គីរីវង់​បើកទ្វារ​សងសឹក​ក្រោ​ន ខណៈ​បឹងកេត​ប៉ះ​អាស៊ី​អឺរ៉ុប មុន​ណាហ្គា​និង​ស្វាយរៀង​ធ្វើ​ម្ចាស់ផ្ទះ​
កីឡាជាតិ
ជាតិ
គីរីវង់​បើកទ្វារ​សងសឹក​ក្រោ​ន ខណៈ​បឹងកេត​ប៉ះ​អាស៊ី​អឺរ៉ុប មុន​ណាហ្គា​និង​ស្វាយរៀង​ធ្វើ​ម្ចាស់ផ្ទះ​
15, Sep 2019 , 11:20 am        
រូបភាព
​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​២២​នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែកញ្ញា​នេះ មានការ​ប្រកួត​ចំនួន​៤​គូ ដែល​ធ្វើឡើង​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ​គីរីវង់​សុខ​សែន​ជ័យ បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ទទួលភ្ញៀវ​ភ្នំពេញ​ក្រោ​ន ខណៈ​បឹងកេត​ស្វាគមន៍​អាស៊ី​អឺរ៉ុប​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ដូចគ្នា​។ ចំណែក​ណាហ្គា​វើ​ល​ប៉ះ​កំពង់ចាម​នៅ​ស្តា​ត​ចាស់ រីឯ​ព្រះខ័ន​រាជ​ស្វាយរៀង​បើកទ្វារ​កីឡដ្ឋាន ទទួល​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​នៅ​ម៉ោង​៦​ល្ងាច​ដូចគ្នា​។



​ទោះបី​អស់​ឱកាស​ប្រជែង​ដណ្តើមពាន​និង​ចំណាត់ថ្នាក់​ក៏ដោយ តែ​ការបើកទ្វារ​កីឡដ្ឋាន​ខ្លួន​ទទួល​ភ្នំពេញ​ក្រោ​ន វា​ជា​ឱកាស​សម្រាប់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ដើម្បី​ជម្រះបញ្ជី​ចាស់ ដែល​ក្រុម​នេះ​បាន​យកឈ្នះ​ខ្លួន ២-១ នៅ​ជើង​ទី​១​។ ភ្នំពេញ​ក្រោ​ន ដែល​អស់​ឱកាស​ប្រជែង​ដណ្តើមពាន​ផង​នោះ ត្រូវការ​ឈ្នះ​នៅថ្ងៃនេះ ដើម្បី​បាន​៣​ពិន្ទុ​បន្ថែម សម្រាប់​បន្ត​ក្តីសង្ឃឹម​ប្រជែង​ដណ្តើម​លេខ​២ ឬ​លេខ​៣​។ កាលពី​សប្តាហ៍​មុន ក្រុម​ក្រោម​ការដឹកនាំ​បណ្តោះអាសន្ន​របស់លោក ស៊ុំ វណ្ណា មួយ​នេះ បាន​យកឈ្នះ​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ២-១ ខណៈ​គីរីវង់​សុខ​សែន​ជ័យ​យកឈ្នះ​ក្រសួងការពារជាតិ ២-១ ផងដែរ​។ បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​ស្ថិតនៅ​លេខ​រៀង​ទី​៦​មាន​៣៥​ពិន្ទុ រីឯ​គីរីវង់​សុខ​សែន​ជ័យ​ស្ថិតនៅ​លេខ​១០​មាន​២៥​ពិន្ទុ​។

​ក្រោយ​បរាជ័យ ២-១ ក្រោម​ថ្វី​ជើងព្រះ​ខ័ន​រាជ​ស្វាយរៀង​កាលពី​សប្តាហ៍​មុន បានធ្វើ​ឲ្យ​ឱកាស​ប្រជែង​ដណ្តើមពាន​របស់​បឹងកេត កាន់តែ​ខើច​ខ្លី ខណៈ​បច្ចុប្បន្ន​ពួកគេ​ស្ថិតនៅ​លេខ​រៀង​ទី​៥​មាន​៤១​ពិន្ទុ ដោយមាន​គម្លាត​១៤​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង ស្របពេល​ការប្រកួត​នៅសល់តែ​៥​ប្រកួត​ទៀត​ប៉ុណ្ណោះ​។ ដូច្នេះ​បឹងកេត​ត្រូវការ​យកឈ្នះ​អាស៊ី​អឺរ៉ុប​ជា​ចាំបាច់ ដើម្បី​បន្ត​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​ពាន​របស់ខ្លួន​។ ប៉ុន្តែ​ក្នុងករណី​ចាញ់ ឬ​ស្មើ​ជាមួយ​ភ្ញៀវ​អាស៊ី​អឺរ៉ុប នោះ​ក្រុម​ជើងឯក​ពីរ​សម័យកាល​មួយ​នេះ អាច​នឹង​បាត់បង់​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​។

​ជ័យជម្នះ ក៏​ជា​រឿង​ចាំបាច់​ផងដែរ​សម្រាប់​ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​៨​មាន​២៧​ពិន្ទុ​អាស៊ី​អឺរ៉ុប ព្រោះ​ពួកគេ​ត្រូវការ​ឈ្នះ​ដើម្បី​សងសឹក​បឹងកេត ដែល​បាន​យកឈ្នះ​ខ្លួន ៣-២ នៅ​ជើង​ទី​១​លើ​ទឹកដី​ខ្លួន​។ ដូច្នេះ​ការប្រកួត​នៅ​ទឹកដី​បឹងកេត​ម៉ោង​៣:៣០​នាទី​រសៀល​នេះ​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​ទាក់ទាញ ដ្បិត​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ ដើម្បី​បំពេញ​គោលបំណង​រៀងៗ​ខ្លួន​។

​កីឡដ្ឋាន​ស្តា​ត​ចាស់​ក្លាយជា​ទីតាំង​កាត់សេចក្តី​ជំនួប​រវាង​ក្រុម​ណាហ្គា​វើ​ល​ជាមួយ​កំពង់ចាម​នៅ​ម៉ោង​៦​ល្ងាច​នេះ​។ ណាហ្គា​វើ​ល​ដែល​យកឈ្នះ​កំពង់ចាម ១៨-០ នៅ​ជើង​ទី​១ ត្រូវការ​៣​ពិន្ទុ​បន្ថែម ដើម្បី​ពង្រឹង​ទីតាំង​លេខ​៣ ដែល​ខ្លួន​កំពុង​ឈរ​ជាមួយ​៤៤​ពិន្ទុ ពិសេស​ដើម្បី​បន្ត​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​រដូវ​កាល​នេះ​។ ចំណែក​កំពង់ចាម ដែលជា​ក្រុម​ដុនដាប​ជាងគេ​នៅក្នុង​រដូវ​កាល​នេះ រំពឹងថា នឹងមិន​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​ច្រើន​នៅ​ជើង​ទី​២​នេះ​។ ក្រុម​នេះ​ស្ថិតនៅ​លេខ​រៀង​ទី​១៣​មាន​៦​ពិន្ទុ ដែល​អាច​ប្រឈម​នឹង​ការ​កាត់ចេញ​នៅ​រដូវ​កាល​ក្រោយ​។

​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ​នេះដែរ ក្រុម​មិនទាន់​ស្គាល់​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន ទទួលភ្ញៀវ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​។ ក្រៅពី​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់ ជ័យជម្នះ​នៅថ្ងៃនេះ អាចជួយ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​កាន់តែ​ខិតជិត​ទៅរក​ការ​គ្រង​ជើងឯក​នៅ​រដូវ​កាល​នេះ​។ ព្រោះ​បច្ចុប្បន្ន​ពួកគេ​ស្ថិតនៅ​កំពូល​តារាង​មាន​៥៥​ពិន្ទុ ដែលមាន​គម្លាត​៥​ពិន្ទុ​ពី​ក្រុម​ឈរ​លេខ​២ ខណៈ​ការប្រកួត​នៅសល់តែ​៤​ប្រកួត​ទៀត​ប៉ុណ្ណោះ បន្ទាប់ពី​ការប្រកួត​នេះ​។ នៅ​ជើង​ទី​១​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​យុវជន​បាទី ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដាក់​ឲ្យ​ចូលរួម​ប្រកួត ដើម្បី​បទពិសោធ ក្នុង​លទ្ធផល ៣-០​។

​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ក្រុម​វិសាខា​បាន​យកឈ្នះ​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ៣-០ ដើម្បី​បន្ត​ឈរ​លេខ​រៀង​ទី​២​មាន​៥០​ពិន្ទុ​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ភ្នំពេញ​មួយ​នេះ អាច​រក្សា​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់​សម្រាប់​១១​ប្រកួត​ចុងក្រោយ​របស់ខ្លួន​។

​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង តាមរយៈ​យក​ការ​ឈ្នះ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ៤-១​។ ជ័យជម្នះ​នេះ​មានន័យថា ពួកគេ​អាច​សងសឹក​អង្គ​រថា​យ​ហ្គឺ​រ ដែល​បាន​យកឈ្នះ​ខ្លួន ៤-២ នៅ​ជើង​ទី​១​បានសម្រេច​។ ការបរាជ័យ​ក្រោម​ថ្វី​ជើង​ប៉ូលិស ធ្វើ​ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ​អស់​ឱកាស​ប្រជែង​ពាន​នៅ​រដូវ​កាល​នេះ​។ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ក្រុម​សូល​ទី​ឡូ​អង្គរ បាន​បន្ត​យកឈ្នះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ១-០៕


Tag:
 Cambodian League 2019
  គីរីវង់​សុខ​សែន​ជ័យ​
  បឹងកេត​
  ណាហ្គា​វើ​ល​
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com