FIFA
កីឡាជាតិ
ជាតិ
ជូនពរ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​៣​ពិន្ទុ​នា​ជំនួប​ជាមួយ​ហុងកុង​នៅ​ល្ងាច​នេះ​!
05, Sep 2019 , 4:23 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ទទួលភ្ញៀវ​ហុងកុង សម្រាប់​ជំនួប​វគ្គ​ជម្រុះ FIFA World Cup Qata 2022 នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៥ កញ្ញា​នេះ​។ ទោះបី​មិន​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ប្រាក់ មុន្នី​ឧ​ត្ត​ម និង​កីឡាករ​កម្ពុជា​មួយចំនួន​ទៀត បាន​ផ្ញើ​សារ​លើក​ទឹកចិត្ត និង​ជូនពរ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​។ 



​មុន​ការប្រកួត​មកដល់ ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​សារ​លើកទឹកចិត្ត និង​ជូនពរ​យ៉ាងច្រើន​ពី​អ្នកគាំទ្រ​និង​មិត្ត​រួម​អាជីព​ឲ្យ​ទទួលបាន​ជោគជ័យ​ពេល​ប៉ះ​ហុងកុង​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ទោះបី​មិន​ស្ថិតក្នុង​ជម្រើស​របស់​អ្នកចាត់ការ​ទូទៅ Keisuke Honda និង​គ្រូបង្វឹក Felix Dalmas តែ​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា នឹង​មក​ធ្វើជា​អ្នកគាំទ្រ និង​លើកទឹកចិត្ត​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅថ្ងៃនេះ​។

​សមាជិក​ក្រុម​ជម្រើសជាតិ​មកពី​ខេត្តកំពត​រូបនេះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​ជូនពរ​ក្រុម​ជម្រើសជាតិ​កម្ពុជា​យើង ទទួលជោគជ័យ ខ្ញុំ​នឹង​ធ្វើជា​ហ្វេ​ន​(​អ្នកគាំទ្រ​)​មួយរូប​របស់​ក្រុម​ជម្រើសជាតិ​យើង​នៅថ្ងៃនេះ​»​។

​មិន​ខុសគ្នា​ពី វឌ្ឍនាកា ឡើយ ខ្សែបម្រើ​ឆ្នើម​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ប្រាក់ មុន្នី​ឧ​ត្ត​ម ដែល​កំពុង​ញាំញី​ដោយ​របួស ក៏បាន​ជូនពរ​ឲ្យ​ក្រុម​ជម្រើសជាតិ​ទទួលជោគជ័យ​នៅ​ល្ងាច​នេះ​ផងដែរ​។ កីឡាករ​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​សូម​ជូនពរ​អ្នក​ទាំងអស់គ្នា​ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​ល្ងាច​នេះ​»​។​

​ជាមួយគ្នានេះ ខ្សែបម្រើ​កូនកាត់​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ទោះ​មិន​បានមក​គាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដោយផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ រូបគេ​នឹង​គាំទ្រ​ពី​ផ្ទះ​របស់គេ​នៅឯ​ប្រទេស​បារាំង​។ អតីត​កីឡាករ​ភ្នំពេញ​ក្រោ​ន​រូបនេះ ជឿជាក់ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹងធ្វើ​ការជា​ក្រុម​បានល្អ ទោះបី​ពួកគេ​ភាគច្រើន​មាន​វ័យក្មេង​ក៏ដោយ​។

​ក្រៅពី​កីឡាករ​ទាំង​៣​រូប​ខាងលើ ខ្សែប្រយុទ្ធ​ជើងចាស់​របស់​បឹងកេត ឃួន ឡា​បូ​រ៉ាវី ក៏បាន​លើកទឹកចិត្ត​ក្រុម​ជម្រើសជាតិ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផងដែរ ដោយ​រូបគេ​នឹង​ធ្វើជា​អ្នកគាំទ្រ​នៅ​ពីក្រោយ​ក្រុម​កីឡាករ​ជម្រើសជាតិ​។ ក្រៅពីនេះ ក៏មាន​កីឡាករ​ជាច្រើនរូប​ទៀតផង​ដែរ ដែល​បាន​ជូនពរ​ឲ្យ​កម្ពុជា​ទទួលបាន​ជោគជ័យ​នៅថ្ងៃនេះ​។

​នា​សន្និសីទ​សារ​ព័ត​មាន​មុន​ការប្រកួត​កាលពី​ថ្ងៃទី​៤ ខែកញ្ញា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix Dalmas មានជំនឿថា ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ក្រោម​ការជ្រើសរើស​ដ៏​យកចិត្តទុកដាក់​ពី​សំណាក់​លោក និង​លោក Keisuke Honda នឹងធ្វើ​បានល្អ​នៅថ្ងៃនេះ ដើម្បី​នាំ​ភាព​អស្ចារ្យ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ លោក​ជឿជាក់ថា ជំនួប​ថ្ងៃនេះ​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​តានតឹង និង​ទាក់ទាញ​បំផុត ហើយ​លោក​សង្ឃឹមថា ការប្រកួត​នេះ​នឹង​ទាក់ទាញ​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ ឲ្យ​មក​ទស្សនា​។​

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែកញ្ញា​នេះ បានប្រកាសថា សំបុត្រ​ចូលរួម​ទស្សនា​ទាំង​ប្រភេទ​១​និង​ប្រភេទ​២​លក់​អស់ហើយ​។ ដូច្នេះ​អ្នកគាំទ្រ​ក្នុង​រង្វង់​៥​ម៉ឺន​នាក់ នឹង​ទៅ​ទស្សនាការ​ប្រកួត​រវាង​ក្រុម​កម្ពុជា​ជាមួយ​ហុងកុង​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​៕  

Tag:
 បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com