ប្រមុខ​ការទូត​តៃវ៉ាន់ លើកយក​មេរៀន​បរាជ័យ​របស់​អតីត​សម្ព័ន្ធមិត្ត​ដែល​បោះបង់​តៃវ៉ាន់​ទៅយក​ចិន​
អន្តរជាតិ
ប្រមុខ​ការទូត​តៃវ៉ាន់ លើកយក​មេរៀន​បរាជ័យ​របស់​អតីត​សម្ព័ន្ធមិត្ត​ដែល​បោះបង់​តៃវ៉ាន់​ទៅយក​ចិន​
15, Sep 2019 , 4:59 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ លោក Joseph Wu បាន​ព្រមាន និង​ក្រើនរម្លឹក​ដល់​សម្ព័ន្ធមិត្ត​របស់ខ្លួន ដែល​ប៉ុនប៉ង​បោះបង់​ចំណងមិត្តភាព​ជាមួយនឹង​តៃវ៉ាន់ ហើយ​ងាក​ទៅរក​ចិន ដើម្បី​ទទួលយក​ផលប្រយោជន៍​ហិញ្ញ​វត្ថុ​។ ប្រមុខ​ការទូត​រូបនេះ បាន​លើកយក​គំរូ​បណ្តា​ប្រទេស​មួយចំនួន ដែល​បានរ​ត់ទៅ​ក្រសោប​ចិន ហើយ​ពេលនេះ នៅ​មិនទាន់មាន​ភាពល្អប្រសើរ​អ្វី​សោះ​។



​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​ទូរទស្សន៍​សិង្ហ​បុរី CNA លោក​រដ្ឋមន្ត្រី Wu បាន​លើកឡើងថា ការសន្យា​ជា​ជំនួយ​ហិរញ្ញវត្ថុ​របស់​ចិន ដើម្បី​ជា​ថ្នូរ​នឹង​ការ​កាត់​ផ្តាច់ចំណង​ការទូត​ជាមួយនឹង​តៃវ៉ាន់ មិនអាច​ជឿជាក់​បានឡើយ​។ លោក​រដ្ឋមន្ត្រី បាន​មានមតិ​បែបនេះ ស្របពេល​ដែល​កោះ​សូ​លូ​ម៉ុ​ន និង​ហៃ​ទី កំពុងតែ​ដើរ​ដល់​ច្រកចេញ​នៃ​ទំនាក់ទំនង​ជាមួយនឹង​តៃវ៉ាន់​រួចហើយ​។​

​លោក​រដ្ឋមន្ត្រី អះអាងថា លោក​មិន​ច្បាស់​ថា ចិន​សន្យា​ផ្តល់​អ្វីខ្លះ​ដល់​ប្រទេស​ទាំងនេះ​នោះទេ ក៏ប៉ុន្តែ​ផ្អែក​តាម​ករណី​មុន ពោលគឺ​តាមរយៈ​បទពិសោធន៍​ប្រទេសមួយ​ចំនួន​ដែល​ចាក​ចេញពី​តៃវ៉ាន់​រួចហើយ ចិន មិនបាន​គោរព​តាម​ការសន្យា​នោះទេ​។​

​ប្រមុខ​ការទូត​រូបនេះ បាន​លើកយក​ករណី រដ្ឋ​នៅ​តំបន់​អាហ្វ្រិក​មួយចំនួន​ដូចជា សៅ​តូ​ម៉េ និង​ប្រាំង​ស៊ី​ប សាធារណៈ​ដូ​មី​និក និង​បួ​គី​ណា​ហ្វា​សូ ដែល​កាលពី​បី​ឆ្នាំមុន បាន​កាត់​ផ្តាច់ចំណង​ការទូត​រាប់​ទសវត្សរ៍​ជាមួយនឹង​តៃវ៉ាន់ ដើម្បី​ទទួលបាន​ជំនួយ​ពី​ចិន ហើយ​នៅពេលនេះ កំពុងតែ​ប្រឈម​នឹង​ស្ថានភាព​ដោះបំណុល​មិន​ចេញ ដោយសារតែ​គ្មាន​លទ្ធភាព​។

​លើសពីនេះទៅទៀត​នោះ តាម​លោក Wu ចិន បាន​សន្យា​ផ្តល់ជំនួយ​ដល់​សៅ​តូ​ម៉េ និង​ប្រាំង​ស៊ី​ប ៦០០ លាន​ដុល្លារ​សម្រាប់​កសាង​ផែ​ទឹក​ជ្រៅ ១ ពាន់​លាន​ដុល្លារ​សម្រាប់​បួ​គី​ណា​ហ្វា​សូ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង ៣ ពាន់​លាន​ដុល្លារ​សម្រាប់​សាធារណរដ្ឋ​ដូ​មី​និក​លើ​ការវិនិយោគ​ក្នុងប្រទេស ក៏ប៉ុន្តែ​គម្រោង​ទាំងនេះ នៅ​មិនទាន់មាន​ពន្លឺ​នៅឡើយ​នោះទេ​។ នេះ មិនទាន់​និយាយ​ដល់​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ចិន​បានផ្តល់​ឲ្យ​បណ្តា​ប្រទេស​ដៃគូ​ផ្សេងទៀត ដូចជា កេ​ន​យ៉ា និង​អេក្វាទ័រ​ផង​៕
 

Tag:
 ចិន​
  តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com