អ្នកនាំពាក្យ​៖ ក្រសួង​អប់រំ គ្មាន​គោលការណ៍​បើកចំហ​សម្រាប់​បេក្ខជន​ដូច​ឆ្នាំ​២០១៨​ទេ​
ជាតិ
បាក់ឌុប
អ្នកនាំពាក្យ​៖ ក្រសួង​អប់រំ គ្មាន​គោលការណ៍​បើកចំហ​សម្រាប់​បេក្ខជន​ដូច​ឆ្នាំ​២០១៨​ទេ​
11, Sep 2019 , 5:10 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា គ្មាន​គោលការណ៍​បើកចំហ សម្រាប់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា (​បាក់​ឌុប​) ឆ្នាំ​២០១៩​នេះ ដូច​កាល​ឆ្នាំ​២០១៨​ឡើយ​។ ការបកស្រាយ​របស់​ក្រសួង​អប់រំ ដើម្បី​ឆ្លើយតប​នឹង​បេក្ខជន​ប្រឡង​បាក់​ឌុប ដែល​នាំគ្នា​តវ៉ា​ ចំពោះ​លទ្ធផល​ប្រឡង​របស់​ពួកគេ នៅ​ព្រឹក​ថ្ងៃទី​១១ កញ្ញា​នេះ​។​



​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុ​វាចា បាន​និយាយថាយន្តការ​របស់​ក្រសួង នៅ​ឆ្នាំ​២០១៩​នេះ គឺ​ឆ្លើយតប​តាម​អ្វី​ដែលជា​ភាពចាំបាច់ ស្របតាម​គោលការណ៍​ច្បាប់​ប៉ុណ្ណោះ ពោលគឺ​មិន​បើក​ទំ​លំ​ទូលាយ​ដូច​ឆ្នាំមុន​ឡើយ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ឆ្លើយតប​ករណី​សិស្ស​នាំគ្នា​តវ៉ា នៅមុខ​ក្រសួង​អប់រំ ដោយសារ​មិន​ពេញចិត្ត​លទ្ធផល​ប្រឡង​ខ្លួន​នេះ លោក រស់ សុ​វាចា ដែល​កំពុង​ប្រជុំ​នៅ​ប្រទេស​សិង្ហ​បុរី​នោះ បាន​បកស្រាយ​តាម​បណ្ដេញ​សង្គម​តេ​ឡេ​ក្រាម យ៉ាង​ដូច្នេះ​ថា​៖«​ក្រសួង​អប់រំ យុវជន និង​កីឡា​មិនមាន​គោលការណ៍​បើកចំហ​ជូន​បេក្ខជន​ដូច​ឆ្នាំ​២០១៨​ទេ​។ ក្រសួង​យល់​ពី​មនោសញ្ចេតនា​របស់​បេក្ខជន និង​ក្រុមគ្រួសារ​ ក្រោយពី​ទទួលលទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នីមួយៗ​។ ជាទូទៅ ក្រសួង​អប់រំ យុវជន និង​កីឡា ស្វាគមន៍​មតិ​រិះគន់ ​ស្ថាបនា និង​ឆ្លើយតប​តាម​ភាពចាំបាច់ និង​តាម​គោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន​»​។

​នៅ​ព្រឹក​ថ្ងៃទី​១១ កញ្ញា​នេះ មាន​យុវជន​ប្រមាណ​៥០​នាក់ បាននាំគ្នា​តវ៉ា​ចំពោះ​លទ្ធផល​ប្រឡង​របស់​ពួកគេ នៅមុខ​ក្រសួង​អប់រំ។​ យុវ​សិស្ស លឹម ឈុន​អេង ដែលជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក និង​ប្រឡង​នៅ​វិទ្យាល័យ​ពោធិ៍ចិនតុង បានកើត​ទុក្ខ​មិន​សុខចិត្ត​ លើ​លទ្ធផល​របស់ខ្លួន​។ នាង​មក​តវ៉ា​លើ​មុខវិជ្ជា​ទាំងអស់ លើកលែងតែ​មុខវិជ្ជា​ភាសា​ខ្មែរ​តែប៉ុណ្ណោះ​។ យុវ​សិស្ស​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នាងខ្ញុំ​ជឿជាក់​លើ​ធ្វើ​មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា និង​ភាសា​អង់គ្លេស ថា​នឹងធ្វើ​បានល្អ តែ​ផ្ទុយ​មកវិញ​បែរជា​​ទទួលបាន​លទ្ធផល​ធ្លាក់​ទៅវិញ ទើប​ធ្វើ​ឲ្យ​នាង​មិន​សុខចិត្ត និង​មក​តវ៉ា​ទាមទារ​ឲ្យ​ក្រសួង​ធ្វើ​កំណែ​ឡើងវិញ​​​។​

​ស្រដៀង​គ្នា​នេះដែរ យុវតី ច្រឹង ចាន់​ពេញ​បូរ​មី ដែល​ប្រឡង​បាន​និទ្ទេស​D ក៏​មក​ទាមទារ​ឲ្យ​ក្រសួង​ធ្វើ​កំណែ​លើ​សន្លឹក​វិញ្ញាសា របស់​នាង​ផងដែរ​។ បើតាម​ការបញ្ជាក់​ពី​យុវតី​រូបនេះ មុខវិជ្ជា ដែល​នាង​ចង់​ឲ្យ​ក្រសួង​សើរើ​ឡើងវិញ គឺ​មុខវិជ្ជា​គណិតវិទ្យា​។ យុវតី ច្រឹង ចាន់​ពេញ​បូរ​មី បាន​បញ្ជាក់ថា​៖«​ខ្ញុំ​ប្រឹងរក​មុខវិជ្ជា​គណិតវិទ្យា​មែនទែន ហើយ​ខ្ញុំ​បាន​ផ្ទៀងផ្ទាត់​លើ​អត្រាកំណែ​គណិតវិទ្យា​រួចហើយ ហើយក៏​ធ្វើ​ត្រូវ​ទៀត ប៉ុន្តែ​លទ្ធផល​ចេញមក​គឺ​ធ្លាក់​ទៅវិញ​»​។ 

​តែ​យ៉ាងណា​ បេក្ខជន​ឡើងមក​តវ៉ា​នៅ​ក្រសួង​អប់រំ​នេះ បាន​ត្រឡប់ទៅផ្ទះ​វិញ ក្រោយពី​ពួកគេ​បាន​សរសេរ​លិខិត​រៀបរាប់​ពីលទ្ធផលមុខ​វិជ្ជា​នីមួយៗ ដែល​ពួកគេ​មិន​ពេញចិត្ត​នោះ ដាក់​ស្នើ​ឲ្យ​ក្រសួង​។​

​ដ្បិត​មិន​ឆ្លើយតប​ឱ្យចំ​នូវ​អ្វីដែល​សិស្ស​តវ៉ា​ក្តី ប៉ុន្តែ​លោក រស់ សុ​វាចា បាន​និយាយ​ក្នុងន័យនេះ​ថា ក្រសួង​ស្រង់​ពិន្ទុ និង​ពិនិត្យ​ផ្ទៀងផ្ទាត់ ដោយ​ភាព​សុក្រឹត មុននឹង​ចេញ​លទ្ធផល​ផងដែរ​។ «​សុក្រឹតភាព និង​ប្រសិទ្ធភាព​នៃ​គ្រប់​ដំណាក់កាល​ប្រឡង​ឆ្នាំនេះ បានមកពី​កិច្ចសហការ​ណ៍រ​បស់​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រុមការងារ​កំណែ​ក្រដាស​កិច្ចការ​បេក្ខជន ក្រុមការងារ​ស្រង់ បូក​ពិន្ទុ​ដោយ​កំ​ព្យូ​ទ័​រ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​។ ដូច​៥​ឆ្នាំកន្លងមក ក្រសួង​ក៏បាន​ទទួល​កិច្ចសហការ ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងមហាផ្ទៃ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រសួង​ស្ថាប័ន​នានា​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ​។​

​កាលពី​ឆ្នាំ​២០១៨ លទ្ធផល​បាក់​ឌុប​ត្រូវបាន​ប្រកាស​រហូតដល់​ទៅ​ពីរលើក ដោយសារ​មានការ​តវ៉ា​ពី​ក្រុមសិស្ស​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកំពត​ដែល​ច្បាស់លាស់​នឹង​សំណេរ​របស់ខ្លួន​។ ក្រោយ​ការតវ៉ា គណៈកម្មការ​ជំនាញ បាន​រកឃើញថា ដំណើរការ​បូក​ស្រង់​ពិន្ទុ តាម​ប្រព័ន្ធ​កុំព្យូទ័រ មាន​បញ្ហា​បច្ចេកទេស​ទាក់ទង​នឹង​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​ថ្នាក់​វិទ្យាសាស្ត្រ​។​

​បន្ទាប់ពី​ដោះស្រាយ​បញ្ហា​បច្ចេកទេស ក្រសួង​អប់រំ បានប្រកាសថា អ្នក​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៨ មាន ៧៦ ០៣៤​នាក់ ត្រូវជា ៦៧.០៧​ភាគរយ ក្នុងនោះ និទ្ទេស A មាន​ចំនួន​៤០៨​នាក់ និទ្ទេស B ចំនួន ២ ២២២​នាក់ និទ្ទេស C ចំនួន ៦ ០៤១​នាក់ និទ្ទេស D ចំនួន​១៥ ១៨០​នាក់ និង​និទ្ទេស E ចំនួន ៥២ ១៨៣​នាក់​។​

​គួរ​បញ្ជាក់ថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នេះ មាន​សិស្ស​ដែល​ប្រឡង​ជាប់​មាន​ចំនួន ៧៩ ០៥២​នាក់ ត្រូវជា ៦៨.៦២​ភាគរយ​។ ក្នុងនោះ​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ និទ្ទេស B មាន​ចំនួន ២ ៤៣០​នាក់ និទ្ទេស C មាន​ចំនួន ៥ ៨៤៧​នាក់​។ ចំណែកឯ​និទ្ទេស D មាន​ចំនួន ១៤ ១០០​នាក់ និង​និទ្ទេស E មាន​ចំនួន ៥៦ ២៣២ នាក់​៕

Tag:
 លទ្ធផល​ប្រឡង​
 ​សិស្ស​
 ​ក្រសួង​អប់រំ​
 ​បាក់​ឌុប​
 BacII2019
© រក្សាសិទ្ធិដោយ thmeythmey.com