Euro 2020៖ អេ​ស្ប៉ា​ញ និង​អ៊ីតាលី ត្រៀម​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ​ទាំង​៦​ប្រកួត
កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អេ​ស្ប៉ា​ញ និង​អ៊ីតាលី ត្រៀម​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ​ទាំង​៦​ប្រកួត
09, Sep 2019 , 4:40 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ និង​អ៊ីតាលី​ជា​ក្រុម​មានឱកាស​ខ្ពស់​ជាងគេ​ក្នុងការ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន់រង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប Euro 2020 បន្ទាប់ពី​ក្រុម​ទាំងពីរ​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ទាំង​៦​លើក​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​រៀងៗ​ខ្លួន​។​



​ក្នុងការ​ប្រកួត​ជម្រុះ Euro ឆ្នាំ ២០២០ ចាប់ពី​ពូ​ល A ដល់ J មាន​ក្រុម​ខ្លាំងៗ​ជាច្រើន​សុទ្ធតែ​ទទួលបាន​ជ័យជម្នះ ប៉ុន្តែ​ក្នុងនោះ​អេ​ស្ប៉ា​ញ​ដែល​យកឈ្នះ​កោះ​ហ្វា​រ៉ូ ៤-០ ក្នុងជំនួប​លើក​ទី​៦ ពូ​ល F នៅ​រាត្រី​ថ្ងៃទី ៨ ខែកញ្ញា កំពុង​ខិតជិត​នឹង​ការទទួលបាន​កៅអី​សម្រាប់​លេង​ក្នុង​ពានរង្វាន់​អឺរ៉ុប​នៅ​ឆ្នាំ​២០២២ ដ្បិត​ម្ចាស់​ជើងឯក​ឆ្នាំ​២០១២ រកបាន​ដល់​ទៅ​១៨​ពិន្ទុ​ពេញ​។​



​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​លោក Robert Moreno អេ​ស្ប៉ា​ញ​នៅតែ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ដោយ​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ចំនួន​៤​គ្រាប់​លើ កោះ​ហ្វា​រ៉ូ​។ ៤​គ្រាប់​នេះ រកបាន​ដោយ​ខ្សែប្រយុទ្ធ Rodrigo ២​គ្រាប់​(១៣, ៥០) និង​ខ្សែប្រយុទ្ធ Paco Alcace ២​គ្រាប់ (៨៩, ៩០+)​។ អេ​ស្ប៉ា​ញ ដែល​នាំមុខ​ពិន្ទុ​ក្រុម​លេខ​២​ស៊ុយ​អ៊ែត​ចំនួន​៧​ពិន្ទុ និង​លេខ​រូ​ម៉ា​នី​៨​ពិន្ទុ ត្រូវការ​តែ​៥​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ក្នុង​ពូ​ល F ដើម្បី​ប្រាកដថា​ពួកគេ​ឈានទៅ​វគ្គ​បន្ត ខណៈ​ការប្រកួត​នៅសល់​៤​លើក​ទៀត​។​



​អ៊ីតាលី​ក៏​ដូចគ្នា​ដែរ តាមរយៈ​ជ័យជម្នះ​ទាំង​ប្រផិតប្រផើយ​លើ​ម្ចាស់ផ្ទះ​ហ្វាំ​ង​ឡង់ ២-១ បាន​នាំ​ឲ្យ​ក្រុម​របស់លោក Roberto Mancini ទទួលបាន​១៨​ពិន្ទុ​ពេញ​ពី​ការប្រកួត​៦​លើកចុងក្រោយ​ក្នុង​ពូ​ល J​។ ២​គ្រាប់​របស់​អ៊ីតាលី​សម្រេចបាន​ដោយ Ciro Immobile នៅ​នាទី​៥៩ និង Jorginho នៅ​នាទី​៧៩ ដោយ​ការ​ទាត់​ប៉េ​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​។ ១​គ្រាប់​របស់​ហ្វាំ​ង​ឡង់​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង​របស់​ក្រុម Norwich City កីឡាករ Teemu Pukki នៅ​នាទី​៧២​។​

​ម្ចាស់​ជើងឯក​ឆ្នាំ​១៩៦៨ នេះ​ឈរ​នៅ​កំពូល​តារាង​ដោយ​នាំ​មុន​ក្រុម​លេខ​២ ហ្វាំ​ង​ឡង់​៦​ពិន្ទុ និង​លេខ​៣​អា​មេ​នី​៩​ពិន្ទុ​។ ដូច្នេះ​អ៊ីតាលី​ដែល​នៅសល់​៤​ក្រ​កួត ត្រូវការ​តែ​៤​ពិន្ទុ​ប៉ុ​ណ្នោះ​នឹង​ទទួលបាន​កៅអី​ទៅលេង​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2020 ដោយ​ស្វ័យប្រវត្តិ​៕

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com