អន្តរជាតិ
លោក លី សៀន​ឡុង នឹង​ផ្តល់​សក្ខីកម្ម បើ​បណ្តឹង​ប្រឆាំង​អ្នកកាសែត​ម្នាក់​ឡើងដល់​តុលាការ​មែន​
11, Sep 2019 , 7:39 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង (ឆ្វេង) និងកវីនិពន្ធនៃវេបសាយព័ត៌មាន (TOC) លោក Terry Xu
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង (ឆ្វេង) និងកវីនិពន្ធនៃវេបសាយព័ត៌មាន (TOC) លោក Terry Xu
ដោយ:
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង នឹង​ទៅ​ផ្តល់​សក្ខីកម្ម​នៅមុខ​តុលាការ ប្រសិនបើ​បណ្តឹង​មួលបង្កាច់​ប្រឆាំង​ការី​និពន្ធ​នៃ​វេ​ប​សាយ​ព័ត៌មាន The Online Citizen (TOC) លោក Terry Xu បើកសវនាការ​។ លេខាធិការ​ផ្នែក​ព័ត៌មាន​របស់លោក លី បញ្ជាក់​ឲ្យ​ដឹង​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ នៅ​យប់​ថ្ងៃ​អង្គារ ទី​១០ កញ្ញា ។​



​លោកនាយក​រដ្ឋមន្ត្រី លី បានដាក់​ពាក្យបណ្តឹង​ប្រឆាំង​លោក​កវីនិពន្ធ​នៃ​វេ​ប​សាយ​ព័ត៌មាន TOC លោក Xu Yuanchen ដែល​ស្គាល់​ថា Terry Xu សម្រាប់​កា​រប​ង្កូ​ច​កេរ្តិ៍ឈ្មោះ តាមរយៈ​អត្ថបទ​មួយ ដែល​បាន​ចុះផ្សាយ​កាលពី​ខែ​មុន​។ អត្ថបទ​នេះ បាន​និយាយ​ពី​ការចោទប្រកាន់​ដោយ​ខ្វះ​ភស្តុតាង​របស់​បងប្អូន​លោក​លី​ជុំវិញ​ទំនាស់​ក្នុង​គ្រួសារ​ក្នុង​សំណុំរឿង​ផ្ទះ Oxley Road ដែលជា​កម្មសិទ្ធិ​របស់ លោក លី ក្វាន់​យូ​។​

​លេខាធិការ​ផ្នែក​ព័ត៌មាន លោកស្រី Chang Li Lin បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា លោក លី ដាក់ពាក្យ​បណ្តឹង​នេះ ព្រោះតែ​ការចោទប្រកាន់​នេះ គឺ​មិន​ពិត​ទាំងស្រុង​។

​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោកស្រី Chang បន្តថា ប្រសិនបើ​តុលាការ​បើកសវនាការ​លើ​សំណុំ​រឿងនេះ  លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង  នឹង​ទៅ​ផ្តល់​សក្ខីកម្ម​នៅមុខ​តុលាការ​។ បងប្អូន​លោក អាច​ពិចារណា រួមគ្នា​នឹង​លោក Xu ថា​តើ​ពួកគេ​ក៏​នឹង​ផ្តល់​សក្ខីកម្ម​ដែរ ហើយ​ចោទប្រកាន់​ម្តងទៀត​នៅក្នុង​តុលាការ​។ បន្ទាប់មក តុលាការ អាច​ដឹង​ការពិត​មិន​ខាន​។​

​រឿងរ៉ាវ​នេះ កើតឡើង​បន្ទាប់ពី​អត្ថបទ​មួយ ចំណងជើង «​ភរិយា​លោក​លី Ho Ching ចែករំលែក​អត្ថបទ​បង្ហាញ​ពី​ការ​កាត់ផ្តាច់​ចំណងទាក់ទង​ជាមួយ​សមាជិកគ្រួសារ​»  រៀបរាប់​ពី​លំដាប់​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​ជម្លោះ​រវាង​លោកនាយក​រដ្ឋមន្ត្រី លី និង​ប្អូនស្រី​លោក គឺ​លោកស្រី Lee Wei Ling ជុំវិញ​រឿង​ផ្ទះ​របស់​ឪពុក​អ្នក​ទាំងពីរ​នៅ 38 Oxley Road ។​

​ក្រោយពី​ទទួលបាន​លិខិតស្នើ​ឲ្យ​លុបចោល​អត្ថបទ​នេះ​និង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក Xu បានសម្រេច​លុបចោល​អ​ត្ថ​បទ​នេះ កាលពី​ថ្ងៃទី​១ កញ្ញា ប៉ុន្តែ​បាន​ចុះផ្សាយ​ជាថ្មី ៣​ថ្ងៃក្រោយ​មកទៀត​។ ទាក់ទិន​ជំហរ​នេះ លោក Xu បកស្រាយ​ថា លោក​យល់ឃើញថា អត្ថបទ​នេះ ពុំមែន​ជា​មួលបង្កាច់​អ្វី​ឡើយ​។ ទោះជា​បែបនេះ​ក្តី មេធាវី​លោក លី សៀន​ឡុង បាន​ចេញមុខ​អះអាងថា អត្ថបទ​នេះ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កេរ្តិ៍ឈ្មោះ​លោក លី ៕

Tag:
 សិង្ហ​បុរី​
  លី​សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com