FIFA
កីឡាជាតិ
ជាតិ
ទោះ​ចាញ់​បា​រ៉ែ​ន តែ​កម្ពុជា​ជាប់​កំណត់ត្រា មាន​អ្នកទស្សនា​ច្រើនជាងគេ​
11, Sep 2019 , 11:54 am        
រូបភាព
ដោយ:
​ជំនួប​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​បា​រ៉ែ​ន នា​វគ្គ​ជម្រុះ World Cup 2022 នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ល្ងាច​ថ្ងៃទី​១០ កញ្ញា បានធ្វើ​ឲ្យ​កម្ពុជា ជាប់​កំណត់ត្រា​មាន​អ្នកទស្សនា​ការប្រកួត​ផ្ទាល់​ច្រើនជាងគេ​។ ចំណែក​ជំនួប​រវាង​ម៉ាឡេស៊ី​ជាមួយ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​តួ​ក​ម៉េ​នី​ស្ថាន​ជាមួយ​កូរ៉េខាងត្បូង​ឈរ​ពីក្រោយ​។



​ដ្បិត​ក្រុម​ជម្រើសជាតិ​កម្ពុជា​ចាញ់​ក្រុម​បា​រ៉ែ​ន ១-០ នា​វគ្គ​ជម្រុះ World Cup 2022 ជុំ​ទី​២​ក្តី ប៉ុន្តែ​ការប្រកួត​នេះ បាន​ទាក់ទាញ​អ្នកគាំទ្រ​ចំនួន​៤៥,០០០​នាក់ ឲ្យ​មក​ទស្សនា​ការប្រកួត​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំនួន​អ្នកគាំទ្រ​នេះ ជួយ​ឲ្យ​កម្ពុជា​ជាប់​កំណត់ត្រា​មាន​អ្នកទស្សនា​ការប្រកួត​បា​ល់​ទាត់​ច្រើនជាងគេ​ក្នុងចំណោម​ប្រទេស​ធ្វើ​ម្ចាស់ផ្ទះ​ទាំង​១៨​។

​សម្រាប់​ជំនួប​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ចាញ់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ២-១ ជាប់​ចំណាត់ថ្នាក់​លេខ​២ ដោយមាន​អ្នកទស្សនា ៤៣,២០០​នាក់ នៅ​កីឡដ្ឋាន Bukit Jalil National Stadium ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។ ចំណែក​ការប្រកួត ដែល​ភ្ញៀវ​កូរ៉េខាងត្បូង​យកឈ្នះ​តួ​ក​ម៉េ​នី​ស្ថាន ២-០ វិញ ក៏មាន​អ្នកទស្សនា​ច្រើន​លំដាប់​ទី​៣​ដែរ ក្រោយ​ទាក់ទាញ​អ្នកគាំទ្រ​បាន​ចំនួន​២៦,០០០​នាក់​។



​ទោះបី​ក្រុម​ជម្រើសជាតិ​កម្ពុជា​ចាញ់​បា​រ៉ែ​ន​ក៏ដោយ តែ​ក្រុម​ដែល​ស្ថិតក្រោម​ការដឹកនាំ​អ្នកចាត់ការ​ទូទៅ​លោក Keisuke Honda និង​មាន​លោក Felix Dalmas ជា​គ្រូបង្វឹក​ទទួលបាន​ការ​គាំទ្រ និង​កោតសរសើរ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​កម្ពុជា​។ ទាំង​អ្នកគាំទ្រ ដែល​បាន​ទស្សនា​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​នៅ​គេហដ្ឋាន សុទ្ធតែ​បាន​កោតសរសើរ​លើ​ការដឹកនាំ ការរៀបចំ​ប្រព័ន្ធ និង​ទម្រង់​លេង​របស់​កីឡាករ​ថា «​ធ្វើ​បានល្អ​»​ក្នុងជំនួប​មួយ​នេះ​។ 

​គួររំលឹកថា នា​ជំនួប​បើកឆាក​ស្មើ ១-១ ជាមួយ​ហុងកុង​កាលពី​ថ្ងៃទី​៥ កញ្ញា កម្ពុជា​ជាប់​ជា​ប្រទេស​ម្ចាស់ផ្ទះ​មាន​អ្នកទស្សនា​បាល់ទាត់​ច្រើន​លំដាប់​ទី​២ ជាមួយ​ចំនួន​អ្នកគាំទ្រ​៤៥,៥០០​នាក់ ខណៈ​ជំនួប​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ចាញ់​ម៉ាឡេស៊ី ៣-២ មាន​អ្នកទស្សនា​ច្រើន​លំដាប់​ទី​១ ក្រោយ​ទាក់ទាញ​អ្នកគាំទ្រ​បាន​ចំនួន​៥៤,៦៥៩​នាក់​។ ក្នុងជំនួប​រវាង​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី នេះ ក៏មាន​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​រវាង​អ្នកគាំទ្រ​ក្រុម​ទាំងពីរ រហូត​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី​ដាក់ពាក្យ​ដណ្តឹង ទៅ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ទៀតផង​។ 


ក្រុមអ្នកគាំទ្រលើកទង់ជាតិកម្ពុជា និងជប៉ុន ពេលទស្សនាការប្រកួតរវាងក្រុមកម្ពុជានិងបារ៉ែន

​ខាងក្រោម​នេះ​ជា​លទ្ធផល និង​ចំនួន​អ្នកគាំទ្រ​តាម​ពូ​ល​នីមួយៗ​

​ពូ​ល A៖
- ហ្គា​ម ១-៤ ហ្វីលីពីន មាន​អ្នកទស្សនា​ផ្ទាល់ ១,០៩៦​នាក់​
- ម៉ា​ល់​ឌី​វ ០-៥ ចិន មាន​អ្នកទស្សនា​ផ្ទាល់ ៣,៧០០​នាក់​
 
​ពូ​ល B៖
- ឆាយ​នី​ស​តៃប៉ិ ០-២ ណេ​ប៉ាល់ មាន​អ្នកទស្សនា​ផ្ទាល់ ៤,៧៨០​នាក់​
- គូ​វែ​ត ០-៣ អូស្ត្រាលី មាន​អ្នកទស្សនា​ផ្ទាល់ ១១,៨៥២​នាក់​
 
​ពូ​ល C៖
- កម្ពុជា ០-១ បា​រ៉ែ​ន មាន​អ្នកទស្សនា​ផ្ទាល់ ៤៥,០០០​នាក់​
- ហុងកុង ០-២ អ៊ីរ៉ង់ មាន​អ្នកទស្សនា​ផ្ទាល់ ១៣,៩៤២​នាក់​

​ពូ​ល D៖
- សិង្ហ​បុរី ២-១ ប៉ា​ឡេ​ស្ទី​ន មាន​អ្នកទស្សនា​ផ្ទាល់ ៦,០១១​នាក់​
- យេ​ម៉ែន ២-២ អា​រ៉ា​ប៊ី​សា​អូឌីត មាន​អ្នកទស្សនា​ផ្ទាល់ ៣,១០០​នាក់​
 
​ពូ​ល E៖
- អា​ហ្វ​ហ្គា​នី​ស្ថាន ១-០ បង់​ក្លា​ដែ​ស មាន​អ្នកទស្សនា​ផ្ទាល់ ៥,០០០​នាក់​
- ហ្គា​តា ០-០ ឥណ្ឌា មាន​អ្នកទស្សនា​ផ្ទាល់ ១២,០២០​នាក់​
 
​ពូ​ល F៖
- ម៉ុង​ហ្គោ​លី ០-១ តា​ហ្សី​គី​ស្ថាន មាន​អ្នកទស្សនា​ផ្ទាល់ ៣,៤៥៥​នាក់​
- មី​យ៉ាន់​ម៉ា ០-២ ជប៉ុន មាន​អ្នកទស្សនា​ផ្ទាល់ ២៥,៥០០​នាក់​
 
​ពូ​ល G៖
- ឥណ្ឌូណេស៊ី ០-៣ ថៃ មាន​អ្នកទស្សនា​ផ្ទាល់ ១១,៦១៩​នាក់​
- ម៉ាឡេស៊ី ១-២  អេ​មី​រ៉ា​ត​អារ៉ាប់​រួម មាន​អ្នកទស្សនា​ផ្ទាល់ ៤៣,២០០​នាក់​
 
​ពូ​ល H៖
- តួ​កមេ​នី​ស្ថាន ០-២ កូរ៉េខាងត្បូង មាន​អ្នកទស្សនា​ផ្ទាល់ ២៦,០០០​នាក់​
- ស្រីលង្កា ០-១ កូរ៉េខាងជើង មាន​អ្នកទស្សនា​ផ្ទាល់ ១,២៥៨​នាក់​៕


Tag:
 ក្រុម​ជម្រើសជាតិ​កម្ពុជា​
  World Cup
  បា​រ៉ែ​ន
© រក្សាសិទ្ធិដោយ thmeythmey.com