ជាតិ
សិស្ស​៣​ក្រុម នឹង​នាំយក​ភាពយន្ត​របស់ខ្លួន​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ នៅ​ជប៉ុន​
14, Sep 2019 , 7:19 pm        
រូបភាព
រូប​ពី​ស្ថាន​ទូត​ជប៉ុន
រូប​ពី​ស្ថាន​ទូត​ជប៉ុន
​ភ្នំពេញ​៖ សិស្ស​វិទ្យាល័យ​ចំនួន ៣​ក្រុម​ដែលមាន​សមាជិក ៩​រូប នឹង​នាំយក​ភាពយន្ត​ខ្លី​របស់ខ្លួន ទៅ​ប្រកួតប្រជែង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ជប៉ុន ក្នុង​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​ឆ្នាំ​២០១៩ បន្ទាប់ពី​ជាប់​ជ័យលាភី នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុងប្រទេស​កម្ពុជា​។​



​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុងប្រទេស​កម្ពុជា​លើ​ទី​១១ នៃ​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី (AICFF) នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ចន្ទ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​២:០០​នាទី​រសៀល នៅ​សាល​អង្គរ​គី​ហ្សូ​ណា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC)​។ ការ​ប្រ កួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​រៀបចំ​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា រួមសហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​។

​តើ​អ្នក​យល់​យ៉ាងណា​ចំពោះ​ការបង្ក​បញ្ហា​ដល់​អ្នកដទៃ​? តើ​វា​ត្រឹមត្រូវ​ទេ សម្រាប់តែ​ផល​ប្រ យោជន៍​ផ្ទាល់ខ្លួន​? តើ​អ្នក​អាច​គិតដល់​អ្នកដទៃ​ផង​បាន​ដែរឬទេ​? នេះ​គឺជា​ប្រធានបទ​សម្រាប់​ប្រកួតប្រជែង​ឆ្នាំ​២០១៩​នេះ​។

​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ មាន​ភាពយន្ត​ខ្លី​៣​នាទី ចំនួន​៦៩​រឿង ផលិតឡើង​ដោយ​សិស្ស​មកពី​៣៤​វិទ្យាល័យ បានដាក់​ពាក្យ​ចូលរួម​ប្រកួត​។ ហើយ​រឿង​ខ្លី​ចំនួន​១៥​រឿង ត្រូវបាន​ជ្រើសរើស​ដើម្បី​បញ្ចាំង​ក្នុងការ​ប្រកួតប្រជែង​។ ភាពយន្ត​ល្អផ្ដាច់គេ​ចំនួន​៣​រឿង ដែល​ជាប់​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ នឹង​នាំយកទៅ​ប្រកួត​បន្ត​នៅក្នុង​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​ក្នុងចំណោម​សិស្ស​វិទ្យាល័យ​នៃ​ប្រទេស​ជប៉ុន និង​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០​ប្រទេស ព្រមទាំង​ប្រទេស​ចិន ម៉ុង​ហ្គោល កូរ៉េខាងត្បូង តៃវ៉ាន់ និង​ទី​ម័​រ​ខាងកើត​។



​សិស្ស​វិទ្យាល័យ​ចំនួន​៣​ក្រុម មាន​សមាជិក​សរុប​៩​រូប ដែល​ជាប់​ជ័យលាភី​ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​ត្រូវបាន​អញ្ជើញ​ទៅ​ប្រទេស​ជប៉ុន​ក្រោម​កម្មវិធី JENESYS 2019 ដោយ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ចូលរួម​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​មហោស្រព នៅ​ទីក្រុង​មិណា​មិ អាវ៉ា​ជិ ខេត្ត​ហ៊ី​យ៉ូ​ហ្គោ ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៩​។

​ស្ថានទូត​ជប៉ុន​សង្ឃឹមថា តាមរយៈ​មហោស្រព​នេះ មិត្តភាព​និង​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក នឹង​ត្រូវបាន​កសាងឡើង​ក្នុងចំណោម​យុវជន​នៅ​តំបន់​អាស៊ី​៕



Tag:
 ភាពយន្ត​
 ​សិស្ស​
 ​កុមារ​
 ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com