ជាតិ
នាយក​រដ្ឋ​ម​ន្រី្ត​ឡាវ មកដល់​កម្ពុជា​!
12, Sep 2019 , 9:54 am        
រូបភាព
(រូបតំណាង)នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ធ្វើសន្និសីទកាសែតជាមួយគ្នា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
(រូបតំណាង)នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ធ្វើសន្និសីទកាសែតជាមួយគ្នា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នាយក​រដ្ឋ​ម​ន្រី្ត​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត បាន​មកដល់​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​១២ កញ្ញា​នេះ​។ លោក ថង​លូន ស៊ី​ស៊ូ​លី​ត នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១២-១៣ កញ្ញា ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ បម្រើ​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​។ នេះ​បើតាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃទី​៧​កញ្ញា ឆ្នាំ​២០១៩​។​



​ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​ឡាវ​នេះ ធ្វើឡើង​ក្រោយ​ពេលដែល​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​ពី​រឿង​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។​ក្នុងពេលដែល​លោក ប្រាក់ សុខុន ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ឡាវ លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត គឺ​បាន​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់ ត្រង់​ទៅ​ត្រង់​មក ទាក់ទង​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ផងដែរ ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​កាបរទេស​កម្ពុជា​។​

​កាលពី​ថ្ងៃទី​១៤ ខែសីហា កងទ័ព​ឡាវ មាន​គ្នា​ប្រមាណ​២០​នាក់ បាន​ចូលមក​កាន់កាប់​តំបន់​នេះ ដោយ​សំអាងថា តំបន់​នោះ​ជា​ទឹកដី​របស់​ពួកគេ​។​ក្រោយ​ទទួលបាន​ដំណឹង​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចរចា​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​២៤ សីហា ដោយ​ស្នើ​សុំឱ្យ​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​តំបន់​ព្រំដែន​នេះដែរ​។ តាមរយៈ​ការចរចា​គ្នា​នោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានស្នើ​ឱ្យ​ភាគី​ឡាវ​ដកទ័ព​ចេញពី​តំបន់​មុំ​បី​នោះ ហើយ​កម្ពុជា​ក៏​ដក​កម្លាំង​ចេញ​ដូចគ្នា​ដែរ ដើម្បី​ទុកពេល​ចរចា​បន្តទៀត​។ កងទ័ព​កម្ពុជា និង​ឡាវ បាន​ដកចេញ​រៀងខ្លួន​ពី​ព្រំដែន នៅ​ចំណុច​តំបន់​មុំ ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​២៩ សីហា​៕


© រក្សាសិទ្ធិដោយ thmeythmey.com