FIFA
កីឡាជាតិ
ជាតិ
លោក Honda ទៅកាន់កីឡាករខ្មែរ៖ សូមកុំភ័យ ហើយបន្តលេងតាម Style របស់យើង!
× លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានណែនាំដល់កីឡាករជម្រើសជាតិកម្ពុជា បន្តអនុវត្តរបៀបលេងរបស់ខ្លួន ក្នុងជំនួបជាបន្តបន្ទាប់ ជាពិសេសការប្រកួតវគ្គជម្រុះ FIFA World Cup ជុំទីពីរ ដែលកំពុងដំណើរការ។ នេះបើតាមឃ្លីបវីដេអូខ្លីមួយ ដែលបង្ហោះនៅក្នុងគណនី Instagram របស់វីរបុរសក្រុមជម្រើសជាតិ នាថ្ងៃទី៧ ខែកញ្ញា នេះ។
«នេះជារបៀបលេងរបស់អ្នក នេះជាអនាគតរបស់អ្នក។ សូមកុំបោះបង់ឲ្យសោះ យើងត្រូវមានរបៀបលេងបែបនេះ រៀងរាល់ការប្រកួត»។ លោក Keisuke Honda បានថ្លែងទៅកាន់ក្រុមកីឡាករខ្មែរយ៉ាងដូច្នេះ ដោយក្រើនរំលឹកថា មនុស្សរង់ចាំមើលការប្រកួត ប្រសិនបើកីឡាករបន្តរក្សារបៀបលេងរបស់ខ្លួន ដែលកំពុងនាំភាពប្រែប្រួលដល់វិស័យបាល់ទាត់កម្ពុជា។
លោកបានបញ្ជាក់ថា មនុស្សជាច្រើនបាននិយាយទៅកាន់លោកទាក់ទងនឹងក្រុមកម្ពុជា ជាមួយនឹងការកោតសរសើរ ប៉ុន្តែក៏មានការលើកឡើងថា កម្ពុជាអាចមានឱកាសវាយបកវិញតែមួយលើក ឬពីរលើកប៉ុណ្ណោះ ពេលជួបជាមួយក្រុមខ្លាំង។
«ខ្ញុំបានប្រាប់ទៅពួកគេវិញថា NO យើងមិនធ្វើបែបនេះឡើយ»។ នេះជាប្រតិកម្មតបរបស់លោក Honda ដោយរំលឹកថា លោកមិននិយាយពីគុណភាពនោះឡើយ ប៉ុន្តែនិយាយពីបច្ចុប្បន្ន ជាពិសេសការលេងដោយមិនមានការភិតភ័យ។
លោកបានបន្ថែមថា៖ «ខ្ញុំមិនដែលនិយាយពីកំហុសប្រាប់អ្នកនោះឡើយ។ បើពេលអ្នកទាំងអស់គ្នាភ័យ ខ្ញុំគិតថា ខ្ញុំនឹងខឹង។ ប៉ុន្តែបើអ្នកមិនភ័យ ហើយលេងតាម Style របស់យើង ខ្ញុំគោរពអ្នក។ នោះហើយជាយើងទាំងអស់គ្នា។ នោះហើយជាវិន័យរបស់យើង»៕
© រក្សាសិទ្ធិដោយ thmeythmey.com