រដ្ឋមន្រ្តីការងារកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ពិភាក្សាគ្នារឿងពលករនិងការងារ
ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីការងារកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ពិភាក្សាគ្នារឿងពលករនិងការងារ
16, Sep 2019 , 10:26 am        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា (កណ្តាល)។ រូបពីក្រសួងការងារ
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា (កណ្តាល)។ រូបពីក្រសួងការងារ
ដោយ: ថ្មីៗ
កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីក្រសួងការងារលើកទី៣ នៃប្រទេសទាំង៥ ដែលហៅថាប្រទេស CLMTV រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម។ សន្និសីទលើកទី៣នេះ ប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅលើទឹកដីខេត្តសៀមរាប។



ប្រធានបទនៃសន្និសីទនេះ គឺ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករនៅក្នុងប្រទេស CLMTV»។ ប្រធានបទនេះ នឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យការងារនៃប្រទេស CLMTV។

គេហទំព័ររបស់ក្រសួងការងារ ផ្សាយថា គោលបំណងចម្បងនៃសន្និសីទនេះ គឺដើម្បីពិភាក្សាស្វែងរកក្របខ័ណ្ឌរួមមួយ ពាក់ព័ន្ធនឹងការធ្វើចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករ នៅក្នុងប្រទេសទាំង៥។ នៅថ្ងៃទី១៦នេះ គឺជាកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ក្រសួងការងារនៃប្រទេស CLMTV ហើយនៅព្រឹកថ្ងៃទី១៧ សន្និសីទថ្នាក់រដ្ឋមន្រ្តី នឹងចាប់ផ្តើមបើកជាផ្លុវការ។ ក្រសួងការងារ អះអាងថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចូលរួមជាអធិបតី ក្នុងពិធីបើកសន្និសីទនេះ។  

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា ថ្លែងដូច្នេះថា៖«ទោះបីជាប្រទេសនីមួយៗមានក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងស្ថានភាពសង្គមសេដ្ឋកិច្ច មិនដូចគ្នាទាំងស្រុងក៏ដោយ ប៉ុន្តែក្នុងក្របខ័ណ្ឌអន្តរជាតិ និងក្របខ័ណ្ឌតំបន់ យើងពិតជាអាចស្វែងរកនូវចំណុចរួមមួយដើម្បីសម្រេចគោលដៅ និងផលប្រយោជន៍រួម ពោលគឺពលករគ្រប់រូបអាចទទួលបាននូវរបបសន្តិសុខសង្គម ទោះបីគេផ្លាស់ទីកន្លែងធ្វើការពីកន្លែងមួយទៅកន្លែងមួយ ឬពីប្រទេសមួយទៅប្រទេសមួយក៏ដោយ»៕

Tag:
 ពលករ
  ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com