ជាតិ
បាក់ឌុប
ជ័យលាភី​បាក់​ឌុប និទ្ទេស A ទាំង​៦​រូប នៅ​កំពង់ស្ពឺ សុទ្ធតែ​សិស្សស្រី
10, Sep 2019 , 4:17 pm        
រូបភាព
​ភ្នំពេញ​៖ លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ បាន​បង្ហាញថា​ខេត្តកំពង់ស្ពឺ ទទួលបាន​សិស្ស​និទ្ទេស​ចំនួន ៦​នាក់ ដែលជា​នារី​ទាំងអស់​។ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា នេះ​ជា​មោទកភាព សម្រាប់​ខេត្តកំពង់ស្ពឺ ដែលមាន​សិស្សស្រី​ជាប់​និទ្ទេស A រហូតដល់​៦​នាក់​។ បើតាម​អភិបាលខេត្ត​កំពង់ស្ពឺ ជ័យលាភី​និទ្ទេស A​ទាំងនេះ នឹង​ទទួលបាន​រង្វាន់​ម៉ូតូ Zoomer X ម្នាក់​មួយគ្រឿង នៅ​ព្រឹក​ថ្ងៃទី ១៣ កញ្ញា​នេះ នា​សាលាខេត្ត​កំពង់ស្ពឺ​។​



​យុវតី ៦​រូប បាន​ឈរ​តំណែង​ជា​ជ័យលាភី​និទ្ទេស A ទូទាំង​ខេត្តកំពង់ស្ពឺ​។ តាមរយៈ​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ ខេត្តកំពង់ស្ពឺ ទទួលបាន​សិស្ស​ចំនួន ៦​នាក់ ដែលជា​សិស្សស្រី​។ លទ្ធផល​របស់​ខេត្តកំពង់ស្ពឺ ខុសប្លែក​ពី​ខេត្ត​ដទៃ ដែលមាន​សិស្ស​និទ្ទេស A ទាំងប្រុស និង​ស្រី​។

​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​ខ្ញុំ​មាន​មោទកភាព​។ សម្រាប់​ខ្ញុំ​ឲ្យ​តែ​សិស្ស​កំពង់ស្ពឺ ប្រឡង​ជាប់​ខ្ញុំ​សប្បាយចិត្ត ហើយ​រហូតដល់​ជាប់​និទ្ទេស A គឺ​រឹតតែ​ប្រសើរ​ទៀត​។ អ្វីដែល​នឹកស្មាន​មិន​ដល់ គឺ​នារី​ទាំងអស់​»​។ លោក វ៉ី សំណាង បន្ថែមថា នៅ​ព្រឹក​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ នឹង​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ម៉ូតូ Zoomer X ជូន​សិស្ស​និទ្ទេស A​។

​សូម​ស្ដាប់​សំឡេង​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​៖




​អភិបាលខេត្ត​កំពង់ស្ពឺ អះអាងថា លទ្ធផល​របស់​សិស្ស​និទ្ទេស A បាន​ជួយ​លើក​កិត្តិយស​មុខមាត់​ខេត្តកំពង់ស្ពឺ​បន្ថែមទៀត​។ បើតាម​លោក វ៉ី សំណាង តាមរយៈ​លទ្ធផល​នេះ នឹង​ពញាក់​ស្មារតី​សិស្ស​នារី​ផ្សេងៗ ដែល​គិតថា​ខ្លួន​វិល​ចង្ក្រាន​មិន​ជុំ​។

​សិស្ស​និទ្ទេស A នារី ទាំង ៦​នាក់​នៅ​ខេត្តកំពង់ស្ពឺ រួមមាន យុវតី ទូច វុ​ច​ហ៊ួ និទ្ទេស A មកពី​វិទ្យាល័យ​ត្រែងត្រយឹង​, យុវតី ហង់ សុខ​ខេង និទ្ទេស A មកពី​វិទ្យាល័យ​សម្ដេចឪ​ម៉ែ​បសេដ្ឋ​, យុវតី ម៉ុក ច័ន្ទ​ម៉ូ​លីន​ដា និទ្ទេស A មកពី​វិទ្យាល័យ​កំពង់ស្ពឺ​, យុវតី ភេ​ម ដា​ណេ និទ្ទេស A មកពី​វិទ្យាល័យ​កំពង់ស្ពឺ យុវតី ចេស្ដា ហួត​នី​តា និទ្ទេស A មកពី​វិទ្យាល័យ ហ៊ុន សែន អន្លង់​ជ្រៃ និង​យុវតី ហ៊​ន មិថុនា និទ្ទេស A មកពី​វិទ្យាល័យ​ឧដុង្គ​។ សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ ខេត្តកំពង់ស្ពឺ ទទួលបាន​សិស្ស​និទ្ទេស A ចំនួន ៣​នាក់​៕


Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com