាទី​ជា​អង់​ទី​អុកស៊ីដ​ង់​សម្រាប់​ការការពារ​កោសិកា​កុំ​ឲ្យ​ខូចខាត ជាពិសេស​កោសិកា​បេះដូង​តែម្តង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com