ONE Championship
កីឡាជាតិ
ជាតិ
ឡៅ ចិ​ត្រា ប៉ះ​ឡុង ជិន វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ជា​ជំនួប​ត្រៀម​ទៅ​ស៊ី​ហ្កេ​ម​ចុង​ឆ្នាំនេះ​
09, Sep 2019 , 11:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​អ្នកលេង​គុន​ខ្មែរ​ជើង​ខ្លាំង ឡៅ ចិ​ត្រា មកពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ត្រូវ​ប៉ះ ឡុង ជិន មកពី​ក្លិប ខ្លារខិន​មាន​រិ​ទ្ធ នា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ប្រដាល់​អធិរាជ​គុន​ខ្មែរ ISI PALM​នៅ​ថ្ងៃទី​១៥ ខែកញ្ញា មុន​ជំនួប សុខ វិ​ន និង លន បញ្ញា នៅ​៧​ថ្ងៃ​បន្ទាប់​។ អ្នកឈ្នះ​នឹង​ឡើងទៅ​ជួបគ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ មាស អមដោយ​ប្រាក់រង្វាន់ ៤០​លាន​រៀល​។



​ឡៅ ចិ​ត្រា ដែល​ចាញ់​ពិន្ទុ Superlek Kiatmoo9 កាល​ពាក់​កណ្ដាលខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ​នៅ​សង្វៀន​កម្រិត​អន្តរជាតិ  One Championship នា​ប្រទេស​ថៃ​បាន​ថ្លែង​នាពេល​កន្លងទៅ​ថ្មីៗ​ថា រូបគេ​យក​ការហ្វឹកហាត់​ត្រៀម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ នៅ​ភី​អិន​អិន និង ការប្រកួត​អន្តរជាតិ​នានា​នៅក្នុង​ស្រុក​ជា​ទុន​សម្រាប់​ទៅ​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ ២០១៩​។ ក្នុងដំណាក់កាល​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​កម្មវិធី​អធិរាជ​គុន​ខ្មែរ បន្ទាប់ពី ឡៅ ចិ​ត្រា វាយ​កីឡាករ​ប្រដាល់ កង​ស្យាម របស់​ថៃ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​២​។



​ឡៅ ចិ​ត្រា ដែលជា​ប្អូនបង្កើត​របស់ ឡៅ ស៊ី​ណាត និង ឡៅ ចន្ទ្រា បានដាក់​គោលដៅ​ដើរ​តាម​គន្លង​របស់​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ ២០១៧ ដើម្បី​ដណ្ដើម​មេដាយមាស​ជូន​ជាតិ​មាតុភូមិ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ចុងឆ្នាំ​នេះ​នៅ​ប្រទេស​ហ្វីលីពីន​។ ការតាំង​ចិត្ត​នេះ​បន្ទាប់ពី​រូបគេ​ទទួល​មេដាយ​សំរឹទ្ធ​រួចមកហើយ​នៅ​ស៊ី​ហ្គេម​ឆ្នាំ ២០១៧ ហើយ គេ​ក៏បាន​រៀនសូត្រ​ជាច្រើន​ពី​ជ័យជម្នះ និង បរាជ័យ​កន្លងមក​ដែរ​។ កូនសិស្ស​ក្លិប​ឆត្រយោង​៩១១ បាន​បង្ហើប​រឿង​សោកស្ដាយ​ថា ៖« ខ្ញុំ​បាន​មេដាយ​សំរឹទ្ធ​កាល​ស៊ី​ហ្គេម​កន្លងទៅ និង មិនគួរ​ចាញ់​កីឡាករ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ទេ​។ ខ្ញុំ​ស្ដាយ​ណាស់​»​។ 

​ក្រៅពី​សោកស្ដាយ​នៅ​ស៊ី​ហ្គេម កូនសិស្ស​របស់លោក ហង្ស ស៊ឺន ថ្លែង​សារ​មិនគួរ​ឲ្យ​ជឿ​ទៀតថា​៖«​ខ្ញុំ​បាន​រៀន​ពី Superlek កាល​ប្រកួត​នៅ​សង្វៀន ONE Championship​។ ខ្ញុំ​ស្ដាយ​ណាស់ និង ខឹង​ចិត្ត​ខ្លួនឯង​ទៀតផង​ដែល​វ៉ៃ​គេ​មិន​ចូល​សូម្បី​តែមួយ​ដៃ​។ គេ​រហ័ស​ណាស់ គេច​លឿន និង រឹង​ទៀតផង​។ ប៉ុន្តែ​នេះ​ជា​រឿង​ដែល​ខ្ញុំ​អាច​រៀនសូត្រ​តាម​ដើម្បី​ប្រកួត​តំណាង​ជាតិ​ក្នុង​កម្មវិធី Kickboxing  នៅ​ស៊ី​ហ្គេម​»​។

​វីដេអូ​៖ ឡៅ ចិ​ត្រា ប្រកួត Superlek

https://www.onefc.com/videos/lao-chetra-vs-superlek-kiatmoo9-2/

​ចិ​ត្រា បាន​រៀបរាប់ថា រូបគេ​ខិតខំ​ប្រឹងប្រែង​ឲ្យ​ខ្លាំង​ដើម្បី​ទៅ​ចូល​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន និង ប្រឹង​ខ្លាំង​ជាង​ស៊ី​ហ្គេម កាល​ឆ្នាំ ២០១៧​ទៅទៀត​។  ចិ​ត្រា ចង់​ឈ្នះ​មេដាយមាស និង សាង​ប្រវត្តិសាស្ត្រ​ជូន​កម្ពុជា ដូច ឃុន ឌី​ម៉ា ដែលមាន​ក្បាច់​បម្លាស់​ទី​ល្អ ប្រយុទ្ធ​ល្អ និង ក្បាច់​ការពារ​ល្អ​ថែម​ទៀតផង​។  កីឡាករ​វ័យ​២១​ឆ្នាំ​កម្ពុជា​នៅ​ចង​ចាំបាន​ថា ការប្រកួត​ទល់នឹង​កីឡាករ​ម្ចាស់ផ្ទះ Ain Bin គឺ​ពិន្ទុ​ដូច​មិន​លើសខ្វះ​គ្នា​ទេ ហើយ ក៏​មិនគួរ​ចាញ់​ដែរ ព្រោះ​រូបគេ​ដើរ​សម្រុកចូល​វ៉ៃ​រហូត​។ បែបណាក៏ដោយ វា​ជា​រឿង​កន្លងផុត ប៉ុន្តែ​រូបគេ​បាន​រៀនសូត្រ​ពីបទ​ពិសោធន៍​និង​ធ្វើ​ឲ្យ​ល្អ​នៅ​ឆ្នាំ ២០១៩ នៅ​ស៊ី​ហ្គេម​។

​គួរ​ដឹងថា កាល​ស៊ី​ហ្គេម ២០១៧ នៅ​ម៉ាឡេស៊ី  ឃីម ឌី​ម៉ា ឈ្នះ​មេដាយមាស​តែមួយគត់​ក្នុង​វិញ្ញាសា Kickboxing ជូន​កម្ពុជា បន្ទាប់ពី ឈ្នះ កីឡាករ​ថៃ Chonlawit ខណៈដែល ឡៅ ចិ​ត្រា ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង ទទួលបាន​ត្រឹម​មេដាយ​សំរឹទ្ធ ក្រោយ​ចាញ់ Ain Bin Kamaprudin ដោយ​ពិន្ទុ​។

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​៕

© រក្សាសិទ្ធិដោយ thmeythmey.com