អន្តរជាតិ
Google យល់ព្រម​បង់ប្រាក់​១​ពាន់​លាន​ដុល្លារ​ឲ្យ​បារាំង​ដើម្បី​បញ្ចប់​សំណុំរឿង​ពន្ធ​
13, Sep 2019 , 4:10 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​ក្រុមហ៊ុន​អ៊ីនធឺណិត​យក្ស​របស់​អា​មេ​រិ​ក Google បាន​យល់ព្រម​បង់ប្រាក់​ចំនួន​៩៤៥​លាន​អឺរ៉ូ ស្មើនឹង​១​ពាន់​លាន​ដុល្លារ ដើម្បី​បញ្ចប់​ជម្លោះ​ពន្ធ​ជាមួយ​បារាំង​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​តុលាការ​បារាំង​នៅ​ថ្ងៃទី​១២ ខែកញ្ញា​។​



​ក្នុង​សេចក្ដីប្រកាស​របស់​តុលាការ ក្រុមហ៊ុន Google នឹង​បង់ប្រាក់​ពិន័យ​ចំនួន​៥០០ លាន​អឺរ៉ូ​សម្រាប់​ដោះស្រាយ​ករណី​គេចពន្ធ និង​ចំនួន ៤៦៥ លាន​អឺរ៉ុប​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​អាជ្ញាធរ​ពន្ធ​នៅ​បារាំង​។  ឯ Google ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន បានបញ្ជាក់​ពី​ដំណោះស្រាយ​នេះ និង​បាន​សាទរ​នូវ​អ្វីដែល​ខ្លួន​ចាត់ទុកជា​ការបញ្ចប់​ប​ញ្ហា​សារពើពន្ធ​ជាមួយ​បារាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​

​ដំណោះស្រាយ​បង់ប្រាក់​ពិន័យ​នេះ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ ស្រដៀង​គ្នា​នឹង​កិច្ចព្រមព្រៀង​រវាង Google ជាមួយ​អ៊ីតាលី​និង​អង់គ្លេស​ដែរ តែ​កិច្ចព្រមព្រៀង​ជាមួយ​បារាំង​មាន​ទំហំ​ធំ​ទឹកប្រាក់​ធំ​ជាង​។ ក្រោយ​ដោះស្រាយ​ចប់ Google និយាយថា ខ្លួន​ចង់ឃើញ​កំណែទម្រង់​រួមមួយ​សម្រាប់​ក្របខ័ណ្ឌ​ពន្ធអាករ​អន្តរជាតិ​ដ៏​ច្បាស់លាស់​មួយ​។​

​កាលពី​ឆ្នាំ ២០១៦ ក្រុមហ៊ុន Google បាន​ចំណាយ​ប្រាក់​ចំនួន ១៣០ លាន​អឺរ៉ូ​ក្នុងការ​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​អង់គ្លេស​ហើយ​នៅ​ឆ្នាំ ២០១៧ បាន​យល់ព្រម​ចំណាយលុយ​៣០៦​លាន​អឺរ៉ូ​ដើម្បី​ដោះស្រាយ​ជម្លោះ​ពន្ធ​នៅ​អ៊ីតាលី​ផង​។​

​រដ្ឋមន្ត្រី​យុត្តិធម៌​បារាំង លោក Nicole Belloubet និង​រដ្ឋមន្ត្រី​ថវិកា លោក Gerald Darmanin បាន​ស្វាគមន៍​ចំពោះ​ការដោះស្រាយ​យ៉ាង​ម៉ឺងម៉ាត់​នៃ​រាល់​បញ្ហា​ចម្រូងចម្រាស​កន្លងមក​។ សេចក្តីថ្លែងការណ៍​រប​ស់​ពួកគេ​បញ្ជាក់ថា​៖ «​លទ្ធផល​នេះ​គឺជា​ដំណឹង​ល្អ​សម្រាប់​ហិរញ្ញវត្ថុ​សាធារណៈ និង​យុត្តិធម៌​សារពើពន្ធ​នៅ​បារាំង​»​។​

​ការដោះស្រាយ​បញ្ហា​ពន្ធ​រវាង​បារាំង និង Google នេះ​បាន​កើតឡើង​ចំពេល​បារាំង​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ព្យាយាម​ស្វែងរក​មូលដ្ឋាន​រួមជាមួយ​អាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា​យកពន្ធ​របស់​ក្រុមហ៊ុន​យក្ស​ឌីជីថល​លើ​ពិភពលោក​។​

Google ដូចជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ធំ ៗ ដទៃទៀត​ដែរ មាន​ការិយាល័យ​កណ្តាល​ប្រចាំ​អឺរ៉ុប​នៅ​អៀរ​ឡង់​ដែល​ទីនោះ​រដ្ឋាភិបាល​បានកំណត់​អត្រាពន្ធ​សាជីវកម្ម​ត្រឹមតែ ១២.៥ ភាគរយ​ដើម្បី​គោលបំណង​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​។ ការណ៍​នេះ ធ្វើ​ឲ្យ​ប្រទេស​ឯទៀត​នៅ​អឺរ៉ុប មិន​សុខចិត្ត​ព្រោះ​ក្រុមហ៊ុន​ទាំងនេះ រកស៊ី​បាន​ប្រាក់ចំណូល​ច្រើន តែ​បង់ពន្ធ​តិចតួច​ទៅវិញ​។

​សព្វថ្ងៃ បារាំង​បានអនុម័ត​រួចហើយ​ច្បាប់​ដែល​នឹង​យកពន្ធ​លើ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ធំៗ​ទាំងនោះ​ដែល​បម្រើសេវា​ក​ម្ម​នៅ​បារាំង ទោះ​ពួកគេ​មាន​ទីតាំងនៅ​អឺរ៉ុប​នៅឯណា​ក្ដី​។ អង់គ្លេស​កំពុង​រៀបចំ​ផែនការ​ស្រដៀង​គ្នា​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com