អ្នកលេង​គុន​ល្បុក្កតោ ពេជ្រ ពន្លឺ បាន​មេដាយ​សំរឹទ្ធ​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​កូរ៉េខាងត្បូង​
កីឡាជាតិ
ជាតិ
អ្នកលេង​គុន​ល្បុក្កតោ ពេជ្រ ពន្លឺ បាន​មេដាយ​សំរឹទ្ធ​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​កូរ៉េខាងត្បូង​
05, Sep 2019 , 12:15 pm        
រូបភាព
កីឡាករ​ល្បុក្កតោ ពេជ្រ ពន្លឺ ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ក្នុងការ​ប្រកួត​ក្បាច់គុន​អន្តរជាតិ International Martial Art Contest ប្រចាំឆ្នាំ​២០១៩ នៅ​សាធារណរដ្ឋ​កូរ៉េ​។ មេដាយ​នេះ  ពន្លឺ ដណ្តើមបាន​លើ​វិញ្ញាសា Bare Hand Single ដែលមាន​កីឡាករ​មកពី​២៣​ប្រទេស​ចូលរួម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ដែល​កំពុងមាន​វត្តមាន​នៅ​ប្រទេស​កូរ៉េ​។





ក្រោយ​ដណ្តើមបាន​មេដាយមាស​ក្នុងការ​ប្រកួត Pre-SEA Games លើ​វិញ្ញាសា​ដំបង​ខ្លី Arnis ដែលជា​ក្បាច់គុន​វប្បធម៌​របស់​ហ្វីលីពីន អ្នកលេង​គុន​ល្បុក្កតោ ពេជ្រ ពន្លឺ បានធ្វើ​ឲ្យ​ទង់ជាតិ​កម្ពុជា ត្រូវបាន​បង្ហូត​ឡើង​នៅមុខ​ប្រតិភូ​កីឡា​មកពី​ប្រទេស​ផ្សេងៗ​ជាច្រើន ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ក្បាច់គុន​អន្តរជាតិ The 2019 International Martial Art Contest នៅ​សាធារណរដ្ឋ​កូរ៉េ​។

​ការ​បង្ហូតទង់ជាតិ​នេះ ធ្វើឡើង​ក្រោយ​កីឡាករ ពេជ្រ ពន្លឺ ដណ្តើមបាន​មេដាយ​សំរឹទ្ធ លើ​វិញ្ញាសា​សម្តែង​ឯកត្តជន Bare Hand Single ដែលមាន​កីឡាករ​មកពី​២៣​ប្រទេស​ចូលរួម ខណៈ​កីឡាករ​ម្ចាស់ផ្ទះ​កូរ៉េ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ និង​កីឡាករ​ចិន​បាន​លេខ​២​។ ក្រៅពី​មេដាយ កីឡាករ ពេជ្រ ពន្លឺ ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​៣០​ម៉ឺន​វ៉ុ​ន​(​ជាង​២៥០​ដុល្លារ​)​។ 

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធសិល្ប៍​ចម្រុះ​អន្តរជាតិ​នេះ រៀបចំ​ដោយ​សហភាព​កីឡា​យុទ្ធសិល្ប៍​ចម្រុះ​ពិភពលោក World Martial Art Union​។ ការប្រកួត​នេះ ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣០ សីហា ដល់​ថ្ងៃទី​៦ កញ្ញា  ដែលមាន​ប្រទេស​ជាង​២០​ជា​សមាជិក​ចូលរួម ខណៈ​កម្ពុជា​បាន​បញ្ជូន​កីឡាករ​៦​រូប​ឲ្យ​ចូលរួម​៕ 









Tag:
 ​អ៊ួ តារា​
  International Martial Arts Contest
© រក្សាសិទ្ធិដោយ thmeythmey.com