អន្តរជាតិ
​អតីត​អធិរាជ​ប៉ុន​ក៏​ចង់បង្ហាញ​វិប្បដិសារី​ចំពោះ​ទង្វើ​ជប៉ុន​ពេល​សង្គ្រាម​ផងដែរ តែ​នាយករដ្ឋមន្ត្រី​ហាម​
29, Sep 2019 , 1:59 pm        
រូបភាព
អធិរាជជប៉ុន Hirohito ថតនៅឯព្រះបរមរាជវាំងជប៉ុន ក្នុងទីក្រុង តូក្យូ កាលពីខែវិច្ឆិកា ឆ្នាំ១៩៨៧ (AFP)
អធិរាជជប៉ុន Hirohito ថតនៅឯព្រះបរមរាជវាំងជប៉ុន ក្នុងទីក្រុង តូក្យូ កាលពីខែវិច្ឆិកា ឆ្នាំ១៩៨៧ (AFP)
ដោយ:
​អធិរាជ​សម័យ​សង្គ្រាម​ជប៉ុន Hirohito ធ្លាប់មាន​ព្រះរាជបំណង​សម្តែង​ការសោកស្តាយ និង​វិប្បដិសារី​របស់​ទ្រង់​ភ្លាមៗ ក្រោយពី​សង្គ្រាមលោកលើកទី​២​បាន​បិទ​បញ្ចប់ ។ យ៉ាងណាមិញ គម្រោង​នេះ ត្រូវបដិសេធ​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន សម័យ​នោះ​។



​សៀវភៅ​កម្រាស់​១៨​ទំព័រ​មួយ​ក្បាល ដែល​ចងក្រង​ឡើង​ដោយ Michiji Tajima មន្ត្រីជាន់ខ្ពស់​ប្រចាំ​រាជវាំង​ជប៉ុន បាន​កត់ត្រា​ពី​ការសន្ទនា​រវាង​លោក និង​ព្រះអង្គ Hirohito ចន្លោះ​ឆ្នាំ ១៩៤៩ និង ១៩៥៣​។

​យោងតាម​ឯកសារ ដែល​បាន​ដកស្រង់​មក​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo  អធិរាជ​អង្គ​នេះ មាន​ព្រះរាជបន្ទូល​ក្នុង​ឆ្នាំ​១៩៥២​ថា ទោះ​មាន​បញ្ហា​អ្វី  ព្រះអង្គ​គិត​ច្បាស់​ថា ព្រះអង្គ​គួរ​ដាក់បញ្ចូល​ពាក្យ «​វិប្បដិសារី​» ក្នុង​ព្រះរាជ​សន្ទរកថា​ដែល​រៀបចំ​ទុក​ដើម្បី​ប្រារព្ធ​ពិធី​ទទួលបាន​ឯករាជ្យ​ជាថ្មី​របស់​ជប៉ុន​ក្នុង​ឆ្នាំ​នោះ​។ សម្រាប់​ព្រះអង្គ​ផ្ទាល់ ព្រះអង្គ​មាន​វិប្បដិសារី​យ៉ាង​ធំធេង ហើយ​ទ្រង់មាន​ព្រះរាជបំណង​បន្ថែម​ឃ្លា​មួយ​ថា «​ឆ្លុះបញ្ចាំង​ពី​អតីតកាល និង​គោល​វិន័យ​ផ្ទាល់ខ្លួន​សម្រាប់​អនាគត​» ។

​យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​ជប៉ុន​សម័យ​នោះ គឺ​លោក Shigeru Yoshida បាន​ប្រឆាំងនឹង​ព្រះរាជបំណង​របស់​ព្រះអង្គ Hirohito ដោយ​ប្រាប់​ទៅកាន់​លោក​មន្ត្រី Tajima ថា នេះ​ជា​រឿង​គ្រោះថ្នាក់​មួយ ព្រោះថា​ប្រជាជន នឹង​និយាយថា ព្រះអង្គ Hirohito ជា​អ្នកទទួលខុសត្រូវ​សម្រាប់​ការ​បង្កាត់​ភ្លើងសង្គ្រាម​នេះ​ឡើង​។ ចុងក្រោយ ពាក្យ​ថា «​សោកស្តាយ​» និង «​វិប្បដិសារី​» ត្រូវបាន​លុបចោល​ពី​ព្រះរាជ​សន្ទរកថា​ដើម្បី​ប្រារព្ធ​ពិធី​សន្ធិសញ្ញា​សន្តិភាព San Francisco ឆ្នាំ​១៩៥១ របស់​ព្រះអង្គ Hirohito ។

​ព្រះអង្គ Hirohito ដែល​សោយ​ទិវង្គត​ក្នុង​ឆ្នាំ ១៩៨៩ គឺជា​ព្រះ​អយ្យកោ​របស់​អធិរាជ​ជប៉ុន​បច្ចុប្បន្ន ព្រះអង្គ Naruhito ។ ព្រះអង្គ  Naruhito បាន​ឡើង​សោយរាជ្យ​ក្នុង​ខែឧសភា​ពី​ព្រះបិតា​ទ្រង់ ព្រះអង្គ Akihito ដែលជា​អធិរាជ​ជប៉ុន​ទីមួយ​បានប្រកាស​ដាក់រាជ្យ​ក្នុង​រយៈពេល​ជាង​២​សតវត្សរ៍​ចុងក្រោយ​នេះ​។​

​ឲ្យ​ពិត​ទៅ អធិរាជ​ជប៉ុន ព្រះអង្គ Hirohito ធ្លាប់​ត្រូវបាន​គេ​គោរព​ដ៏​ខ្ពង់ខ្ពស់​ជា​ព្រះ​រស់ ហើយ​ទ្រង់​ក៏​ធ្លាប់​កាន់​ព្រះរាជតួនាទី​ជា​មេបញ្ជាការ​កងទ័ព​ជប៉ុន អំឡុងពេល​ប្រើ​កម្លាំងយោធា​ឈ្លានពាន​នៅ​ពាសពេញ​តំបន់​អាស៊ី ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ និង ១៩៤០ ផងដែរ​។

​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​សហរដ្ឋអាមេរិក ទម្លាក់​គ្រាប់បែក​បរិ​មា​ណូ​ចំនួន ២​គ្រាប់​លើ​ទីក្រុង Hiroshima និង Nagasaki ព្រះរាជ​សន្ទរកថា​សុំ​ចុះចាញ់​សង្គ្រាម​របស់​ព្រះអង្គ Hirohito ត្រូវបាន​ចាក់ផ្សាយ​លើ​វិទ្យុ កាលពី​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​១៩៤៥ ។ ការទទួលខុសត្រូវរ​បស់​អធិរាជ Hirohito សម្រាប់​ការដឹកនាំ​សង្គ្រាម​នេះ នៅតែ​ជា​ចំណុច​តស៊ូ​មតិ​រវាង​អ្នកជំនាញ​មួយចំនួន ជាពិសេស​មកពី​សហរ​ដ្ឋ​អាមេរិក​។ ពួកគេ លើកឡើងថា ព្រះអង្គ Hirohito ពុំមែន​ជា​អាយ៉ង​នៃ​ក្រុម​យោធា​នោះទេ ប៉ុន្តែ​ទ្រង់​ជា​មេបញ្ជាការ​ដ៏​សកម្ម ដែល​បាន​គេចផុត​ចំពោះមុខ​អំពើ​យុត្តិធម៌ ដោយ​មានការ​សមគំនិត​ជាមួយ​សហរដ្ឋអាមេរិក​។

​ទោះ​មកដល់​សព្វថ្ងៃនេះ សំណួរ​ពាក់ព័ន្ធ​ពី «​វិប្បដិសារី​» ជុំវិញ​បញ្ហា​សង្គ្រាម នៅតែ​ជា​រឿង​រសើប​ក្នុងប្រទេស​ជប៉ុន ។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ អធិរាជ​ជប៉ុន​បច្ចុប្បន្ន ព្រះអង្គ Naruhito បាន​មាន​ព្រះបន្ទូល​ពី​វិប្បដិសារី​យ៉ាង​ជ្រាលជ្រៅ​របស់​ទ្រង់​ចំពោះ​អតីត​កាលសម័យ​សង្គ្រាម​របស់​ប្រទេស​ជប៉ុន​។ នេះ​គឺជា​ព្រះរាជ​សន្ទរកថា​ទីមួយ​បង្អស់​របស់​ព្រះអង្គ ដើម្បី​រម្លឹក​ដល់​ការបញ្ចប់​សង្គ្រាមលោកលើកទី​ពីរ ចាប់តាំងពី​ឡើង​សោយរាជ្យ​មក​៕






Tag:
 ជប៉ុន​
  Hirohito
  សង្គ្រាមលោក
© រក្សាសិទ្ធិដោយ thmeythmey.com