លោក ម៉ម សូណង់ដូ ៖ សមាជិក​ពិគ្រោះ​យោបល់ ធ្វើ​កិច្ចការ​មួយ​មិនកើត​ផង​! ចុះ​ទម្រាំ​ធ្វើ​នាយករដ្ឋមន្ត្រី​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ម៉ម សូណង់ដូ ៖ សមាជិក​ពិគ្រោះ​យោបល់ ធ្វើ​កិច្ចការ​មួយ​មិនកើត​ផង​! ចុះ​ទម្រាំ​ធ្វើ​នាយករដ្ឋមន្ត្រី​
11, Sep 2019 , 8:59 am        
រូបភាព
រូបពីហ្វេសប៊ុកលោក ម៉ម សូណង់ដូ ដែលចូលរួមប្រជុំស្តីពីការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ប្រចាំឆមាសទី២ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន
រូបពីហ្វេសប៊ុកលោក ម៉ម សូណង់ដូ ដែលចូលរួមប្រជុំស្តីពីការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ប្រចាំឆមាសទី២ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន
​ភ្នំពេញ​៖ គណបក្ស​ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ គ្មាន​លទ្ធភាព​ធ្វើជា​នាយករដ្ឋមន្ត្រី ដើម្បី​ដឹកនាំ​ប្រទេសជាតិ​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ។​



​លោក ម៉ម សូណង់​ដូ ដែល​បម្រើ​ការងារ​ជាមួយ​គណបក្សនយោបាយ​ដទៃទៀត នៅក្នុង​ស្ថាប័ន​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បានសង្កត់ធ្ងន់​ថា គណបក្ស​ដែល​អះអាង​ខ្លួន អាចដឹកនាំ​ប្រទេស​ឱ្យមាន​ការអភិវឌ្ឍ​ល្អ នៅពេល​ក្លាយជា​នាយករដ្ឋមន្ត្រី​នោះ គ្រាន់តែ​ជា​ពាក្យ​ប្រជា​ភិ​ថុ​ត ដើម្បី​យក​សន្លឹកឆ្នោត​ប៉ុណ្ណោះ​។ មូលហេតុ​ដែល​លោក ម៉ម សូណង់ដូ ហ៊ាន​និយាយ​បែបនេះ ដោយសារ​លោក​មើលឃើញ​ពី​សមត្ថភាព​មេដឹកនាំ​គណបក្ស​ទាំងនោះ នៅក្នុងពេល​បំពេញការងារ​រួមគ្នា​រយៈពេល​១​ឆ្នាំ នៃ​តួនាទី​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ​។​

​ជា​បន្ត​សូម​លោក​-​អ្នកនាង ស្ដាប់​ការបកស្រាយ​របស់លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​ឆ្លើយ​សំនួរ​របស់លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ក្នុង​កិច្ច​សម្ភាស​មួយ​ដូចតទៅ​៖





​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​រូបនេះ បានកត់សម្គាល់​ឃើញថា គណបក្សនយោបាយ ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ មិនទាន់​ធ្វើ​របាយការណ៍​បញ្ហា​ពលរដ្ឋ ដាក់ជូន​រដ្ឋាភិបាល​ពិនិត្យ​បានល្អ​នៅឡើយ​ទេ​។ ដូច្នេះ​ការធ្វើជា​នាយករដ្ឋមន្ត្រី​វិញ លោក សូណង់​ដូ ហ៊ាន​និយាយថា ពួកគេ​ក៏​គ្មាន​សមត្ថភាព​ឡើយ ។ បើតាម​លោក សូណង់​ដូ ការធ្វើជា​នាយករដ្ឋមន្ត្រី​ទាល់តែ​មានបទពិសោធន៍ ប៉ុន្តែ​គណបក្ស​ខ្លះ មិនទាន់​ទាំង​មាន​សមាជិក​ពោរពេញ​ដោយ​សមត្ថភាព​គ្រប់គ្រាន់​ផង​។​


រូបពីហ្វេសប៊ុកលោក ម៉ម សូណង់ដូ ដែលចូលរួមប្រជុំស្តីពីការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ប្រចាំឆមាសទី២ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន

​នៅពេល​សួរ​សង្កត់ធ្ងន់ថា គណបក្ស​ទាំង​១៥ ដែល​ចូល​ធ្វើជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ គឺ​សុទ្ធតែ​គ្មាន​សមត្ថភាព​ធ្វើ​នាយករដ្ឋមន្ត្រី​ទេ​? លោក ម៉ម សូណង់ដូ ឆ្លើយតប​ភ្លាម​ថា គឺ​គ្មាន​តែម្ដង​! «​អត់​មាន​(​អ្នកមាន​សមត្ថភាព​) ហ្មង​! បើ​អ្នកណា​ថា មាន​(​សមត្ថភាព​) សូម​អញ្ជើញ​មក​និយាយ​ជាមួយ​ពូ​។ សម្ភាស​ធ្វើ​វេទិកា​សួរដេញដោល​គ្នា​មួយ​ឱ្យ​ប្រជាពលរដ្ឋ​ស្ដាប់​។ គ្រាន់តែ​សព្វថ្ងៃនេះ​(​មេដឹកនាំ​គណបក្ស​ខ្លះ​) សរសេរ​មិនទាន់​ត្រង់​ជ្រុង​ផង ។ ពូ​មិន​បង្អាប់​ទេ ព្រោះ​គេ​សុទ្ធ​តែមាន​មនសិកា​ជាតិ គេច​ង់​ធ្វើជា​នាយករដ្ឋមន្ត្រី ចង់​ធ្វើ​ប្ដូរ​នេះ ប្ដូរ​នោះ គឺជា​រឿង​របស់គេ​…​។ ប៉ុន្តែ​ខ្ញុំ​មើលឃើញថា ពួកគេ​អាចធ្វើ​អ្វី​បាន ប៉ុន្តែ​គ្រប់គ្រង​ប្រទេសជាតិ វា​ទៅ​អត់​រួច​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​និយាយ​ត្រង់ៗ​ថា លោក​ក៏​គ្មាន​សមត្ថភាព​អ្វី​ទៅ​ដឹកនាំ​ប្រទេស​ដែរ​៕


Tag:
 ម៉ម សូណង់ដូ​
  សំបុក​ឃ្មុំ​
  នយោបាយ​
  ឧ​ត្ត​ម​ក្រុមប្រឹក្សា
© រក្សាសិទ្ធិដោយ thmeythmey.com