ជាតិ
ក្រសួង នឹងមានចំណាត់ការលើម្ចាស់ក្រុមហ៊ុនសាឡង់ដឹកខ្សាច់ ដែលបុកស្ពានព្រែកតាមាក់ រូបពីក្រសួងសាធារណការ
× សាឡង់ដឹកខ្សាច់ ដែលបើកបុកសសរស្ពានព្រែតាមាត់ បណ្ដាលឲ្យគៀបជាប់ជាមួយសសរស្ពាន កាលពីថ្ងៃទី៨កញ្ញា មិនទាន់បានយកចេញនៅឡើយទេ ដោយសារខ្សាច់ជាប់ក្នុងសាឡង់ពេញ។ ក្រសួងសាធារណការ នឹងចាត់វិធាការចំពោះករណីនេះ បន្ទាប់ពីយកសាឡង់ចេញពីកន្លែងកើតហេតុ។
«ក្រសួងសាធារណការ នឹងពិភាក្សាជាមួយក្រសួងរ៉ែនិងថាមពល លើកការចាត់វិធាការចំពោះម្ចាស់ក្រុមហ៊ុនដែលដឹកខ្សាច់នេះ។ ប៉ុន្តែពេលនេះ មន្ត្រីជំនាញកំពុងធ្វើយ៉ាងណាយកសាឡង់ចេញពីកន្លែងកើតហេតុសិន ដោយក្រុមការងារនឹងបូមខ្សាច់ចេញពីសាឡង់ ដើម្បីអាចទាញយកសាឡង់បាន»។ នេះជាការបញ្ជាក់របស់លោក ហ៊ាន សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ដែលថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១០កញ្ញា ឆ្នាំ២០១៩។
សាឡង់ដែលទឹកខ្សាច់នេះ ជារបស់ក្រុមហ៊ុន ង៉ូវ ចាន់ណា បានបើបុកសសរទី៨ នៃស្ពានព្រែតាមាក់ ដោយសារគេចពីនាវាទេសចរណ៍ដឹកភ្ញៀវជាច្រើននាក់បើកបញ្ជ្រាសទិសគ្នា។ ក្រុមជំនាញបាន ទាញយកសាឡង់ចេញពីជើងសសរស្ពាន ដោយប្រើនាវាសណ្តោង៣គ្រឿងមាន នាវាកំពង់ផែស្វយ័តភ្នំពេញចំនួន២គ្រឿងនិងនាវាក្រុមហ៊ុនSovereign ១គ្រឿង រួមជាមួយនាវាបូមខ្សាច់មួយគ្រឿងទៀតដើម្បីសម្រាលបន្ទុកនាវា។ ប៉ុន្តែដោយសារសាឡង់ដឹកខ្សាច់នោះមានទម្ងន់ធ្ងន់ពេក រួមជាមួយនឹង កម្លាំងទឹកហូរគួចខ្លាំង ក្រុមជួយសង្គ្រោះមិនអាចទាញរំដោះយកសាឡង់ដឹកខ្សាច់នោះចេញបានទេ។
ពាក់ព័ន្ធនឹងករណីនេះ លោក ហ៊ាន សុទ្ធាយុត្តិ បានបញ្ជាក់ថា ក្រុមការងារអាចនឹងបង្ហូរខ្សាច់ចេញពីសាឡង់ ប្រសិនបើកម្លាំងជំនាញសិក្សាទៅថាគ្មានផលប៉ះពាល់៕
© រក្សាសិទ្ធិដោយ thmeythmey.com