ជាតិ
សិស្ស​និទ្ទេស A ឆ្នាំ​២០១៦ ណាំ នុ​ន ប្រាប់​គន្លឹះ​ប្រឡង​យក​អាហារូបករណ៍​ពីសា​លា​តិច​ណូ​
14, Sep 2019 , 9:39 pm        
រូបភាព
​ដោយ​៖ សុវណ្ណ ស្រី​ពេជ្រ​

​ភ្នំពេញ​៖ ការប្រឡងប្រជែង​យក​អាហារូបករណ៍ ពី​បណ្តា​គ្រឹះស្ថានសិក្សា​នៅ​រាជធានី​ភ្នំពេញ មិនមែន​រឿង​ងាយ​ឡើយ សម្រាប់​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប​។  និស្សិត ណាំ នុ​ន ដែលជា​អតីត​និស្សិត អាហារ​រូបករណ៍​ជំនាញ​វិស្វកម្ម​អគ្គិសនី​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(​តិច​ណូ​)  តាមរយៈ​សារព័ត៌មាន​ថ្មីៗ បាន​ចែករំលែក​គន្លឹះ​សំខាន់ៗ ដែល​អាច​ឲ្យ​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប មានឱកាស​ជោគជ័យ​ខ្ពស់​ក្នុង​ការប្រឡង​យក​អាហារូបករណ៍​ពី ITC​។



​ទោះបីជា​សាកលវិទ្យាល័យ​ធំៗ​មួយចំនួន ក្នុង​រាជធានី ប្រកាស​ផ្ដល់​អាហា​រូប​រណ៍​ព្រោងព្រាត​ក៏ដោយ ក៏​សិស្ស​ដែល​ទើប​ប្រឡង​ចប់​បាក់​ឌុប មាន​កង្វល់​ក្នុងការ​ជ្រើសរើស​គ្រឹះស្ថានសិក្សា ពិសេស​ការប្រឡង​យក​អាហារូបករណ៍​នានា​។

​យុវជន ណាំ នុ​ន ជា​អតីត​និស្សិត​អាហារូបករណ៍​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​ជា​សិស្ស​ពូកែ​រូបវិទ្យា​ប្រចាំខេត្ត​កណ្ដាល កាលពី​ឆ្នាំ​២០១៦ បានផ្តល់​ជា​គន្លឹះ​សំខាន់ៗ​មួយចំនួន ក្នុងការ​ប្រឡង​យក​អាហារូបករណ៍​ទៅដល់​សិស្ស​ទើប​ប្រឡង​ជាប់​បាក់​ឌុប​។ ណាំ នុ​ន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បន្ទាប់ពី​ប្រឡង​បាក់​ឌុប​ចប់​ភ្លាម រូបគេ​បាន​ត្រៀមខ្លួន និង​ដុស​ខាត​បន្ថែម លើ​មុខវិជ្ជា​គណិត រូប គីមី និង​តក្ក​វិទ្យា នៅ​សាលា​ឯកជន​ផង និង​សិក្សា​ជាមួយ​សាស្ត្រាចារ្យ​នៅ ITC​ផង ដើម្បី​ប្រឡង​យក​អាហារូបករណ៍​ផ្នែក​វិស្វកម្ម​អគ្គិសនី នៅ ITC ។



​ណាំ នុ​ន បន្ថែម​៖ «​ការរៀន​ត្រៀម​ចូល​សាលា​ទិ​ក​ណូ ខ្ញុំ​បាន​ខិតខំ​ស្រាវជ្រាវ​ទាំង​លំ​ហាត់​ថ្មី និង​ចាស់​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​តក្ក​វិទ្យា ដែល​សុទ្ធសឹង​ជា​មុខវិជ្ជា​ដែល​ទើបតែ​រៀន​ចប់​ពី​ថ្នាក់​ទី​១២​។ ពេល​ហ្នឹង​ខ្ញុំ​ខំ​អនុវត្ត​លំ​ហាត់​ទាំងអស់ ឲ្យ​បាន​ស្ទាត់ជំនាញ និង​ដាក់ចិត្ត​រៀន​ឲ្យ​បាន​ទៀងទាត់ ទើប​មានឱកាស​ប្រឡង​យក​អាហារូបករណ៍​នេះ​បាន​ជោគជ័យ​»​។

​ដោយឡែក​នៅក្នុងពេល​ប្រឡង​វិញ និស្សិត ណាំ នុ​ន ដែល​ប​ច្ច​ប្បន្ន​កំពុង​រៀន​ជំនាញ បរិញ្ញាបត្រ​វិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ជប៉ុន ក្រោម​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន បញ្ជាក់​បន្តថា បេក្ខជន​ត្រូវតែ​តាំងស្មារតី​ឲ្យ​បានល្អ កុំ​ភ័យ និង​ត្រូវ​ច្បាស់លាស់​លើ​ប្រធាន​លំ​ហាត់ មុន​ចាប់ផ្តើម​សរសេរ​ចម្លើយ ចៀសវាង​មាន​កំហុស​ដែល​បណ្តាល​ឲ្យ​មានការ​លុប ឬ​ឆូត រញ៉េរញ៉ៃ​៕




© រក្សាសិទ្ធិដោយ thmeythmey.com