អន្តរជាតិ
បុរស​មាន​ជាងគេ​ប្រចាំ​ហុងកុង ប្រាប់​រដ្ឋាភិបាល​ឲ្យ​មាន​ក្ដីមេត្តា​ចំពោះ​អ្នក​តវ៉ា​
10, Sep 2019 , 9:19 pm        
រូបភាព
លោក លី កាស៊ីង មហាសេដ្ឋីហុងកុង (Bloomberg)
លោក លី កាស៊ីង មហាសេដ្ឋីហុងកុង (Bloomberg)
ដោយ:
​លោក លី កាស៊ី​ង (Li Ka Shing) បុរស​មាន​ដាច់​គេ​ប្រចាំ​ក្រុង​ហុងកុង បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​មានការ​ប្រោសប្រណី​មេត្តា​ចំពោះ​ក្រុមយុវជន​ដែល​ធ្វើ​សកម្មភាព​តវ៉ា​។ ការស្នើសុំ​ជា​សាធារណៈ​នេះ ធ្វើឡើង​ក្រោយពី​សកម្មភាព​តវ៉ា​ឈានដល់​សប្តាហ៍​ទី​១៤​។​



​កាន់កាប់​អាណាចក្រ​ជំនួញ​ក្នុង​ទីក្រុង ហុងកុង លោក លី កាស៊ី​ង នៅ​ថ្ងៃទី​៨ ខែកញ្ញា បានស្នើ​ឲ្យ​មានការ​ផ្សះផ្សា​គ្នា​រវាង​រដ្ឋាភិបាល និង​ក្រុមបាតុករ ខណៈ​ការតវ៉ា​សប្តាហ៍​ថ្មី​ទៀត កាន់តែ​ចរិត​ហិង្សា​ខ្លាំង​ឡើង​។ គិត​ត្រឹម​ខែ មិថុនា ឆ្នាំ ២០១៩ លោក លី ជា​បុគ្គល​មាន​បំផុត​លំដាប់​ទី​៣០​លើ​ពិភពលោក ជាមួយ​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៩,៤​ពាន់​លាន​ដុល្លារ​។

«​ប្រសិនបើ​វា​នៅតែ​បន្ត ស្ថានការណ៍​នឹង​កាន់តែ​អាក្រក់​ខ្លាំង​ឡើងៗ​។ គិតដល់​រឿងនេះ ខ្ញុំ​ព្រួយបារម្ភ​ជាខ្លាំង​»​។ មហាសេដ្ឋី​ហុងកុង​វ័យ ៩១​ឆ្នាំ​រូបនេះ និយាយ​បែបនេះ អំឡុង​កម្មវិធី​មួយ វិហារ​សាសនាព្រះពុទ្ធ Tsz Shan ។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Bloomberg លោក លី សង្ឃឹមថា យុវជន​ជំនាន់​ក្រោយ អាច​គិតគូរ​ឲ្យ​ស៊ីជម្រៅ​អំពី​អនាគត​ពួកគេ និង​ទីក្រុង ហើយ​រដ្ឋាភិបាល ក៏​អាច​មានធម៌​មេត្តា​លើ​ក្រុម​តវ៉ា​ទាំងនោះ​ផងដែរ​។​

​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ក្រុមបាតុករ​មួយ​ក្តាប់​តូច បាន​បង្កចលាចល​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​ហុងកុង ដោយ​ដុត​ភ្លើង វាយកម្ទេច និង​ដាក់​របង​រារាំង​កម្លាំង​សមត្ថកិច្ច​។ សកម្មភាព​ហិង្សា​នេះ កើតឡើង​ក្រោយពី​ក្រុមអ្នកតវ៉ា​រាប់ម៉ឺន​នាក់ បាន​ប្រមូលផ្តុំ​នៅមុខ​ស្ថាន​កុងស៊ុល​អាមេរិក​ប្រចាំ​ទីក្រុង​ហុងកុង ដោយ​ទាមទារ​ឲ្យ​មានការ​អន្តរាគមន៍​ពី​សំណាក់​ក្រុង​វ៉ាស៊ីនតោន​។

​សូម​រំលឹក​ដែរ​ថា លោកស្រី ការី ឡាំ ប្រធាន​ប្រតិបត្តិការ​ប្រចាំ​ក្រុង ហុងកុង កាលពី​សប្តាហ៍​មុន បានប្រកាស​ដក​សេចក្តីព្រាងច្បាប់​បត្យាប័ន​ជា​ផ្លូវការ ។ សំណើ​ច្បាប់ ដែល​នឹង​បើកផ្លូវ​ការធ្វើ​បត្យាប័ន​ឧក្រិដ្ឋជន​ពី​ហុងកុង ទៅ​ចិនដីគោក​នេះហើយ ជាដើម​ចម​នៃ​ការផ្ទុះ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​លោកស្រី ការី ឡាំ កាលពីដើម​ខែមិថុនា​ម​ក​។ ប៉ុន្តែ​ការតវ៉ា​នេះ​បាន​រីកធំឡើង ដោយ​ក្រុមបាតុករ​ទាមទារ​ឲ្យ​លោកស្រី ការី ចុះ​ចេញពី​តំណែង និង​ពួកគេ​មាន​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​សាកល​ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com