​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌូណេស៊ី៖ សាលារៀននៅកោះ Borneo បិទទ្វារដោយសារផ្សែងបំពុល
16, Sep 2019 , 2:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ៖ ងួន សុភាវត្តី 

មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី និយាយនៅថ្ងៃទី១៥ ខែកញ្ញាន ថា សាលារៀននៅខេត្តចំនួន២លើកោះ Borne នឹងត្រូវបិទទ្វារចំនួនមួយសប្តាហ៍ដោយសារផ្សែងបំពុលពីភ្លើងឆេះព្រៃ ធ្វើអោយគុណភាពខ្យល់បានធ្លាក់ចុះដល់កំរិតគ្រោះថ្នាក់។



ឥណ្ឌូនេស៊ីនិងប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ តែងតែទទួលឥទ្ធិពលពីផ្សែងជានិច្ច ដោយសារការដុតព្រៃឈើដើម្បីយកទីធ្លាសំរាប់ដាំដំណាំ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពខ្យល់មានភាពអាក្រក់បំផុត។

មន្រ្តីឥណ្ឌូណេស៊ី និយាយនៅថ្ងៃទី១៥ ខែកញ្ញា ថា ខ្យល់បំពុលបានប៉ះពាល់ខ្លាំងនៅទីក្រុងPalangka Raya និងទីក្រុង Sampit លើកោះBorneo ក្នុងខេត្តCentral Kalimantan ដែលបណ្តាលអោយសាលារៀនក្នុងទីក្រុងទាំងពីរនេះត្រូវបិទទ្វារមួយរយៈ។

លោក Slamet Winaryo ប្រធានទីភ្នាក់ងារអប់រំនៅលើកោះនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ទីក្រុង Palangka Raya និង Sampit ត្រូវបានគ្របដណ្តប់ដោយផ្សែងខ្លាំង ដូចនេះយើងសម្រេចថានឹងផ្តល់ការឈប់សំរាកពីថ្ងៃចន្ទដល់ថ្ងៃសៅរិ៍ដល់សិស្សនៅក្នុងទីតាំងទាំងពីរនេះ»។

ក្រៅពីសាលារៀននៅទីក្រុងទាំងពីរនេះ លោក Winaryo ក៏បានប្រាប់ថាសាលារៀនផ្សេងទៀត ខេត្តCentral Kalimantan នឹងចូលរៀនយឺតកន្លះម៉ោងពោលគឺចូលរៀនម៉ោង៧និង៣០នាទីព្រឹក។ សាលាទាំងអស់ក៏ត្រូវបានណែនាំអោយកាត់បន្ថយម៉ោងសិក្សាមកត្រឹម៣០នាទីក្នុងមុខវិជ្ជានីមួយៗផងដែរ។

កាលពីចុងសប្ដាហ៍មុន រដ្ឋមន្រ្តីបរិស្ថានឥណ្ឌូណេស៊ី បានទម្លាក់កំហុសផ្សែងចេញពីភ្លើងឆេះព្រៃនេះលើក្រុមហ៊ុនម៉ាឡេស៊ី ដែលរកស៊ីនៅតំបន់នោះ។ អាជ្ញាធរឥណ្ឌូនេស៊ី បានប្រាប់អោយប្រជាជននៅក្នុងខេត្ត Central Kalimantan គួរនៅក្នុងផ្ទះឬពាក់ម៉ាសនៅពេលចេញទៅក្រៅ។

ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ឥណ្ឌូណេស៊ី បានបញ្ចេញឧទ្ធម្ភាគចក្រចំនួន៨គ្រឿងនិងមនុស្សជាង១៥០០នាក់ដើម្បីពន្លត់អគ្គិភ័យដែលបានឆាបឆេះព្រៃជាង៤៥ហិកតាទាំងពីខែឧសភាមកម្លេះ៕

Tag:
 ឥណ្ឌូណេស៊ី
  បីទសាលា
  ផ្សែងពុល
© រក្សាសិទ្ធិដោយ thmeythmey.com