រដ្ឋមន្ត្រី​អប់រំ ៖​ការប្រឡង​ពុំមែន​ជាការ​កំណត់​វាសនា​រប​ស់​បេក្ខជន​ទេ ប៉ុន្តែ​ជា​ការវាស់ស្ទង់​សមត្ថភាព​
ជាតិ
បាក់ឌុប
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ ៖​ការប្រឡង​ពុំមែន​ជាការ​កំណត់​វាសនា​រប​ស់​បេក្ខជន​ទេ ប៉ុន្តែ​ជា​ការវាស់ស្ទង់​សមត្ថភាព​
10, Sep 2019 , 1:11 pm        
រូបភាព
ភ្នំពេញ​៖ ជាថ្មី​ម្ដងទៀត រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅតែ​អះអាងថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩​នេះ កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​របស់​សិស្ស ហើយក៏​គ្មាន​ការបន្ធូរបន្ថយ​វិញ្ញាសា​ប្រឡង​ដែរ​។ សម្រាប់​រដ្ឋមន្ត្រី​អប់រំ ការប្រឡង​ពុំមែន​ជាការ​កំណត់​វាសនា​រប​ស់​បេក្ខជន​ទេ ប៉ុន្តែ​ជា​ការវាស់ស្ទង់​សមត្ថភាព និង​ជំរុញ​ឱ្យ​ពួកគេ​ខិតខំ​ប្រឹងប្រែង​ទៅមុខ​។​

 
​ការចេញ​វិញ្ញាសា​ប្រឡង ពុំមាន​ពាក្យ​ថា «​វិញ្ញាសា​ស្រួល ឬ​វិញ្ញាសា​លំបាក​» ឡើយ​។ នេះ​ជា​អះអាង​របស់​រដ្ឋមន្ត្រី​អប់រំ​លោក ហង់ ជួន ណា​រ៉ុ​ន ដែល​បាន​បន្ថែមថា ការចេញ​វិញ្ញាសា​ប្រឡង គឺ​អនុលោម​ទៅតាម​ការវាស់ស្ទង់​សមត្ថភាព​សិស្ស ក្នុងអំឡុងពេល​នៃ​ការសិក្សា ដោយ​វិធីសាស្ត្រ «Bloom Taxonomy» និង​ការពិចារណា និង​ពិភាក្សា​ដោយ​យកចិត្តទុកដាក់ ពី​សំណាក់​សាស្ត្រាចារ្យ និង​មន្ត្រី​អប់រំ​ជាន់ខ្ពស់​។ បើតាម​រដ្ឋមន្ត្រី​អប់រំ វិញ្ញាសា​ប្រឡង​កន្លងមក ត្រូវបាន​ជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន ពី​ក្នុង​មេរៀន​នៃ​កម្មវិធីសិក្សា​គោល​របស់​ក្រសួង​។​
 
​សារលិខិត​របស់លោក ហង់ ជួន ណា​រ៉ុ​ន ក្រោយ​ចេញ​លទ្ធផល​ប្រឡង ផ្ញើជូន​បេក្ខជន​ប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​១០ កញ្ញា​នេះ បាន​សរសេរ​ដូច្នេះ​ថា​៖«​សូម​បេក្ខជន​ទាំងអស់​ចងចាំ​ថា លទ្ធផល​នៃ​ការប្រឡង​នេះ ឆ្លុះបញ្ចាំង​នូវ​សារៈសំខាន់​បីយ៉ាង​គឺ​ទី​១ អ្នកចេះ​គឺជា​ប់ ,​ទី​២ ការប្រឡង​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌ តម្លាភាព គោលការណ៍​ច្បាប់ និង​លទ្ធផល​ទទួលយកបាន និង​ទី​៣ លទ្ធផល​នៃ​ការប្រឡង​ពុំមែន​ជាការ​កំណត់​វាសនា​រប​ស់​បេក្ខជន​ទេ​។ ប៉ុន្តែ​គឺជា​ការវាស់ស្ទង់​សមត្ថភាព និង​ជំរុញឱ្យមាន​ការខិតខំ​ប្រឹងប្រែង​បន្ត​ទៅមុខទៀត​»​។  
 
​បើតាម​រដ្ឋមន្ត្រី​អប់រំ ដំណើរការ​ប្រឡង​ជាការ​អនុ​លោក​កម្ម ទៅតាម​នីតិវិធី​បច្ចេក​ទេស គោលការណ៍​ច្បាប់ រចនាសម្ព័ន្ធ​ការងារ និង​ការរក្សា​ការសម្ងាត់​។ «​ជោគជ័យ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅក្នុង​ឆ្នាំនេះ ក៏ដូចជា​ឆ្នាំកន្លងមក ពិតជា​បានធ្វើឱ្យ​សិស្សានុសិស្ស កាន់តែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​សិក្សា​ស្រាវជ្រាវ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ជួន ណា​រ៉ុ​ន ដែល​លើកទឹកចិត្ត​ឱ្យ​សិស្ស​ប្រឡង​ធ្លាក់​ឆ្នាំនេះ បន្ត​ការសិក្សា និង​ខិតខំ​រៀនសូត្រ​នៅ​ឆ្នាំក្រោយ​ទៀត​។​
 
​លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩​នេះ បាន​បង្ហាញថា  សិស្ស​ដែល​ប្រឡង​ជាប់​មាន​ចំនួន ៧៩ ០៥២​នាក់ ត្រូវជា ៦៨.៦២​ភាគរយ ក្នុងចំណោម​បេក្ខជន​ប្រឡង​១១៧ ០២៤​នាក់ (​ស្រី​៦០ ៤២១​នាក់​)​។​ក្នុងនោះបេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ និទ្ទេស B មាន​ចំនួន ២ ៤៣០​នាក់ និទ្ទេស C មាន​ចំនួន ៥ ៨៤៧​នាក់​។ ចំណែកឯ​និទ្ទេស D មាន​ចំនួន ១៤ ១០០​នាក់ និង​និទ្ទេស E មាន​ចំនួន ៥៦ ២៣២ នាក់​។​
 
​គួរ​បញ្ជាក់ថា អ្នក​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៨ មាន ៧៦ ០៣៤​នាក់ ត្រូវជា ៦៧.០៧​ភាគរយ ក្នុងនោះ និទ្ទេស A មាន​ចំនួន​៤០៨​នាក់ និទ្ទេស B ចំនួន ២ ២២២​នាក់ និទ្ទេស C ចំនួន ៦ ០៤១​នាក់ និទ្ទេស D ចំនួន​១៥ ១៨០​នាក់ និង​និទ្ទេស E ចំនួន ៥២ ១៨៣​នាក់​។ លទ្ធផល​បាក់​ឌុប​ឆ្នាំ​២០១៨​នេះ ត្រូវបាន​ប្រកាស​រហូត​ដល់​ទៅ​ពីរលើក ដោយសារ​មានការ​តវ៉ា​ពី​ក្រុមសិស្ស​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកំពត​ដែល​ច្បាស់លាស់​នឹង​សំណេរ​របស់ខ្លួន​។ ក្រោយ​ការតវ៉ា គណៈកម្មការ​ជំនាញ បាន​រកឃើញថា ដំណើរការ​បូក​ស្រង់​ពិន្ទុ តាម​ប្រព័ន្ធ​កុំព្យូទ័រ មាន​បញ្ហា​បច្ចេកទេស​ទាក់ទង​នឹង​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​ថ្នាក់​វិទ្យាសាស្ត្រ​៕
 

Tag:
 ​ហង់ ជួន ណា​រ៉ុ​ន​
  អប់រំ​
  បាក់​ឌុប​២០១៩
© រក្សាសិទ្ធិដោយ thmeythmey.com