អន្តរជាតិ
«Joker» ឈ្នះ​ពានរង្វាន់​កំពូល​នៅ Venice ជា​ភាពយន្ត​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​២០១៩
08, Sep 2019 , 8:59 pm        
រូបភាព
 លោក Phoenix (ឆ្វេង) និងលោក Phillips អំឡុងពេលទទួលពានរង្វាន់ Golden Lion នៅព្រឹត្តិការណ៍ Venice Film (AFP)
លោក Phoenix (ឆ្វេង) និងលោក Phillips អំឡុងពេលទទួលពានរង្វាន់ Golden Lion នៅព្រឹត្តិការណ៍ Venice Film (AFP)
ដោយ:
​រឿង «Joker» ដែលមាន​លោក Todd Phillips ជា​អ្នកដឹកនាំ ឈ្នះ​ពានរង្វាន់ «​តោ​មាស​» (Golden Lion) ជា​ភាពយន្ត​ល្អ​ដាច់​គេ នៅ​ព្រឹត្តិការណ៍ Venice Film លើក​ទី​៧៤ ក្នុងប្រទេស អ៊ីតាលី កាលពី​សៅរ៍ ទី​៧ កញ្ញា​។ នេះ​ជា​ភាពយន្ត​ដែល​ដកស្រង់​ពី​សៀវភៅ​រូប​ត្លុក​ទី​មួ​ួ​យ ដែល​ឈ្នះ​ពានរង្វាន់​កំពូល​នេះ ហើយ​អាច​ឈានទៅ​ចាប់​ពានរង្វាន់ Oscar បន្ត​។​



​សម្តែង​ជា​តួ Joker ដោយ​តារា​សម្តែង​អាមេរិក Joaquin Phoenix ភាពយន្ត​នេះ រៀបរាប់​ពី​ដើមកំណើត​របស់​តួ​ចិត្តអាក្រក់​ដ៏​មាន​ឥទ្ធិពល​ក្នុង​ចក្រវាល បុរស​ប្រចៀវ (Batman)​។ រឿងនេះ បាន​កើតឡើង​ក្នុង​ដើម​ទសវត្សរ៍​ឆ្នាំ​៨០​ក្នុង​ទីក្រុង Gotham ។ កាលនោះ Arthur Fleck ជា​តារា​កំប្លែង​បរាជ័យ​ម្នាក់ (Stand-up) ដែល​នឹង​វិ​វត្ត​ខ្លួន​ទៅជា Joker ឬ​ស្គាល់​ម្យ៉ាង​ទៀតថា «​ទាយាទ​ឧក្រិដ្ឋកម្ម​ប្រចាំ​ក្រុង Gotham »​។



​ការ​ក្លាយខ្លួនជា​មនុស្ស​ចិត្តអាក្រក់​បែបនេះ គឺ​ព្រោះតែ​លោក​រង​ការ​ធ្វើបាប​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ពី​សំណាក់​មនុស្ស​ជុំវិញខ្លួន ខណៈ​តែងខ្លួន​ជា​មនុស្ស​ត្លុក (Clown) សម្តែង​តាមផ្លូវ​នៃ​ទីក្រុង​នេះ ។  វគ្គ​បន្តបន្ទាប់ Joker នឹង​ក្លាយជា​សត្រូវ​ស៊ីសាច់​ហូត​ឈាម​នឹង បុរស​ប្រចៀវ  ឬ អ្នក​ប្រយុទ្ធ​ពេល​រាត្រី (Dark Knight) ដែល​អុកឡុក​យ៉ាង​កក្រើក​ក្នុង​ទីក្រុង​នេះ​។​
​    ​
​យោងតាម​ការចុះផ្សាយរ​បស់​វេ​ប​សាយ Hollywood Reporter អំឡុង​ស​ន្ទុ​រក​ថា​ទទួល​ពានរង្វាន់​កំពូល​នេះ លោក Phillips បាន​និយាយ​អរគុណ​ដល់​ក្រុមហ៊ុន​ផលិតភាព​យន្ត Warner Bros. និង DC ដែល​ជឿជាក់​លោក​ក្នុងការ​ដឹកនាំ​រឿង​មួយ​នេះ​។ លោក ក៏​អរគុណ​ដល់​តារា​សម្តែង Phoenix ដែល​ឈរ​ក្បែរ​លោក​លើ​ឆាក​។

​ភាពយន្ត​នេះ​ពុំ​អាច​កើតឡើង​ឡើយ ប្រសិនបើ​គ្មាន​វត្តមាន​របស់លោក Joaquin Phoenix ។ លោក Phillips លើកឡើង​បែបនេះ ដោយ​សរសើរ​លោក Joaquin ថា​ជា​តារា​សម្តែង​ដែលមាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​បំផុត​។ លោក​បាន​ប្រើ​គុណនាម​បី ដើម្បី​ពណ៌នា​តារា​សម្តែង​រូបនេះ​៖ បើកទូលាយ​ទទួល​គំនិត​អ្នកដទៃ​, មុត​ស្រួល និង​ក្លាហាន​បំផុត​។ តាម​ប្រភព​មួយចំនួន តារា​សម្តែង Phoenix ត្រូវ​សម្រក​ទម្ងន់​២៣​គីឡូក្រាម​ដើម្បី​ដើរតួ Joker ក្នុង​រឿងនេះ​។​

​សូមបញ្ជាក់ថា «Golden Lion» គឺជា​ពានរង្វាន់​ខ្ពស់បំផុត​ដែល​ផ្តល់​ឲ្យ​សម្រាប់​ភាពយន្ត​ល្អ​ដាច់​គេ នៅ​ព្រឹត្តិការណ៍ Film Festival ដែល​រៀបចំឡើង​នៅ​ទីក្រុង Venice នៃ​ប្រទេស​អ៊ីតាលី​។ ពានរង្វាន់​នេះ បង្កើត​ឡើងជា​លើកដំបូង ក្នុង​ឆ្នាំ ១៩៤៩ ហើយ​បច្ចុប្បន្ន​ចាត់ទុកជា​ពានរង្វាន់​លំដាប់​កំពូល​មួយ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​៕





© រក្សាសិទ្ធិដោយ thmeythmey.com