អន្តរជាតិ
បោះឆ្នោតថ្នាក់តំបន់នៅរុស្ស៊ី៖ ប្រជាប្រិយភាពលោក ពូទីន ស្ថិតក្រោមការធ្វើតេស្ត ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បោះឆ្នោតនៅមណ្ឌលបណ្ធិត្យសភាវិទ្យាសាស្រ្តក្នុងទីក្រុងមូស្គូ។ រូបភាព AFP
× ប្រជាជនរុស្ស៊ីរាប់លាននាក់ នៅថ្ងៃទី៨ ខែកញ្ញា បាននាំគ្នាចេញទៅបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំថ្នាក់តំបន់សំខាន់ៗ។ ជាការបោះឆ្នោតថ្នាក់ក្រោមជាតិ តែវាក៏ជាសាកល្បងប្រជាប្រិយភាពរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងសម្ព័ន្ធមិត្តផងដែរ។ ការបោះឆ្នោតនៅរដ្ឋធានីមូស្គូក្លាយជាទីចាប់អារម្មណ៍ខ្លាំងជាងគេ ព្រោះអាជ្ញាធរបានបង្ក្រាបការតវ៉ាជាបន្តបន្ទាប់ ក្រោយបេក្ខជនប្រឆាំងត្រូវបានហាមចូលរួមការបោះឆ្នោត។
ប្រជាប្រិយភាពលោក វ៉ា្លឌីមៀ ពូទីន ធ្លាក់ចុះឬកើនឡើង? ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងអភិបាលតំបន់ចំនួន១៦ នៅទូទាំងរុស្ស៊ីនៅថ្ងៃទី៨ ខែកញ្ញា គឺជាវិញ្ញាសាសាកល្បងមួយសម្រាប់លោក ពូទីន និងសម្ព័ន្ធមិត្តរបស់លោកដែលកាច់ចង្កូតរុស្ស៊ីជាច្រើនឆ្នាំមកហើយនោះ។ ចលនានៃការតវ៉ាបានកើនឡើងជាបន្តបន្ទាប់មុនការបោះឆ្នោតនេះ ពិសេសនៅទីក្រុងមូស្គូដែលប្រជាជន៧,៣លាននាក់ ត្រូវបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងថ្មី។
នាប៉ុន្មានសប្ដាហ៍មកនេះ បាតុកម្មបានកើតឡើងនៅរដ្ឋធានីរុស្ស៊ីដែលសព្វថ្ងៃដឹកនាំដោយលោកអភិបាល Sergei Sobyanin សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ពូទីន ។ បាតុកម្មផ្ទុះឡើងក្រោយអាជ្ញាធរបានរារាំងអ្នកនយោបាយប្រឆាំងចូលរួមការបោះឆ្នោត។ មនុស្សជាច្រើន ត្រូវបានចាប់ខ្លួនរួចក៏ដោះលែងវិញ ខណៈអ្នកខ្លះទៀតប្រឈមមុខទោសទណ្ឌធ្ងន់ធ្ងរ។ នៅថ្ងៃបោះឆ្នោតទី៨ ខែកញ្ញា ប៉ូលិសរុស្ស៊ីក៏បានឃាត់ខ្លួនបុគ្គលសំខាន់ៗមួយចំនួនទៀតផងដែរ។
គណបក្សប្រឆាំង បានអំពាវនាវឲ្យប្រជាជនរុស្ស៊ីដាក់ទោសវិមានក្រេមឡាំង និងសម្ព័ន្ធមិត្តលោក ពូទីន ដែលឈរឈ្មោះក្រោមបក្សរួបរួមរុស្ស៊ី។ បើតាមទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំប្រឆាំងដ៏ធំនៅរុស្ស៊ី Alexei Navalny និយាយក្រោយការបោះឆ្នោតថា ការបោះឆ្នោតនេះ ជាការប្រយុទ្ធប្រឆាំងការគ្រប់គ្រងរុស្ស៊ីផ្ដាច់មុខ។ ដ្បិតសម្ព័ន្ធមិត្តជាច្រើន ត្រូវបានផាត់ចេញពីការបោះឆ្នោតនេះ លោក Navalny បានអំពាវនាវឲ្យប្រជាជនរុស្ស៊ីនាំគ្នាបោះឆ្នោតឲ្យបេក្ខជនផ្សេងដែលមានសង្ឃឹមខ្ពស់វិញ។
លោក ពូទីន ឯណោះវិញ បានទាត់ចោលក្ដីបារម្ភរបស់បក្សប្រឆាំងជុំវិញការហាមប្រាមបេក្ខជនរបស់ពួកគេក្រោមហេតុផលភាពមិនប្រក្រតី ហើយអវត្តមានរបស់ពួកគេ ទំនងមិនមែនជាបញ្ហាអ្វីឡើយ។ និយាយទៅកាន់អ្នកសារព័ត៌មានក្រោយបោះឆ្នោតរួចនៅឯមណ្ឌលបណ្ឌិត្យសភាវិទ្យាសាស្ត្រក្នុងទីក្រុងមូស្គូ មេដឹកនាំវ័យ៦៦ឆ្នាំដែលដឹកនាំរុស្ស៊ីចូលដល់ទសវត្សរ៍ទីបីហើយនោះ បញ្ជាក់ថា គុណភាពសំខាន់ជាងបរិមាណ។
បើតាមលទ្ធផលដំបូង បេក្ខជនមាននិន្នាការរកវិមានក្រេមឡាំងទទួលសំឡេងនាំមុខច្រើននៅតំបន់ខាងកើតប្រទេសដូចជា Zabaikalsky និង Sakhalin ជាដើម។ នៅទីក្រុងធំទីពីរ Saint Petersburg វិញ ការបោះឆ្នោតជ្រើសរើសអភិបាល និងក្រុមប្រឹក្សាក្រុមក៏ស្ថិតក្រោមការតាមដានដែរ ដោយចៅហ្វាយក្រុងស្ដីទី Alexander Beglov ដែលជាសម្ព័ន្ធមិត្តលោក ពូទីន រំពឹងទទួលបានការគាំទ្រលើសលប់ដើម្បីបញ្ចៀសការបោះឆ្នោតជុំទីពីរ៕
Tag:
រុស្ស៊ី
វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com