ទឹកជំនន់​បានផ្តាច់​ស្ពាន​យោល​ស្ទឹង​គ្រញូង នៅស្រុក​សំឡូត ខេត្តបាត់ដំបង​
ជាតិ
២៥ខេត្ត/រាជធានី
ទឹកជំនន់​បានផ្តាច់​ស្ពាន​យោល​ស្ទឹង​គ្រញូង នៅស្រុក​សំឡូត ខេត្តបាត់ដំបង​
16, Sep 2019 , 12:40 pm        
រូបភាព
ភ្នំពេញ​៖ ស្ពាន​យោល នៅ​ស្ទឹង​គ្រញូង ដែល​ស្ថិតនៅ​ភូមិ​តា​សាញ​ជើង ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង បាន​បាក់​ដោយសារ​កម្លាំង​ទឹកជំនន់​ហូរ​ឆ្លងកាត់ នា​ម៉ោង​ជិត ១១​ព្រឹក នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​។  លោក ខិ ប៊ុន​ឡេង ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឃុំ​កំពង់​ល្ពៅ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ហេតុការណ៍​បាក់​ស្ពាន​យោល​នេះ មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស ឬ​គ្រោះថ្នាក់​ដោយ​អាយុជីវិត​នោះទេ​។​

 
​បើតាម​លោក ខិ ប៊ុន​ឡេង ស្ពាន​យោល​នេះ ជា​ស្ពាន​ឆ្លងកាត់​ទៅ​វត្ត​តា​សាញ​ចាស់ មក​វត្ត​តា​សាញ​ថ្មី ជាពិសេស​ជា​កន្លែង​រមណីយដ្ឋាន​មួយ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ប្រចាំ​ស្រុក​សំឡូត​។ លោក ខិ ប៊ុន​ឡេង បន្ថែមថា រាល់​ឆ្នាំ​នៅ​តំបន់​នេះ តែងតែមាន​ទឹកជំនន់ ប៉ុន្តែ​ឆ្នាំនេះ ទឹកធំ ទើប​បណ្ដាល​ឲ្យ​អូស​ដាច់​ស្ពាន​បែបនេះ​។

ស្ពាន​យោល​នេះ ជា​មធ្យោបាយ​តែមួយគត់ សម្រាប់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ ដែល​ធ្វើដំណើរ​ឆ្លងកាត់​។ លោក ប៊ុន​ឡេង បញ្ជាក់ថា មាន​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ នៅ​ទីនោះ​ដែល​មិនទាន់បាន​ឆ្លង​មកវិញ​៕

សូមអញ្ជើញទស្សនាទិដ្ឋភាពពេលកំពុងបាក់ស្ពានយោលស្ទឹងគ្រញូង ដែលផ្តល់សិទ្ធិដោយលោក ខិ ប៊ុនឡេង ដូចតទៅ៖ 


 

© រក្សាសិទ្ធិដោយ thmeythmey.com