​សិស្ស​ម្នាក់​ប្រឡង​ធ្លាក់ ព្រោះ​ឆ្លើយថា «Ronaldo» សំដៅលើ​សត្វ​ពពែ​
កីឡាអន្តរជាតិ
អន្តរជាតិ
​សិស្ស​ម្នាក់​ប្រឡង​ធ្លាក់ ព្រោះ​ឆ្លើយថា «Ronaldo» សំដៅលើ​សត្វ​ពពែ​
11, Sep 2019 , 8:39 pm        
រូបភាព
«GOAT»? ពាក្យ​នេះ មានន័យថា «​សត្វ​ពពែ​» ឬ «Chèvre» (​ភាសា​បារាំង​) ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​កីឡាបាល់ទាត់ ពួកគេ​ឲ្យ​និយមន័យ​មួយ​ផ្សេងទៀត ដែល​ចេញពី​អក្សរ​កាត់ Greatest Of All Time «​អស្ចារ្យ​គ្រប់​សម័យកាល​»​។ យុវជន Ahmed Nabil កាលពីពេល​កន្លងមក បាន​ប្រឡង​ភាសា​បារាំង ហើយ​គេ​បាន​សរសេរ​ឈ្មោះ «Ronaldo» សម្រាប់​សំណួរ​ដែលមាន​រូប​សត្វ​ពពែ​។​



Ronaldo ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​សេះបង្កង់ Juventus ត្រូវបាន​អ្នកតាមដាន​វិស័យ​កីឡាបាល់ទាត់​ជុំវិញ​ពិភពលោក​ចាត់ទុកជា​កីឡាករ​កម្រិត​កំពូល​ដែល​សក្តិសម​សម្រាប់​រហ​ស្សនាម GOAT ដោយមាន​គូប្រជែង​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ Lionel Messi នៃ​ក្រុម Barcelona អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកហើយ​។​

​នា​ការប្រឡង​មួយ​នៅ​ប្រទេស​បារាំង វិញ្ញាសា​ប្រឡង​តម្រូវ​ឲ្យ​សិស្ស​សរសេរ ពាក្យ​ជា​ភាសា​បារាំង សំដៅលើ​រូប​សត្វ​។ សម្រាប់​រូប​សត្វ​មាន់ Nabil បានផ្តល់​ចម្លើយ​ត្រឹម​ត្រូវជា​ភាសា​បារាំង​ថា «Une Poule» ប៉ុន្តែ​សម្រាប់​រូប​សត្វ​ពពែ ដែលមាន​ន័យ​ជា​ភាសា​អង់គ្លេស​ថា «Goat» វិញ បេក្ខជន​រូបនេះ បែរជា​សរសេរថា «un Ronaldo» (​កីឡាករ Ronaldo ម្នាក់​) ជំនួស​ឲ្យ​ពាក្យ «Une Chevre» ជា​ភាសា​បារាំង​ទៅវិញ​។​



Nabil វ័យ​១៥​ឆ្នាំ​ដែលជា​អ្នកគាំទ្រ​ក្លិប Manchester United និង​ជា​ស្រឡាញ់​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់ Ronaldo នោះ បានបញ្ជាក់​ប្រាប់ SPORTbible ថា​៖«​នេះ​គឺជា​វិញ្ញាសា​ប្រឡង​ភាសា​បារាំង​ដែល​ខ្ញុំ​បានធ្វើ​កាលពី​ពីរ​ឆ្នាំមុន​។ សម្រាប់​ខ្ញុំ​ផ្ទាល់​វា​ជាការ​ធ្វើតេស្ត​ដ៏​លំបាក​មួយ​ក្នុងការ​សរសេរ​ឈ្មោះ​របស់​សត្វ​ទាំងអស់​ជា​ភាសា​បារាំង​។ កាលនោះ ខ្ញុំ​ពិតជា​មិនចេះ​ពាក្យ​ពពែ​មួយ​ក្បាល​ជា​ភាសា​បារាំង​ឡើយ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ធ្វើ​អ្វីមួយ​ដោយ​ភាព​ច្នៃប្រឌិត រួមទាំង​បំណង​ចង់​ធ្វើ​ឲ្យ​មិត្តស្រី​របស់ខ្ញុំ​សើច ប្រសើរ​ជាង​ទុកចន្លោះ​បំពេញ​នេះ​ចោល ទើប​ខ្ញុំ​ក៏​ដាក់​«un Ronaldo» ទៅ​»​។​

Nabil បាន​យក​រូបភាព​ក្រដាស​ប្រឡង​នោះ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter ផ្ទាល់​របស់គេ​ដែរ ដោយ​ទទួល​បានការ​ចុច Like រហូត ១៥,០០០​ដង ក្នុង​រយៈពេល ២៤ ម៉ោង​។ ក្រៅពី Ronaldo កូនសិស្ស Nabil ក៏បាន​សរសេរ​ឈ្មោះ Mesut Ozil នៅក្នុង​ចម្លើយ​របស់គេ សម្រាប់​ចំណុច​សំណួរ​មួយទៀត​ផងដែរ​។​

Nabil បាន​លើកឡើងថា ការផ្តល់​ចម្លើយ​បែបនេះហើយ ទើប​គេ​ត្រូវ​ធ្លាក់​មុខវិជ្ជា​បារាំង ដែល​វា​ជា​រឿង​ដ៏​អយុត្តិធម៌​មួយ​៕

Tag:
 Cristiano Ronaldo
  Ahmed Nabil
© រក្សាសិទ្ធិដោយ thmeythmey.com