កំពង់ចាម៖ យុវជន បូ សិលា បានយកស្លឹកគ្រៃដែលកសិករបោះចោលមកច្នៃជាប្រេងស្លឹកគ្រៃ ដើម្បីយកទៅផ្សំផលិតជាទឹកអប់ និងគ្រឿងក្រអូបផ្សេងៗ។ អតីតនិស្សិតកសិកម្មរស់នៅខេត្តកំពង់ចាម រូបនេះ ទទួលជោគជ័យក្នុងការផលិតបានជាប្រេងស្លឹកគ្រៃ ហើយជំហានបន្ទាប់ សិលា កំពុងយកប្រេងស្លឹកគ្រៃនោះទៅពិសោធន៍នៅប្រទេសកូរ៉េ។ ប្រសិនបើ លិទ្ធផលទទួលបានជោគជ័យលោក សិលា រំពឹងថា នឹងអាចជួយកសិករបានមួយកម្រិតទៀត ដោយលោកអះអាងថា ស្លឹកគ្រៃចំនួន២.៥គីឡូក្រាម អាចចម្រាញ់បានប្រេងស្លឹគ្រៃចន្លោះពី ៤.៥មីលីលីត្រ ទៅ ៩មីលីលីត្រ ហើយអាចលក់បានតម្លៃ៦.៩ដុល្លារ ក្នុងចំណុះ១០មីលីលីត្រ។
ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកក្សេតសាស្ត្រ នៅសាលាជាតិកសិកម្ម ខេត្តកំពង់ចាម និស្សិត បូ សិលា បានយកស្លឹកគ្រៃទៅចម្រាញ់យកប្រេងស្លឹកគ្រៃ ដើម្បីផ្សំជាមួយនឹងគ្រឿងសម្អាង។ ការផលិតប្រេងស្លឹកគ្រៃនេះ លោក បូ សិលា ប្រើឧបករណ៍ Essential oil machine ដែលជាម៉ាស៊ីនសម្រាប់ពិសោធន៍របស់សាលាជាតិកសិកម្ម ខេត្តកំពង់ចាម។ ប្រេងស្លឹកគ្រៃចម្រាញ់បាននិស្សិតវ័យ ២៤ឆ្នាំ រូបនេះ ត្រូវបន្សុទ្ធយកជាតិទឹកចេញ មុននឹងយកទៅពិសោធន៍នៅប្រទេសកូរ៉េខាងត្បូង ខណៈពេលដែលនិស្សិតរស់នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រូបនេះ កំពុងបន្តថ្នាក់អនុបណ្ឌិតផ្នែកផលិតទឹកអប់ (Biological environment program) នៅសាលា Kangwon National University នៅខេត្ត Kangwon នៃប្រទេសកូរ៉េខាងត្បូង។
លោក សិលា បានឲ្យដឹងថា សំណាកប្រេងស្លឹកគ្រៃនេះ លោកយកទៅពិសោធន៍នៅប្រទេសកូរ៉េ ដើម្បីឲ្យដឹងថាប្រេងស្លឹកគ្រៃរបស់ខ្មែរយើង អាចយកទៅដាក់បញ្ជូលជាមួយផលិតផលដទៃទៀត ដូចជា សាប៊ូ ឬគ្រឿងសំអាង និងផលិតផលប្រើប្រាស់ជាច្រើនទៀត ដើម្បីធានាបានថា ពុំមានផលប៉ះពាល់ដល់សុខភាពអ្នកអ្នកប្រើប្រាស់។
ប្រេងស្លឹកគ្រៃដែលផ្សំជាមួយមេតាណុល ដើម្បីឲ្យក្លាយទៅជាទឹកអប់សម្រាប់ធ្វើការពិសោធនេះ ត្រូវបាននិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ បូ សិលា បញ្ជាក់ថា៖ «ខ្ញុំនឹងធ្វើការពិសោធជាមួយមនុស្ស ៥០នាក់ ដោយបំពាក់ឧបករណ៍ Eletroencephalogram នៅលើកក្បាលពួកគេ។ បន្ទាប់មកឲ្យអ្នកទាំងនោះ ស្រង់ក្លិនទឹកអប់ដែលបានផ្សំជាមួយប្រេងស្លឹកគ្រៃ ហើយយើងរង់ចាំមើលថា តើខួរក្បាលអ្នកទាំង៥០នាក់នោះ នឹងមានប្រតិកម្មបែបណាចំពោះក្លិនទឹកអប់ប្រេងស្លឹកគ្រៃនេះ»។ ខណៈពេលដែលអ្នកទាំងនោះកំពុងស្រង់ក្លិន ម៉ាស៊ីនដែលបំពាក់នៅលើក្បាលពួកគេ ក៏កំពុងកត់ត្រាទិន្ន័យដែលខួរក្បាលបានបញ្ចេញថា តើក្នុងចំណោមមនុស្សទាំង៥០នាក់ មានមនុស្សប៉ុន្មាននាក់ ដែលមានប្រតិកម្មជាមួយក្លិនប្រេងស្លឹកគ្រៃ?
គំនិតច្នៃប្រេងស្លឹកគ្រៃយកទៅផលិតជាទឹកអប់ និងគ្រឿងសម្អាងផ្សេងៗនេះ ដោយសារនិស្សិតបញ្ចប់ផ្នែកកសិកម្ម បូ សិលា មើលឃើញពីអត្ថប្រយោជន៍ដែលប្រជាកសិករអាចទាញយកផលពីស្លឹកគ្រៃបន្ថែម ខណៈពេលដែលពួកគាត់កាត់តែគល់យកទៅលក់ រួចបោះស្លឹកគ្រៃចោល។ សិលា ប្រាប់ ThmeyThmey 25 ថា មានស្លឹកគ្រៃជាច្រើនដែលកសិករបានបោះចោល ដូចនេះ សាលាជាតិកសិកម្មនឹងអាចផ្តល់បច្ចេកទេសនៃការផលិតប្រេងស្លឹកគ្រៃ ដើម្បីឲ្យសិករទទួលបានប្រាក់ចំណូលបន្ថែមពីលើអត្ថប្រយោជន៍ចាស់ដែលមានស្រាប់។
គំនិតច្នៃស្លឹកគ្រៃនេះក៏ដោយសារនិស្សិតកសិកម្ម បូ សិលា បានដឹងថា នៅសហគមន៍សម្បូរមានជ័យ ដែលស្ថិតនៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននឹងកំពុងផ្គត់ផ្គង់គល់ស្លឹកគ្រៃនៅលើផ្សារជាច្រើនតោន ហើយក្រុមកសិករទាំងនោះ បានប្តេជ្ញាដាំស្លឹកគ្រៃឲ្យបាន១ពាន់តោនក្នុងឆ្នាំ២០១៩នេះ។ ចំនួននាំចេញគល់ស្លឹកគ្រៃនេះ ត្រូវបានលោក សិលា ប៉ាន់ឃើញថា នឹងមានស្លឹកគ្រៃប្រមាណ៤០០តោននឹងត្រូវបានគេបោះចោល ប្រសិនមិនមានការកែច្នៃជាប្រេងស្លឹកគ្រៃនោះទេ។
«ប្តូរពីស្លឹកដែលគេបោះចោល យកមកលក់បានប្រមាណតម្លៃ៧ដុល្លារ ក្នុងស្លឹកគ្រៃ២.៥គីឡូក្រាម ខ្ញុំគិតថា វាចំណេញហើយ»។ នេះជាការគណនាចេញជាសាច់ប្រាក់ដែលលោក សិលា បានធ្វើដោយលោកពន្យល់បន្ថែមយ៉ាងដូច្នេះថា៖«ស្លឹកគ្រៃចំនួន២.៥គីឡូក្រាម អាចចម្រាញ់បានប្រេងស្លឹគ្រៃចន្លោះពី ៤.៥មីលីលីត្រ ទៅ ៩មីលីលីត្រ ដោយចំណាយពេលប្រមាណ១ម៉ោង។ សម្រាប់តម្លៃប្រេងស្លឹកគ្រៃនៅលើទីផ្សារអាចលក់បានតម្លៃ៦.៩ដុល្លារ ក្នុងចំណុះ១០មីលីលីត្រ»។
យ៉ាងណាក៏ដោយលោក បូ សិលា អតីតនិស្សិតបរិញ្ញាបត្រផ្នែក«ក្សេតសាស្ត្រ» នៅសាលាជាតិកសិកម្ម ខេត្តកំពង់ចាម ដែលកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក«ផលិតទឹកអប់» នៅប្រទេសកូរ៉េខាងត្បូង កំពុងរង់ចាំមើលលិទ្ធផលពិសោធន៍ ដែលលោកយកប្រេងស្លឹគ្រៃផលិតជាទឹកអប់នោះ អាចប្រើប្រាស់បានដោយមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ឬអត់?