អន្តរជាតិ
ចាប់ពី​ការវាយប្រហារ​ថ្ងៃ​១១ កញ្ញា អាមេរិក​ចាយ​១,៥​ទ្រី​លាន​ដុល្លារ​លើ​សង្គ្រាម​នៅ​បរទេស​
11, Sep 2019 , 10:56 am        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ជា​ខួប ១៨ ឆ្នាំ​នៃ​ការវាយប្រហារ​លើ​អគារ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ដោយ​ក្រុម​ភេរវជន​អាល់​កៃ​ដា​។ មនុស្ស​ជិត ៣​ពាន់​នាក់ បាន​ស្លាប់​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ​។ រាប់​ចាប់ពី​ឆ្នាំ ២០០១ មកដល់​បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក​បាន​ចំណាយលុយ​រាប់​ទ្រី​លាន​ដុល្លារ​លើ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​



​របាយការណ៍​ក្រសួងការពារជាតិ​អាមេរិក បាន​បង្ហាញថា ក្រុង​វ៉ាស៊ីនតោន បាន​ចាយលុយ​ប្រមាណ​១,៥ ទ្រី​លាន​ដុល្លារ ចាប់ពី​ការវាយប្រហារ​ថ្ងៃ ១១ កញ្ញា ឆ្នាំ ២០០១ មកនេះ​ដើម្បី​ធ្វើសង្គ្រាម​នៅក្រៅ​ប្រទេស​។

​យោងតាម​សារព័ត៌មាន CNBC របាយការណ៍​ក្រសួង​ខាងលើ បាន​បញ្ជាក់ថា ប្រតិបត្តិការ​យោធា​ធំៗ​បី នាពេល​បច្ចុប្បន្ន​មានដូចជា ប្រតិបត្តិការ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​, ស៊ី​រី និង​អ៊ីរ៉ាក់ រួមទាំង​ប្រតិបត្តិការ​ពង្រឹងសមត្ថភាព​សន្តិសុខ​ក្នុងស្រុក (Operation Noble Eagle) ត្រូវ​ចំណាយលុយ​អស់ ១៨៥,៥​ពាន់​លាន​ដុល្លារ​ឯណោះ​។​

​របាយការណ៍​ដដែល​នេះ បាន​បន្ថែមថា ថវិកា​ទាំងនោះ ត្រូវបាន​ប្រើប្រាស់​លើ​ការបំពាក់​បំប៉ន​សមត្ថ​ភាព សម្ភារ​យោធា និង​ជួសជុល​អាវុធ រួមទាំង​ចំណីអាហារ សម្លៀកបំពាក់ សេវា​សុខាភិបាល និង​ប្រាក់បៀវត្សរ៍​កងទ័ព​។​

​មែនទែនទៅ ក្រោយ​ការវាយប្រហារ​លើ​អគារ​ពាណិជ្ជកម្ម​ពិភពលោក អាមេរិក បានចាប់ផ្តើម​ប្រកា​សង្គ្រាម​ប្រឆាំង​ភេរវកម្ម ហើយ​ការចំណាយ​លើ​សង្គ្រាម​ចាប់ផ្តើម​ពី​ពេល​នោះដែរ​។ អា​ហ្វ​ហ្គា​នី​ស្ថាន​កាលនោះ ក្លាយជា​គោលដៅ​ឈ្លានពាន​របស់​អាមេរិក ដោយសារ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល ស្ថិតក្រោម​ការដឹកនាំរ​បស់​ក្រុង​តា​លី​បង់​បដិសេធ​ប្រគល់​មេ​ភេរវ​ករ​អាល់​កៃ ដា​អូ​សា​ម៉ា ប៊ិន​ឡា​ដិ​ន ឲ្យ​អាមេរិក​នោះ​។​

​ចាប់ពីពេលនោះ​មក អាមេរិក បន្ត​ផុងខ្លួន​ក្នុង​សង្គ្រាម​នេះ​រហូតមក​។ មកដល់​បច្ចុប្បន្ន អា​ហ្វ​ហ្គា​នី​ស្ថាន ជា​សង្គ្រាម​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ដោយ​វា​មាន​អាយុកាល ១៨​ឆ្នាំ​ហើយ​។ ទោះ​មាន​ចេតនា​ចង់​ដក​កងទ័ព​ចេញ​ក៏ដោយ បច្ចុប្បន្ន​អាមេរិក​នៅសល់​ទប់​ប្រហែល ១៤​ពាន់​នាក់​ដែល​ពួកគេ​ភាគច្រើន​ដើរតួ​ជា​ទីប្រឹក្សាយោធា​សម្រាប់​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​។ យ៉ាងណាមិញ រដ្ឋបាល​លោក ដូ​ណា​ល់​ត្រាំ បានបញ្ជាក់​ពី​គោលជំហរ​គាំទ្រ​ការចរចា​បង្កើត​សន្តិភាព​រវាង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាមួយ​ក្រុម​តា​លី​បង់​ដែរ​ដើម្បី​បញ្ចប់សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com