អន្តរជាតិ
អតីតប្រមុខការពារជាតិអាមេរិក៖ អាមេរិកគួរឈរខាងក្រុមបាតុករហុងកុង
×
ដោយ៖ ងួន សុភាវត្តី
អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ជេម ម៉ាធីស បាននិយាយនៅថ្ងៃទី៩ ខែកញ្ញា ថា បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅហុងកុងមិនមែនជាកិច្ចផ្ទៃក្នុងរបស់ចិនទេ។ សម្រាប់លោក ម៉ាធីស អាមេរិកគួរណាស់ផ្តល់ជំនួយតាមសីលធម៌ដល់ក្រុមបាតុករទាំងនោះ។
អតីតឧត្តមសេនីយ៍ទាហានម៉ារីនអាមេរិក ជេម ម៉ាធីស បាននិយាយប្រាប់ទីភ្នាក់ព័ត៌មាន Reuters ថា សហរដ្ឋអាមេរិកគួរតែឈរខាងក្រុមដែលបានព្យាយាមទាមទារសិទ្ធិមនុស្សបូករួមទាំងបាតុករនៅហុងកុងដែរ។ លោកមាននិយាយដូច្នេះថា៖« នៅពេលដែលមនុស្សក្រោកឈរដើម្បីសិទ្ធិ ខ្ញុំគិតថាយើងត្រូវតែឈរខាងពួកគេ បើទោះបីជាវាត្រឹមតែសីលធម៌ក៏ដោយ»។
សម្រាប់បាតុកម្មនៅហុងកុងដែលឈានដល់សប្ដាហ៍ទី១៤ហើយនោះ លោក ម៉ាធីស មិនបានចាត់ទុកជាបញ្ហាផ្ទៃក្នុងរបស់ចិនឡើយ។ សម្ដីបែបនេះ នឹងធ្វើឲ្យចិនខឹងមិនបាន ព្រោះចិនចាត់ទុកបាតុកម្មនេះជាកិច្ចការរបស់ខ្លួន ហើយដែលប្រទេសនានាមិនអាចលូកដៃបានឡើយ។ កន្លងទៅ ចិនថែមទាំងចោទអាមេរិក និងអង់គ្លេសថា បង្កចលាចលនៅហុងកុង។
ពាក់ព័ន្ធសេច្ដីព្រាងច្បាប់បត្យាប័នដែលទើបស្លាប់ជាផ្លូវការវិញ អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះបញ្ជាក់ថា ការបញ្ជូនមនុស្សពីហុងកុងយកទៅកាត់ទោសនៅចិន គឺជាការរំលោភគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ ពេលអង់គ្លេសប្រគល់ហុងកុងឲ្យចិននៅឆ្នាំ១៩៩៧ វិញ។
បើទោះបីជាសេចក្តីព្រាងច្បាប់បត្យាប័នត្រូវបានដកចេញកាលពីអាទិត្យមុនក្តី ក៏ការបាតុកម្មនៅហុងកុងនៅតែបន្តកើតមានដដែល។ ក្រុមអ្នកបាតុករបានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានកុងស៊ុលអាមេរិកដើម្បីសុំអោយលោក ដូណាល់ ត្រាំ ជួយផ្តល់សេរីភាពដល់ហុងកុងវិញ។ យ៉ាងណាមិញបាតុកម្មនេះត្រូវបានរំសាយដោយសារការបាញ់ឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលិសហុងកុង។
សូមរំឭកបន្តិចថា លោក ម៉ាធីស បានលាលែងពីតំណែងកាលពីខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីមានការមិនត្រូវរ៉ូវគ្នាជាមួយប្រធានាធិបតី ត្រាំ ពីរឿងដកទ័ពចេញពីស៊ីរី៕
© រក្សាសិទ្ធិដោយ thmeythmey.com