អាមេរិក ចោទ​អ៊ីរ៉ង់​លើ​ករណី​វាយប្រហារ​រោងចក្រ​ផលិត​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​
អន្តរជាតិ
អាមេរិក ចោទ​អ៊ីរ៉ង់​លើ​ករណី​វាយប្រហារ​រោងចក្រ​ផលិត​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​
15, Sep 2019 , 8:59 pm        
រូបភាព
​ប្រមុខ​ការទូត​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ថ្ងៃទី​១៤ ខែកញ្ញា ចោទ​អ៊ីរ៉ង់​ថា​បាន​ដឹកនាំ​ការវាយប្រហារ​លើ​រោងចក្រ​ផលិត​ប្រេង​ពីរ​កន្លែង​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ធ្វើ​ឲ្យ​អាណាចក្រ​មួយ​នេះ​កាត់បន្ថយ​ការផលិត​ប្រេង​ស្ទើរតែ​ពាក់កណ្តាល​។



​បន្ទាប់ពី​មានការ​ប្រកាស​ពី​សំណាក់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​យេ​ម៉ែន​ថា​បាន​វាយប្រហារ​ទៅ​រោងចក្រ​ផលិត​ប្រេង​ធំៗ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​រួចមក មិនយូរប៉ុន្មាន​ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ចេញមុខ​រិះគន់​ចំៗ​តែ​ម្តងថា ការវាយប្រហារ​លើក​នេះ​គឺ​អ៊ីរ៉ង់​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​។

​តាមរយៈ​ការសរសេរ​នៅលើ​បណ្តាញ Twitter របស់ខ្លួន លោក​ប៉ុ​ម​ប៉េ​អូ បាន​លើកឡើងថា​៖ « អ៊ីរ៉ង់​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​ជិត ១០០​ទីតាំង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ខណៈពេល​លោក​ប្រធានាធិបតី រ៉ូ​ហាន់​នី និង​រដ្ឋមន្ត្រីការបរទេស Zarif ធ្វើ​ពុត​ជា​ចង់ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក​»​។

​ដោយ​គ្មាន​ភស្តុតាង​បញ្ជាក់​ត្រឹមត្រូវ លោក​ប្រមុខ​ការទូត​អាមេរិក​បានត្រឹមតែ​ចោទ​ការវាយប្រហារ​ទៅលើ​រោងចក្រ​ផលិត​ប្រេង​ទាំងពីរ​ថា​ជា​ទង្វើ​របស់​អ៊ីរ៉ង់​។ យ៉ាងណាក៏ដោយ​លោក​ប៉ុ​ម​ប៉េ​អូ ក៏​មិន​ភ្លេច​ឡើយ​ក្នុងការ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ធ្វើការ​ថ្កោលទោស​លើ​សកម្មភាព​មួយ​នេះ ហើយ​និយាយថា​អាមេរិក និង​សម្ពន្ធមិត្ត​របស់ខ្លួន នឹងមាន​ចំណាត់ការ​តប​វិញ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​តេ​ហេ​រ៉ង់​ទទួលខុសត្រូវ​។

​ជាការ​ពិត នា​ថ្ងៃទី​១៤ ខែកញ្ញា ក្រុម​ឧទ្ទាម​ហ៊ូ​ធី​បាន​អះអាងថា ខ្លួន​បាន​បញ្ជា​យន្តហោះ​ដ្រូ​ន​ទៅ​វាយប្រហារ​លើ​រោច​ក្រ​ផលិត​ប្រេង​ពីរ​កន្លែង​នៅក្នុង​ខេត្ត Abqaiq និង​ខេត្ត Khurais អា​រ៉ា​ប៊ី​សា​អូឌីត ។​
​កាលពី​ខែសីហា និង​ខែឧសភា​កន្លងទៅ ក៏បាន​វាយប្រហារ​លើ​ទីតាំង​ផលិត​ប្រេង ៣​កន្លែង​ទៀត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ដែរ​។ ដោយសារតែ​ការវាយប្រហារ​ផ្ទួនៗ​បែបនេះ  គេ​រំពឹងថា​ផលិតកម្ម​ប្រេង​នៅលើ​ពិភពលោក​មានការ​ធ្លាក់​ចុះ​។

​សូមបញ្ជាក់ថា អាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅក្នុង​ឆ្នាំ​២០១៨ ដែល​បង្ក​ឲ្យ​មាន​វិបត្តិ​កើតឡើង​យ៉ាងខ្លាំង​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ជាពិសេស​ជំរុញ​ឲ្យ​អ៊ីរ៉ង់​បង្កើន​ការផលិត​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​។

​ប៉ុន្តែ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​បាន​ធូរស្បើយ​បន្តិច នាពេល​ជំនួប​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ ឬ​G7 ដោយ​ភាគី​បង្ហាញ​ជំហរ​ចង់​ចរចា​។ យ៉ាងណាមិញ​នាពីរ ឬ​បី​សប្តាហ៍​ខាងមុខនេះ អាមេរិក​បាន​និយាយថា  ជំនួប​ក្រៅផ្លូវការ​មួយ​ជាមួយ​អ៊ីរ៉ង់​នៅឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​អាច​នឹង​កើតមានឡើង តែ​អ៊ីរ៉ង់​តប​វិញ​ថា ទាល់តែ​អាមេរិក​លុបចោល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​ខ្លួន​ជាមុនសិន​៕



Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  អារ៉ាប់​ប៊ី​សា​អូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com