កីឡាអន្តរជាតិ
អន្តរជាតិ
ទំនេរ​យូរពេក លោក Mourinho អន្ទះសា​ចង់​ត្រឡប់​ទៅធ្វើជា​អ្នកចាត់ការ​វិញ
13, Sep 2019 , 2:09 pm        
រូបភាព
​ទំនេរ​ពី​ការងារ​លើ​វាលស្មៅ​អស់​រយៈពេល​ជិត​មួយឆ្នាំ លោក Jose Mourinho ថា​ឆ្អែតឆ្អន់​ជាមួយ​ថ្ងៃ​ឈប់សម្រាក​របស់លោក​ហើយ​។ ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃទី​១២ ខែកញ្ញា អតីត​អ្នកចាត់ការ Man Utd បង្ហាញ​អារម្មណ៍​ធុញទ្រាន់ ហើយ​អន្ទះសា​ចង់​ចូលប្រឡូក​ក្នុង​អាជីព​នេះ​វិញ ប៉ុន្តែ​បដិសេធ​មិន​ចូល​ដឹកនាំ​ជម្រើសជាតិ ឬ​ចូល​ក្រុម​ណាមួយ​នៅ​ពាក់កណ្តាល​រដូវ​កាល​ឡើយ​។​



​លោក Mourinho ត្រូវ Manchester United បញ្ចប់​តំណែង​អ្នកចាត់ការ​ទូទៅ កាលពី​ខែធ្នូ ឆ្នាំ ២០១៨ បន្ទាប់ពី​ដឹកនាំ​បាន​រយៈពេល​២​ឆ្នាំ​។ ការបញ្ចប់​តំណែង​ទាំង​នៅសល់​កិច្ចសន្យា​នេះ ដ្បិត​ក្រុម​បិសាច​ក្រហម​ទទួលបាន​លទ្ធផល​មិន​គាប់ប្រសើ ហើយ​ថែមទាំង​មាន​គម្លាត​ពិន្ទុ​ឆ្ងាយ​ពី​គូប្រជែង Manchester City លើសលុប​ពេក​។​

​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ចាប់ផ្តើម​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាមរយៈ​ការដឹកនាំ​ក្រុម FC Porto ឈ្នះ​ពានរង្វាន់​កំពូល​អឺរ៉ុប UEFA Champions League ឆ្នាំ​២០០៤ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល មុន​បន្តទៅ​ចូលរួម​ជាមួយ Chelsea, Real Madrid, Inter Milan និង​ចុងក្រោយ Man Utd​។​



​លោក Mourinho បានដាក់​រហស្សនាម​ឲ្យ​ខ្លួនឯង​ថា «The Special One» នៅពេល​ឡើងជា​អ្នកចាត់ការ​តោ​ខៀវ​។ ការដាក់​រហស្សនាម​បែបនេះ នៅក្រោយពេល Chelsea ថា​ពួកគេ​កំពុង​ស្វែងរក​អ្នកចាត់ការ​លំដាប់​កំពូល​ម្នាក់​ទៅ​ដឹកនាំ​ក្រុម ហើយ Mourinho ក៏​អះអាងថា​ខ្លួន​ជាម​នុស្ស​ពិសេស​ម្នាក់​នោះ​។​

​ឆ្លើយ​នឹង​សំណួរ ថា​តើ​លោក​រីករាយ​នឹង​ការឈប់​សម្រាក​ដ៏​យូរ​បន្ទាប់ពី​ការដឹកនាំ​រយៈពេល​ច្រើន​ឆ្នាំ​នោះ Mourinho ឆ្លើយថា​លោក​សម្រាក​ឆ្អែត​រហូត​ធុញទ្រាន់​ទៅហើយ​។ «​ខ្ញុំ​បាន​ចំណាយពេល​សម្រាក​យូរ​ជា​លើកដំបូង ខ្ញុំ​បាន​យល់​ពី​អារម្មណ៍​នេះ​ច្បាស់​នេះ​»​។​

​ខណៈពេល​ការប្រកួត​ពានរង្វាន់​អឺរ៉ុប Euro 2020 ឈានចូល​មកដល់ គ្រូបង្វឹក​វ័យ​៥៦​ឆ្នាំ​រូបនេះ ត្រូវ​ពិធីករ​សួរ​ទៀតថា តើ​លោក​នឹងចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ដែរឬទេ​? Mourinho ឆ្លើយ​ភ្លាម​ថា ប្រហែលជា​១០​ឆ្នាំ​ទៀត​លោក​នឹងចូលរួម​ជាមួយ​ជម្រើសជាតិ​។​

«​នាំ​ក្រុម​មួយ​ទៅ​ប្រកួត​ជើងឯក​អឺរ៉ុប ឬ World Cup ខ្ញុំ​អាចឈាន​ដល់​វគ្គ​នោះ​។ ប៉ុន្តែ​រយៈពេល​២​ឆ្នាំ ទើប​មានការ​ប្រជែង​ពាន​ម្តង​គឺ​ប្រកួត​តិចតួច​ណាស់ មិន​សម​នឹង​ខ្ញុំ​ទេ​…​ខ្ញុំ​ចូលចិត្ត​មើល​ការហ្វឹកហាត់​ប្រចាំថ្ងៃ និង​លេង ២ ទៅ ៣ ប្រកួត​ក្នុង​មួយ​សប្តាហ៍​»​។ នេះ​មានន័យថា Mourinho មិន​ចង់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ឡើយ ហើយ​លោក​ក៏បាន​បញ្ជាក់​ច្បាស់​ដែរ​ថា​នឹងមិន​ចូលរួម​ជាមួយ​ក្លិប​នៅ​ពាក់កណ្តាល​រដូវ​កាល​ដែរ ពោលគឺ​លោក​ចង់​ស្វែងរក​ក្លិប​ដែល​ចាប់ផ្តើម​នៅ​ដើមរដូវ​កាល​ក្រោយ​។​

​លោក Mourinho ដែលមាន​ការងារ​ជា​ពិធីករ​ទូរទស្សន៍​ដែរនោះ បន្ថែមថា​កាល​លោក​នៅ​ដឹកនាំ Real Madrid គឺ​ពិតជា​ទទួលបាន​លទ្ធផល​ល្អ​បំផុត ពីព្រោះ​ដោយសារតែ​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ជាមួយ Barcelona៕


Tag:
 Jose Mourinho
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com