អន្តរជាតិ
ប៉េកាំង នឹង​ចេញពី​បញ្ជី​ទីក្រុង​ដែលមាន​ការបំពុល​ខ្លាំង​បំផុត​ទាំង ២០០
14, Sep 2019 , 12:39 pm        
រូបភាព
​ដោយ ឈួន ឈី​វ​អ៊ីង​

​ទីក្រុង​ប៉េកាំង​របស់​ចិន កំពុងស្ថិត​ក្នុងការ​តាមដាន ដើម្បី​ដកចេញ​ពី​បញ្ជី​នៃ​ទីក្រុង​ដែលមាន​ការបំពុល​ខ្លាំង​បំផុត​ទាំង​២០០ លើ​ពិភពលោក​ក្នុងឆ្នាំនេះ​។ បើតាម​ទិន្នន័យ​ដែល​បានបង្ហាញ​ដោយ IQAir AirVisual នៅ​ថ្ងៃទី​១២ កញ្ញា កំហាប់​ផ្សែង​អ័ព្ទ​ដែលមាន​គ្រោះថ្នាក់ បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ខែសីហា​កន្លងទៅ​។​



​ទិន្នន័យ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​គុណភាព​ខ្យល់​នៃ​ប្រទេស​ស្វី​ស IQAir AirVisual បាន​បង្ហាញថា ទីក្រុង​ប៉េកាំង នឹង​កាត់បន្ថយ​កម្រិត​នៃ​ធាតុ​តូចៗ​ដែល​បំផ្លាញ​សួត ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា PM2.5 ជិត ២០​ភាគរយ នៅ​ឆ្នាំនេះ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៨ ហើយ​ជិត​មួយ​ភាគបី នៃ​ឆ្នាំ ២០១៧​។​

​កន្ល​មក ប៉េកាំង ស្ថិតនៅ​ជួរមុខ​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការបំពុល​បរិស្ថាន​រប​ស់​រដ្ឋាភិបាល​ចិន​ដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ ២០១៤ ។ រោងចក្រ និង​ទីតាំង​ឧស្សាហកម្ម​ដែល​បំពុល​បរិ​យាស​ខ្លាំង ត្រូវបាន​បិទ​ជា​បន្តបន្ទាប់​។ អាជ្ញាធរ ក៏បាន​កែលម្អ​ស្តង់ដារ​ប្រេងឥន្ធនៈ ការ​បំ​ភាយ​ឧស្ម័ន និង​កាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម​ទាំង​នៅក្នុង​ទីក្រុង និង​តាម​ជនបទ​។​

​ក្នុង​រយៈពេល ៨ ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩ ទីក្រុង​ប៉េកាំង​មាន​អត្រា PM2.5 ជា​មធ្យម​ក្នុង​មួយ​ម៉ោង​គឺ ៤២,៦ មីក្រូ​ក្រាម គឺ​ទាប​ជាង​ឆ្នាំមុន ១៩,៣​ភាគរយ​។ តួលេខ​នេះ​គឺ​តិចជាង​ពាក់កណ្តាល​នៃ​អត្រា​ជា​មធ្យម​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០០៩ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Reuters​។​

​ទិន្នន័យ​បានបង្ហាញ​ថា ការប្រមូលផ្តុំ PM2.5 ក្នុង​មួយ​ម៉ោង​ជា​មធ្យម​របស់​ទីក្រុង​ប៉េកាំង ក្នុង​ខែសីហា​គឺ ២២,១ មីក្រូ​ក្រាម ដែលជា​អត្រា​ប្រចាំខែ​ទាប​បំផុត​ចាប់តាំងពី​ការកត់ត្រា​បានចាប់ផ្តើម​នៅក្នុង​ខែមេសា​ឆ្នាំ ២០០៨ ។

​ប្រទេស​ចិន​បាន​និយាយថា ខ្លួន​នឹង​ប្រកាន់យក​វិធានការ​ដែលមាន​ប្រសិទ្ធិភាព​បន្ថែម ក្នុងអំឡុង​យុទ្ធនាការ​ប្រឆាំងនឹង​ការបំពុល​បរិស្ថាន​ក្នុង​ឆ្នាំ ២០១៩ ប៉ុន្តែ​ក៏​មិន​បន្ធូរបន្ថយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ឬ​បន្ធូរបន្ថយ​ការបង្ក្រាប​ទៅលើ​អ្នករំលោភ​បំពាន​ឡើយ​។

​ទីក្រុង​ប៉េកាំង​បាន​និយាយ​រួចហើយ​ថា ខ្លួន​នឹង​រឹតត្បិត​លើ​ការលក់​កាំជ្រួច និង​ការលក់​ប្រេងឥន្ធនៈ​នៅ​ខែ​នេះ​ដើម្បី​ធានា​ការកាត់បន្ថយ​ការបំពុល​បរិយាកាស នៅ​អំឡុងពេល​ប្រារព្ធ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​នៅ​ថ្ងៃទី ១ ខែតុលា​ខាងមុខ​៕


© រក្សាសិទ្ធិដោយ thmeythmey.com