ទុក​បញ្ហា​កា​ស្មៀ​រ​ម្ដុំ ចិន​និង​ឥណ្ឌា រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ប្រយោជន៍​សេដ្ឋកិច្ច​
អន្តរជាតិ
ទុក​បញ្ហា​កា​ស្មៀ​រ​ម្ដុំ ចិន​និង​ឥណ្ឌា រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ប្រយោជន៍​សេដ្ឋកិច្ច​
11, Sep 2019 , 9:39 pm        
រូបភាព
ប្រធានាធិបតីស៊ី ជិនភីង និងលោកនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី នៅរដ្ឋឥណ្ឌាភាគខាងលិចក្នុងឆ្នាំ២០១៦
ប្រធានាធិបតីស៊ី ជិនភីង និងលោកនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី នៅរដ្ឋឥណ្ឌាភាគខាងលិចក្នុងឆ្នាំ២០១៦
​ចិន និង​ឥណ្ឌា បាន​សន្យាថា ប្រទេស​ទាំងពីរ​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​ដូចជា​សេដ្ឋកិច្ច បច្ចេកវិទ្យា និង​ការអភិវឌ្ឍ​ថ្នាំពេទ្យ​។ ការប្ដេជ្ញាចិត្ត​នេះ បង្ហាញ​ពី​ជំហរ​របស់​មហាអំណាច​ទាំងពីរ​ក្នុងការ​រ​រឹតបន្តឹង​ទំនាក់ទំនង​ទ្វេភាគី បើទោះបី​ជាមាន​ភាពចម្រូងចម្រាស់​ច្រើន​ពាក់ព័ន្ធ​នឹង​តំបន់​កា​ស្មៀ​រ​ក្ដី​។



​នា​ថ្ងៃទី​៩ ខែកញ្ញា​ប្រទេស​ចិន និង​ឥណ្ឌា បាន​បិទ​បញ្ចប់​កិច្ចពិភាក្សា​សេដ្ឋកិច្ច​យុទ្ធសាស្ត្រ ៦​ចំណុច នៅ​ទីក្រុង​ញូវដែលី ក្នុង​គោលបំណង​ពង្រឹង​ប្រព័ន្ធ​គមនាគមន៍ និង​ការផ្លាស់ប្តូរ​ការយល់ឃើញ​រវាង​ប្រទេសជិតខាង​ទាំងពីរ​។ កិច្ចពិភាក្សា​ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១០​នេះ ផ្តោតទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល បច្ចេកវិទ្យា ការរក្សា​ធនធានធម្មជាតិ ថ្នាំពេទ្យ និង​ការសម្របសម្រួល​គោលនយោបាយ​។ វា​ក៏​វេទិកា​ដែល​ភាគី​ផ្លាស់ប្ដូរ​យោបល់​លើ​បញ្ហា​ផ្សេងៗ​ដែរ​។​

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន Xinhua កិច្ចពិភាក្សា​នេះ​ធ្វើឡើង​មួយខែ​មុនពេល​ប្រធានាធិបតី ស៊ី ជិន​ភីង ធ្វើ​ទស្សនកិច្ច​ទៅ​ឥណ្ឌា​ដើម្បី​ចូលរួម​ជំនួប​មិន​ផ្លូវការ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី ។​

​អំឡុងពេល​ជំនួប​លើក​ទី​៦ មន្ត្រី​ឥណ្ឌា​បាន​លើកឡើងថា ភាគី​ទាំងពីរ​យល់ព្រម​លើ​កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មីៗ​សម្រាប់​ផលិត​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ និង​ស្រាវជ្រាវ​លើ​ថ្នាំពេទ្យ​ជាច្រើន​ប្រភេទ​។ ជាការ​ពិត បើទោះបីជា​ឥណ្ឌា​ជា​អ្នកផ្គត់ផ្គង់​ថ្នាំពេទ្យ​នៅលើ​ពិភពលោក​ក៏ពិតមែន ប៉ុន្តែ​ចិន​នៅតែ​ជា​អ្នកផ្តល់​ធាតុ​កម្រ​ឲ្យ​ឥណ្ឌា ក្នុង​ការផលិត​ថ្នាំពេទ្យ​ដដែល​។

​យ៉ាងណាក៏ដោយ បញ្ហា​ចម្រូងចម្រាស់​នៅ​តំបន់​កា​ស្មៀ​រ​នៅតែ​លងបន្លាច​ទំនាក់ទំនង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ញូវដែលី​ដដែល​។ ជាក់ស្តែង​កាលពី​ខែ​មុន ចិន​បាន​បាន​រិះគន់​ចំណាត់ការ​របស់​រដ្ឋាភិបាល​ឥណ្ឌា​លើ​ការដក​ឋានៈ​ស្វ័យភាព​ពិសេស​ពី​តំបន់​កា​ស្មៀ​រថា​មិនអាច​ទទួលយក​បានទេ​។ ជាពិសេស​ចិន​ថែមទាំង​បានស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​បើក​កិច្ចប្រជុំ​បិទទ្វារ ដើម្បី​ជជែក​ពី​បញ្ហា​នៅ​តំបន់​កា​ស្មៀ​រ​។​

​លោក Zhao Gancheng អ្នកជំនាញ​ផ្នែក​អាស៊ី​ខាងត្បូង​នៅ​វិទ្យាស្ថាន​សៀង​ហៃ និយាយថា ទាំង​ចិន និង​ឥណ្ឌា​មិន​បណ្តោយ​ឲ្យ​បញ្ហា​កា​ស្មៀ​រ​ចូលមក​បំផ្លាញ​ទំនាក់ទំនង ឬ​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ពួកគេ​បានឡើយ​។ ការយល់ឃើញ​របស់លោក Zhao គឺ​ចង់​មានន័យថា បើទោះបីជា​បញ្ហា​កា​ស្មៀ​រ​នៅតែ​ជា​ស្រមោល​នៃ​ការ​លងបន្លាច​លើ​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​មែន​នោះ ចិន​ចេះ​គ្រប់គ្រង​ហើយ មិនមែន​បណ្តោយ​ឲ្យ​វា​ប៉ះពាល់​ផលប្រយោជន៍​ងាយៗ​ឡើយ​។

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​២ ឆ្នាំ​មកនេះ ឥណ្ឌា និង​ចិន​ចាប់ផ្តើម​ខិត​ទៅជិត​គ្នា​ជាង​មុន បន្ទាប់ពី​មានការ​ប្រឈមមុខ​ដាក់​គ្នា​រយៈពេល​៧៣​ថ្ងៃ​នៅ​តំបន់ Doklam ដែល​ចិន​បាន​អះអាងថា​វា​ជា​ផ្នែក​មួយ​របស់​តំបន់​ទី​បេ ប្រទេស​ចិន​៕


Tag:
 ចិន​
  ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com