ជាតិ
បាក់ឌុប
សូមចូលរួមត្រេកអរ! សិស្សពិការភ្នែក៤នាក់នៅភ្នំពេញថ្មី ជាប់បាក់ឌុបនិទ្ទេស C, D និង E
× ភ្នំពេញ៖ សិស្សពិការភ្នែកចំនួន ៤នាក់ នៃវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មី ដែលស្នាក់នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី (គ្រួសារថ្មី) បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយទទួលបាននិទ្ទេស C, D និងE។ បើតាមលោក អ៊ុច ប៊ុនធឿន នាយករងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី (គ្រួសារថ្មី) បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖ «លទ្ធផលនេះ ជាប្រវត្តិសាស្ត្ររបស់សិស្សពិការនៃអង្គការគ្រួសារថ្មី ព្រោះឆ្នាំនេះមានសិស្សជាប់និទ្ទេសល្អ (C)។ ជាពិសេសពួកគាត់ បានប្រឡងទាំងអស់គ្នា»។
បេក្ខជនពិការភ្នែកទាំងសងខាងចំនួន ៤នាក់ នៃវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មី បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់វិទ្យាសាស្ត្រសង្គម) នាសម័យប្រឡង ១៩ សីហា ២០១៩។ បេក្ខជនពិការភ្នែកទាំង ៤នាក់ ដែលប្រឡងនៅមណ្ឌលវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រួមមាន យុវតី សឿង ស៊ីណា ជាប់និទ្ទេស C, យុវជន ផន ភាន់ ជាប់និទ្ទេស D, យុវជន សូ សៀមសុខឃីម ជាប់និទ្ទេស D និងយុវជន មុត សុជាតិ ជាប់និទ្ទេស E។ ក្នុងចំណោមបេក្ខជនប្រឡងជាប់ទាំងអស់នេះ បេក្ខជនម្នាក់ មានបំណងរៀនជំនាញទំនាក់ទំនងអន្តរជាតិ និងម្នាក់ទៀត រៀនជំនាញអក្សរសាស្ត្រខ្មែរ។
លោក អ៊ុច ប៊ុនធឿន នាយករងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី (គ្រួសារថ្មី) ដែលគ្រប់គ្រងសិស្សពិការភ្នែកទាំង៤នាក់នេះ បានបញ្ជាក់ថា៖ «សិស្សពិការភ្នែកទាំងនេះ មានការខិតខំប្រឹងប្រែងរៀនសូត្រដូចសិស្សធម្មតា ហើយមានបំណងរៀនបន្តនៅសាកលវិទ្យាល័យ»។ បើតាមលោក អ៊ុច ប៊ុនធឿន ក្រៅពីសិក្សានៅវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មី សិស្សពិការភ្នែក៤នាក់ បានសិក្សាបន្ថែមនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី(គ្រួសារថ្មី) ដែលជាកន្លែងស្នាក់នៅរបស់ពួកគេ។
(សិស្សពិការភ្នែក ផន ភាន់ ប្រឡងជាប់និទ្ទេស D)
ក្រោយដឹងលទ្ធផលជាប់និទ្ទេស D យុវជន ផន ភាន់ បានបង្ហោះសារលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះ៖ «សែនសប្បាយចិត្តត្បិតអីរូបខ្ញុំ នៅក្នុងអារម្មណ៍សប្បាយម្លេះទេ កូនបានជាប់ហើយអស់ឱអ្នកម៉ែ កូនអរម្លេះទេនៅក្នុងចិន្តា។ កូនសូមអរគុណដល់អ្នកម្ដាយថ្លៃ ឪពុកប្រពៃដ៏ល្អស្រស់ថ្លា ដែលបានអោយកូនតស៊ូសិក្សា ឥឡូវនេះណាកូនជោគជ័យហើយ និងសូមអរគុណលោកគ្រូអ្នកគ្រូ ដែលតែងគិតគូរដល់ខ្ញុំឥតស្បើយ តែងតែបង្រៀនខ្ញុំមិនហត់ឡើយ ខ្ញុំអរគុណហើយលោកគ្រូអ្នកគ្រូ។ ខ្ញុំសូមជូនពរដល់ម្ដាយឪពុក សូមអោយបានសុខដកអង្វែងយូរ និងសូមជូនពរលោកគ្រូអ្នកគ្រូ អាយុយឿនយូរតរៀងទៅអើយ»។
(សិស្សពិការភ្នែក មុត សុជាតិ ប្រឡងជាប់និទ្ទេស E)
ចំណែកយុវជន មុត សុជាតិ ដែលជាប់និទ្ទេស E វិញ ក៏បង្ហាញអារម្មណ៍សប្បាយរីករាយតាមរយៈហ្វេសប៊ុកផងដែរ។ សុជាតិ បានសរសេរលើហ្វេសប៊ុកថា៖ «ទីបំផុតខ្ញុំអាចធ្វើបានសូមអរគុណលោកគ្រូអ្នកគ្រូដែលបានខិតខំបង្រៀនកូនរយៈពេល12ឆ្នាំនេះហើយសូមអរគុណមិត្តភក្ដិតាំងពីអនុនិងវិទ្យាល័យដែលតែងតែជួយ support នៅក្នុងថ្នាក់ដូចជាជួយហៅមេរៀនជាដើមសង្ឃឹមថាមិត្តភាពពួកយើងមិនចប់ដូចថ្នាក់រៀនទេ»។
(សិស្សពិការភ្នែក សឿង ស៊ីណា ប្រឡងជាប់និទ្ទេស C)
លោក អ៊ុច ប៊ុនធឿន បានចាត់ទុកលទ្ធផលរបស់បេក្ខជនពិការភ្នែកទាំង ៤នាក់នេះ ជាប្រវត្តិសាស្ត្រ។ នាយករងរូបនេះ អះអាងថា៖ «លទ្ធផលនេះ ជាប្រវត្តិសាស្ត្ររបស់សិស្សពិការនៃអង្គការគ្រួសារថ្មី ព្រោះឆ្នាំនេះមានសិស្សជាប់និទ្ទេសល្អ (C)។ ជាពិសេសពួកគាត់ បានប្រឡងទាំងអស់គ្នា»។
សូមបញ្ជាក់ថា បេក្ខជនពិការភ្នែកទាំង៤នេះ គឺប្រើការសរសេរដោយការចុច និងស្ទាបអក្សរ។ ដោយឡែក សម្រាប់ដំណើរការនៃការប្រឡងវិញ គឺអនុរក្ស បានហៅប្រធានវិញ្ញាសាដល់បេក្ខជន ដើម្បីដោះស្រាយលំហាត់នីមួយៗ៕
(សិស្សពិការភ្នែក សូ សៀមសុខឃីម ប្រឡងជាប់និទ្ទេស D)
Tag:
បាក់ឌុប
ពិការភាព
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com