កីឡាអន្តរជាតិ
អន្តរជាតិ
Giggs សរសើរ James មិន​ដាច់​ពី​មាត់ ក្រោយ​ស៊ុត​១​គ្រាប់​ជួយ​វេ​លស៍​ឈ្នះ​បេឡា​រុស​
10, Sep 2019 , 3:54 pm        
រូបភាព
​លោក Ryan Giggs វីរបុរស​ក្រុម Manchester United និង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វេ​លស៍​បាន​សាទរ​ចំពោះ​ទេពកោសល្យ​របស់​ខ្សែបម្រើ​ស្លាប​វ័យក្មេង Daniel James បន្ទាប់ពី​រូបគេ​បង្ហាញ​ភាពលេច​ធ្លោ​តាមរយៈ​ការ​ស៊ុត​បាល់​កោង​បញ្ចូល​ទី​ជួយ​ឲ្យ​វេ​លស៍​យកឈ្នះ​បេឡា​រុស ១-០​។



​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ នា​ឯ​កីឡដ្ឋាន Cardiff City នៅ​រាត្រី​ថ្ងៃទី​៩ ខែកញ្ញា James កីឡាករ​ចំណូល​ថ្មី​របស់​បិសាច​ក្រហម ជា​អ្នកសម្រេច​ទីមួយ​គ្រាប់ និង​ជា​គ្រាប់​បាល់​ដ៏​ល្អ​ក្នុងជំនួប​នោះ ដើម្បី​ជួយ​វេ​ល៍​យកឈ្នះ​បេឡា​រុស​។​

​ខ្សែបម្រើ​វ័យ​២១​ឆ្នាំ ត្រូវបាន​អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjær ទិញ​ចូលមក​កាន់ Old Trafford ពី​ក្រុម Swansea City នៅ​ដើមរដូវ​កាល​នេះ ហើយ​អាច​រកបាន​៣​គ្រាប់ ក្នុង​បង្ហាញខ្លួន​៤​លើក​សម្រាប់ Man Utd​។​

​តាមពិតទៅ Giggs គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វេ​ល៍ បានអនុញ្ញាត​ឲ្យ James ឈប់សម្រាក​ដែរ ដ្បិត​ជាការ​ប្រកួត​មិត្តភាព ដើម្បី​ទុក​ជើង​លេង​ជម្រុះ Euro 2020 ប៉ុន្តែ​រូបគេ​ចចេស​ចង់​លេង​។​



Giggs បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី James ក្រោយ​ការប្រកួត​ថា​៖«​វា​ពិបាក​ដែរ​នៅពេល​យើង​ចង់​ឲ្យ​គាត់ (James) សម្រាក ប៉ុន្តែ​គាត់​ចង់​លេង​។ នៅពេល​អ្នកមាន​ទម្រង់​លេង​ដូច​គាត់​គឺ​កីឡាករ​គ្រាន់តែ​ចង់​លេង និង​រក​គ្រាប់​បាល់​ឲ្យ​បាន​ប៉ុណ្ណោះ​។ ប៉ុន្តែ​គាត់​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​។ រាល់​ពេលដែល​គាត់​បាន​បាល់ មាន​អ្នកគាំទ្រ​ជាច្រើន​សម្លឹង​ទៅ​គាត់ ដោយ​រំពឹងថា​គាត់​អាចធ្វើ​អ្វី​ខុសពី​កីឡាករ​ដ៏​ទៃ​នៅលើ​ទីលាន​។ គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ រួមទាំង​ពេល​ហ្វឹកហាត់​។ គាត់​ចង់​លេង​ពិតជា​ចង់​លេង​ខ្លាំងណាស់​»​។​

​ដោយឡែក James ក៏បាន​អះអាង​ខ្លួនឯង​ដែរ​ថា​រូបគេ​ស្រឡាញ់​បាល់ទាត់​ខ្លាំងណាស់ ហើយ​ចង់​លេង​គ្រប់​នាទី ខណៈដែល​ខ្លួន​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​សម្រាប់​ក្រុម និង​ជម្រើសជាតិ​នៅ​រដូវ​កាល​នេះ​។ James ប្រាប់ Sky Sports ដូច្នេះ​។​

James ត្រូវមាន​ភារកិច្ច​ក្នុង​វគ្គ​ជម្រុះ Euro 2020 ចំនួន​ពីរ​ប្រកួត​ទៀត ពោលគឺ​នៅ​រាត្រី​ថ្ងៃទី​១០ ខែកញ្ញា​នេះ​ក្នុងជំនួប​វេ​ល៍​ទល់នឹង​ស្លូ​វ៉ា​គី និង​បី​ថ្ងៃ​បន្ទាប់​ត្រូវ​ស្វាគមន៍​ក្រូ​អាស៊ី​៕


Tag:
 Euro 2020
  Daniel James
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com