ពីនេះ ពីនោះ
កាហ្វេ​ថ្មីៗ​៖ គ្រាន់តែ​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ ក៏ត្រូវ​រង់ចាំ​មាន role model ដែរ​?
06, Sep 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
​រឿង​ពលរដ្ឋ​ជាច្រើន​មិន​គោរព​ផ្លាក​ចរាចរណ៍ គឺជា​រឿង​ត្រាំត្រែង​មួយ​នៅ​កម្ពុជា​។ មាន​អ្នក​ស្តីបន្ទោស​ពលរដ្ឋ ហើយក៏​មាន​អ្នក​បន្ទោស​មន្ត្រី និង​ការអនុវត្ត​ច្បាប់​មិន​ស្មើភាព​គ្នា​រវាង​អ្នកមានអំណាច និង​ពលរដ្ឋ​សាមញ្ញ​។ នេះ​ជា​ប្រធានបទ​ជជែក​គ្នា​របស់​សំណាង និង​សុធីរ នៅក្នុង​តៀម​កាហ្វេ​ថ្មីៗ​។​



​សុធីរ​៖ ឯង​មើល​ឡាន​នោះ​ចត​បញ្ច្រាសទិស​! ម្ចាស់​វា​ចូល​ស៊ី​គុយទាវ​ធ្វើ​ព្រងើយ​។​

​សំណាង​៖ ក្លាយជា​ប្រពៃណី​ហើយ​អ្ហា​។ ឃើញ​គ្រប់កន្លែង​ហ្នឹង​។ ឡាន​ថ្លៃៗ ធំៗ​ទៀត​ក៏មានដែរ​។ បើ​ប៉ូលិស​មក​ពិន័យ តាំង​សម្របសម្រួល​។ រឿងនេះ​មួយ ស្រាយ​មិន​ចេញ​ទេ​។ អ្នកធំ អ្នកមានអំណាច មិន​ព្រមធ្វើ​គំរូ​ផង ប៉ូលិស​ក៏​ខ្លាច​អ្នកធំ អ្នកមានអំណាច​ដែរ​។​

​សុធីរ​៖ អញ​ឮ​យូរហើយ អា​រឿង​អ្នកធំ​ត្រូវ​ធ្វើជា​គំរូ​ហ្នឹង​។ អញ​គិតថា ល្មម​ឈប់​ប្រើ​លេស គេចវេះ​ការទទួលខុសត្រូវ​ហើយ​។ អ្ហែង​អត់​គោរព​ច្បាប់ អ្ហែង​បន្ទោស​អ្នកធំ អត់​ធ្វើ​គំរូ​? ចុះបើ​គ្រោះថ្នាក់​ចរាចរណ៍ អ្ហែង​ដួល ឬ​អ្នកធំ​ដួល​? រឿង​គោរព​ច្បាប់​ចរាចរណ៍ គឺជា​កាតព្វកិច្ច​របស់​ម្នាក់ៗ មនសិការ​របស់​ម្នាក់ៗ​។ អត់​ពាក់ព័ន្ធ​លោកធំ ឬ​អ្នក​គំរូ​ណា​ទេ​! យើង​ជា​ប្រជាជន យើង​ត្រូវគោរព​ច្បាប់​ចរាចរណ៍​។ អ្នកណា​មិន​គោរព គឺជា​រឿង​របស់គេ​។​

​សំណាង​៖ តែ​ភាពជា​គំរូ​សំខាន់​ណាស់​។ បើ​មន្ត្រី​ធំៗ អ្នកមាន​រថយន្ត​ធំៗ​ពាក់​ស្លាក​លេខ​រដ្ឋ គោរព​សញ្ញា​ចរាចរណ៍ ហើយ​ប៉ូលិស ក៏​ហ៊ាន​ពិន័យ​ពួកគេ​ដែល​ល្មើសច្បាប់ ទើប​ពលរដ្ឋ​មាន​ទឹកចិត្ត ហើយ​គោរព​តាម​។​

​សុធីរ​៖ អញ​សួ​រឯង​មួយ ឯង​កុំ​ខឹង​អញ​! អាអ្ហែង​ចូល​សាលារៀន​១៦​ឆ្នាំ ចេញ​ធ្វើការ​ក្នុងសង្គម ស្គាល់​រាក់​ជ្រៅ ចេះ​ដឹកនាំ​គ្រួសារ ចេះ​ប្រដៅ​កូន​ទៀត តើ​អាអ្ហែង​ចាំ​មាន role model ឈប់​ឡាន​នៅ​ភ្លើង​ក្រហម អត់​ជែង​គ្នា​លើ​ស្ពាន មិន​ជិះ​បញ្ច្រាសទិស ឱ្យ​អ្ហែង​មើល​សិន បាន​អ្ហែង​អាចធ្វើ​តាម​បាន​? អ្ហែង​អត់​ស្គាល់​អី​សោះ​ហ្មង​? ចុះ​អ្ហែង​រក role model បាន​ហើយ​ឬ​នៅ​? កុំ​ភ្លេច​រក​ឱ្យ​កូន​អ្ហែង​ផង​!


© រក្សាសិទ្ធិដោយ thmeythmey.com