Nadal លើក​ពាន US Open លើក​ទី​៤ ក្រោយ​ឈ្នះ​កីឡាករ​រុស្ស៊ី​ទាំង​ប្រផិតប្រផើយ​
កីឡាអន្តរជាតិ
អន្តរជាតិ
Nadal លើក​ពាន US Open លើក​ទី​៤ ក្រោយ​ឈ្នះ​កីឡាករ​រុស្ស៊ី​ទាំង​ប្រផិតប្រផើយ​
09, Sep 2019 , 2:14 pm        
រូបភាព
Rafael Nadal ឈ្នះ​ពានរង្វាន់ US Open ជា​លើក​ទី​៤ និង​ជា Grand Slam ទី​១៩ តាមរយៈ​ការ​ផ្តួល​កីឡាករ​រុស្ស៊ី Daniil Medvedev នា​ការប្រកួត​វាយ​កូន​បាល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។ ការ​ឈ្នះ​នេះ មានន័យថា Nadal ជិត​តាម​ស្មើ​កំណត់ត្រា​ឈ្នះ Grand Slam ច្រើន​បំផុត​ចំនួន​២០​លើក​របស់ Roger Federer ផងដែរ​។​



​កីឡាករ​វាយ​កូន​បាល់​លំដាប់​លេខ​២​ពិភពលោក បាន​យកឈ្នះ​កីឡាករ​លំដាប់​ទី​៤​ពិភពលោក Medvedev វ័យ​២៣​ឆ្នាំ​ទាំង​ប្រផិតប្រផើយ ៣​សិត​ទល់​២​សិត ក្នុង​លទ្ធផល​ពិន្ទុ ៧-៥ ៦-៣ ៥-៧ ៤-៦ និង​៦-៤ ដោយ​ប្រើ​រយៈពេល ៤​ម៉ោង និង​៥០​នាទី នៅឯ​ទីលាន Flushing Meadows នៅ​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា​នេះ [​ម៉ោង​នៅ​កម្ពុជា​]​។​



​ជ័យជម្នះ​នេះ បាន​នាំ​ឲ្យ​អ្នក​វាយ​កូន​បាល់​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៣៣​ឆ្នាំ ឈ្នះ Grand Slam ចំនួន​២ នៅ​ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​រូបគេ​ឈ្នះ French Open កាលពី​ខែមិថុនា​កន្លងទៅ​។ សរុប​ទាំង​ជ័យជម្នះ US Open លើក​នេះ​ទៀត Nadal បានឈ្នះ Grand Slam ចំនួន ១៩​លើក​ក្នុង​អាជីព​របស់គេ ពោលគឺ​តាម​ពីក្រោយ​អ្នក​វាយ​កូន​បាល់​សញ្ជាតិ​ស្វី​សវ័យ​៣៨​ឆ្នាំ Roger Federer ដែល​ឈ្នះ ២០​លើក​។​

 Nadal ដែលមាន​រហស្សនាម​អធិរាជ​ដីក្រហម​តាមរយៈ​ការ​ឈ្នះ​ពាន French Open ច្រើនជាងគេ​រហូត​១២​ដង បាន​រៀបរាប់​ក្រោយ​ជ័យជម្នះ​នេះ​ថា​៖«​នេះ​ជា​រាត្រី​ដ៏​រំភើពចិត្ត​បំផុត​ក្នុង​អាជីព​កីឡា​វាយ​កូន​បាល់​របស់ខ្ញុំ​។ វា​ជាការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​មួយ​»​។​

​ដោយឡែក Medvedev បើទោះជា​បរាជ័យ​ក៏ពិតមែន ប៉ុន្តែ​រូបគេ​បាន​អបអរ Nadal ដែល​អាច​ឈ្នះ Grand Slam លើក​ទី​១៩​ក្នុង​អាជីព​នេះ​៕


Tag:
 Rafael Nadal
  US Open
  Grand Slam
© រក្សាសិទ្ធិដោយ thmeythmey.com