អន្តរជាតិ
រុះរើ​គណៈរដ្ឋមន្ត្រី​លើក​ទី​៧ លោក អា​បេ ប្ដូ​រដ្ឋមន្ត្រី​ការពារជាតិ និង​ការបរទេស
12, Sep 2019 , 10:19 am        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ និងសមាជិកគណៈរដ្ឋមន្រ្តីថ្មី។ រូបភាព AFP
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ និងសមាជិកគណៈរដ្ឋមន្រ្តីថ្មី។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​១១ ខែកញ្ញា បានប្រកាស​រុះរើ​គណៈរដ្ឋមន្ត្រី​របស់ខ្លួន ខណៈ​លោក​កំពុងស្ថិត​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់តំណែង​នាយករដ្ឋមន្ត្រី​យូរ​ជាងគេ​របស់​ជប៉ុន​។ ជាការ​រុះរើ​លោក​ទី​៧ លោក អា​បេ បាន​ផ្លាស់ប្ដូរ​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ និង​ការបរទេស ហើយ​តែងតាំង​អ្នកនយោបាយ​វ័យក្មេង​មាន​ប្រជាប្រិយភាព​ម្នាក់​ជា​រដ្ឋមន្ត្រី​។ ដូច​រាល់ដង​ដែរ ស្ត្រី​នៅតែមាន​ចំនួន​តិចតួច​ដដែល​ក្នុង​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ជប៉ុន​ថ្មី​។​



​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម តូ​ស៊ី​មី​ស៊ុ ម៉ូ​តេ​គី ក្លាយជា​រដ្ឋមន្ត្រីការបរទេស ឯ​រដ្ឋមន្ត្រីការបរទេស តា​រ៉ូ កូ​ណូ ក្លាយជា​រដ្ឋមន្ត្រី​ការពារជាតិ ហើយ​អ្នកនយោបាយ​វ័យក្មេង ស៊ីន​ជី​រ៉ូ កូ​អ៊ី​ស៊ូ​មី ក្លាយជា​រដ្ឋមន្ត្រី​បរិស្ថាន ខណៈ​អតីត​កីឡាការិនី​អូឡាំពិក សេ​កូ ហា​ស៊ី​ម៉ូ​តុ ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​រៀបចំ​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ ។ នេះ​ជាការ​ផ្លាស់ប្ដូរ​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុងការ​រុះរើ​គណៈរដ្ឋមន្ត្រី​លើក​ទី​៧ របស់​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​១១ ខែកញ្ញា​។

​ការផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ពេលនេះ ត្រូវបាន​មើលឃើញថា ជាការ​ទាក់ទាញ​អ្នកបោះឆ្នោត​ជប៉ុន ខណៈ​លោក អា​បេ កំពុងស្ថិត​លើ​ដំណើរ​ផ្លូវ​ទៅកាន់​តំណែង​នាយករដ្ឋមន្ត្រី​កាន់អំណាច​យូរ​ជាងគេ​របស់​ជប៉ុន​នៅ​ខែវិច្ឆិកា​ខាងមុខ​។ ក្រៅពី​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ជាច្រើន លោក អា​បេ បាន​រក្សាទុក​សម្ព័ន្ធមិត្ត​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ដដែល​។ លោក តា​រ៉ូ អាសូ បន្ត​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច ខណៈ​លោក យូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា បន្ត​ជា​ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​។​

​ការតែងតាំង​លោក ម៉ូ​តេ​គី ជា​រដ្ឋមន្ត្រីការបរទេស ត្រូវបាន​មើលឃើញថា ជា​រង្វាន់​សម្រាប់​រូបលោក​ដែល​ប្រឹងប្រែង​ក្នុង​វិស័យ​ពាណិជ្ជកម្ម ពិសេស​ការចរចា​ជាមួយ​អាមេរិក​អំឡុងពេល​កាន់តំណែង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​។ ចំណែក​ការតែងតាំង​លោក កូ​ណូ ជា​ប្រមុខ​ការពារជាតិ​ថ្មី​ជំនួស​លោក តា​កេ​ស៊ី អ៊ី​វ៉ា​យ៉ា នោះ អាចជា​ការពង្រឹង​ជំហរ​រឹង​ត្អឺ​ង​ថែមទៀត​របស់​ក្រុង​តូ​ក្យូ ស្រប​ពេលដែល​ទំនាក់ទំនង​ជាមួយ​ក្រុង​សេ​អ៊ូ​ល​កំពុង​យ៉ាប់យ៉ឺន​។​

​ការតែងតាំង​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​វត្តមាន​លោក ស៊ីន​ជី​រ៉ូ ក្នុង​តំណែង​រដ្ឋមន្ត្រី​បរិស្ថាន​។ លោក ស៊ីន​ជី​រ៉ូ ជា​កូនប្រុស​អតីត​នាយករដ្ឋមន្ត្រី ជូ​នី​ឈី​រ៉ូ កូ​អ៊ី​ស៊ូ​មី ដែលជា​មេដឹកនាំ​ទទួលបាន​ការគោរព​ស្រឡាញ់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​ជប៉ុន​។ ក្នុង​វ័យ​៣៨​ឆ្នាំ លោក ស៊ីន​ជី​រ៉ូ ក្លាយជា​រដ្ឋមន្ត្រី​វ័យក្មេង​ជាងគេ​ទី​បី​របស់​ជប៉ុន​ក្រោយ​សង្គ្រាមលោកលើកទីពីរ​។ លោក អា​បេ ជឿជាក់ថា រដ្ឋមន្ត្រី​វ័យក្មេង​នេះ នឹង​កាន់​ការងារ​បានល្អ​។​

​ជា​សមាជិកសភា​ជាន់​ទាប​របស់​ជប៉ុន​ផង​នោះ លោក ស៊ីន​ជី​រ៉ូ ត្រូវបាន​មើលឃើញថា ជាតា​រា​រះ​ក្នុង​ឆាកនយោបាយ​នយោបាយ​របស់​ជប៉ុន និង​ទំនងជា​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក អា​បេ នៅ​ឆ្នាំ​២០២១ ផងដែរ​។ ការតែងតាំង​អ្នកនយោបាយ​វ័យក្មេង​ជា​រដ្ឋមន្ត្រី​បែបនេះ នឹង​ជួយ​លើកស្ទួយ​ប្រជាប្រិយភាព​បក្ស​កាន់អំណាច​ប្រជាធិបតេយ្យ​សេរី​មួយកម្រិត​ទៀត​ពិសេស​ក្នុងចំណោម​អ្នកបោះឆ្នោត​វ័យក្មេង​តែម្ដង​។ 

​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត គឺ​ចំនួន​ស្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​។ លោក អា​បេ តែងតាំង​ស្ត្រី​ពីរ​នាក់​ប៉ុណ្ណោះ​ជា​រដ្ឋមន្ត្រី​ក្នុងការ​រុះរើ​លើក​នេះ​។ ក្រៅពី​លោកស្រី ហា​ស៊ី​ម៉ូ​តុ ដែល​ទទួលបន្ទុក​ការរៀបចំ​កីឡា​អ​ឡាំ​ពិ​ក លោកស្រី សា​ណេ តា​កា​អ៊ិ​ឈិ គឺជា​រដ្ឋមន្ត្រី​មហាផ្ទៃ​។ រដ្ឋមន្ត្រី​រូបនេះ ជា​អ្នកនយោបាយ​ប្រកាន់​តឹង និង​ជាតិនិយម​ខ្លាំង​។ ជារឿយៗ លោកស្រី តា​កា​អ៊ិ​ឈិ តែង​ធ្វើដំណើរ​ទៅកាន់​វិហា​រយ៉ា​ស៊ូ​គូ​នី​ដើម្បី​រំឭក​គុណ​យោធា​ជប៉ុន ទោះជា​ទីតាំង​នេះ​ជា​រឿងចម្រូងចម្រាស​ក្ដី​៕

Tag:
 ជប៉ុន​
  ស៊ិន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com