កម្ពុជា ស្នើឲ្យធនាគារពិភពលោក ជួយធ្វើផ្លូវតាមជនបទ ពីដីក្រហមទៅជាកៅស៊ូ
ជាតិ
សង្គមជាតិ
កម្ពុជា ស្នើឲ្យធនាគារពិភពលោក ជួយធ្វើផ្លូវតាមជនបទ ពីដីក្រហមទៅជាកៅស៊ូ
16, Sep 2019 , 12:22 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យធនាគារពិភពលោក ដាក់កម្មវិធីកសាងផ្លូវ ដោយជួយកែប្រែផ្លូវជនបទនៅកម្ពុជា ពីដីក្រហម ទៅជាផ្លូវកៅស៊ូពីរជាន់វិញ។ សម្តេចនាយករដ្ឋមន្រ្តី ស្នើដូច្នេះ ក្នុងជំនួបជាមួយអ្នកស្រី Victoria Kwakwa អនុប្រធានធនគារពិភពលោក នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។



ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី សរសេរថា ការស្នើសុំនេះ គឺដោយសារតែធនាគារពិភពលោក កំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍតំបន់ជនបទ។ ប្រមុខរដ្ឋាភិបាល និយាយនៅមុខអ្នកស្រី Victoria Kwakwa ថា កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ីនិងកូរ៉េ បានដើររួមគ្នាកសាងផ្លូវពីផ្លូវដីក្រហម ទៅកាន់ផ្លូវកៅស៊ូពីរជាន់ «ហើយឥឡូវ គឺមានគុណភាពល្អ សម្រាប់តំបន់ដាច់ស្រយាល តំបន់ជនបទ»។

ទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី ពុំបានសរសេរពីការឆ្លើយតបរបស់អ្នកស្រី Victoria Kwakwa ទៅនឹងសំណើនេះទេ ដោយគ្រាន់តែសរសេរថា អ្នកស្រី បានសន្យាពង្រឹងកិច្ចសហការជាមួយសម្តេចនាយករដ្ឋមន្រ្តី និងស្តាប់យោបល់គ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍកម្ពុជា ឲ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ខាងមុខ៕

Tag:
 កម្ពុជា
  ធនាគារពិភពលោក
  ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com