កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ជប៉ុន​-​អាមេរិក នឹង​ប៉ះពាល់​កូរ៉េខាងត្បូង​
អន្តរជាតិ
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ជប៉ុន​-​អាមេរិក នឹង​ប៉ះពាល់​កូរ៉េខាងត្បូង​
16, Sep 2019 , 10:19 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន, លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្ស៉ូ អាបេ
ពីឆ្វេងទៅស្តាំ៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន, លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្ស៉ូ អាបេ
​ក្រុម​អ្នកជំនាញ​ពាណិជ្ជកម្ម​មកពី​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី ១៦ ខែកញ្ញា បាន​និយាយថា កូរ៉េខាងត្បូង នឹង​ផលប៉ះពាល់​ផ្នែក​ពាណិជ្ជកម្ម ប្រសិនបើ​អាមេរិក និង​ជប៉ុន​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​។



​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​វ៉ាស៊ីនតោន បានចាប់ផ្តើម​កិច្ចចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តាំងពី​ខែមេសា​មក​ម្លេះ ហើយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ភាគី​ទាំងពីរ​នឹង​ឈានដល់​នីតិវិធី​ដ៏​សំខាន់​ជាមួយគ្នា​។

​យោងតាម​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​កូរ៉េ (KERI) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ជប៉ុន និង​អាមេរិក​នេះហើយ អាចធ្វើ​ឲ្យ​កូរ៉េខាងត្បូង​បាត់បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ប្រមាណ​ជា​២៧,៥​ពាន់​លាន​ដុល្លារ​នៃ​ប្រាក់ចំណេញ​លើ​ការនាំចេញ​របស់ខ្លួន​។ ចំណែក​ក្រុមហ៊ុន​មួយចំនួន​ដូចជា​ក្រុមហ៊ុន​ផលិត​រថយន្ត រោងចក្រ​ផលិត​ម៉ាស៊ីន អាច​ទទួលរង​នូវ​ផលប៉ះពាល់​មួយ​នេះ​។ ប៉ុន្តែ​ក្រុមហ៊ុន​មួយចំនួនទៀត ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការនាំចេញ​ច្រើន​ជាមុន ដូចជា​ក្រុមហ៊ុន​ចម្រាញ់​សារធាតុ​គីមី​ពី​ប្រេង និង​ក្រុមហ៊ុន​ផលិត​ដែក​ជាដើម​។

​តាម​ការបកស្រាយ​ពី​វិទ្យាស្ថាន​ដដែល​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap  នៅពេល​អាមេរិក និង​ជប៉ុន​អាចអនុវត្ត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មបាន​ពេញលេញ​ហើយ ការនាំចេញ​ខាង​វិស័យ​រោងចក្រ និង​គ្រឿង​អេឡិចត្រូនិក​របស់​កូរ៉េខាងត្បូង នឹង​ធ្លាក់ចុះ​ពី​១១,៦​ភាគរយ មកដល់​ត្រឹមតែ ៩,២​ភាគរយ​តែប៉ុណ្ណោះ​។ ដូច្នេះ​កូរ៉េខាងត្បូង ត្រូវ​តាមតែ​តាមដាន​ការចរចា​របស់​ទីក្រុង​តូ​ក្យូ និង​វ៉ាស៊ីនតោន​។

​លោក Jung Jae-won អ្នកស្រាវជ្រាវ​មកពី KERI បញ្ជាក់ថា វ៉ាស៊ីនតោន ទំនងជា​អនុវត្ត​យុទ្ធសាស្ត្រ​ឈរ​មើល​ស្ថានការណ៍​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន ស្រប​ពេលដែល​គ្នា​នោះ ក៏​កំពុង​ខិត​ទៅដល់​ការយោគយល់​គ្នា​ជាមួយ​ជប៉ុន​រឿង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។ នេះ​បើតាម​ការផ្សាយ​របស់ Yonhap ។

​ជា​ការពិត​នៅក្នុង​ឆ្នាំ ២០១៨ ការនាំចេញ​របស់​កូរ៉េខាងត្បូង បាន​រកប្រាក់​ចំណេញ​ប្រមាណ​ជាជាង ៧០​ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ជាប់​កំណត់ត្រា​នាំ​ទំនិញ​លើស​ទៅ​បរទេស​ក្នុង​រយៈពេល ១០​ឆ្នាំ ជាប់ៗ​គ្នា​។

​សូមបញ្ជាក់ថា ភាព​តានតឹង​រវាង​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​សេ​អ៊ូ​ល​មួយរយៈ​ចុងក្រោយ​នេះ បានធ្វើ​ឲ្យ​កូរ៉េខាងត្បូង​ដាក់ពាក្យ​បណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ ដោយសារតែ​ជប៉ុន​រឹតត្បិត​ការនាំចេញ​ធាតុ​កម្រ​បី​ប្រភេទ​ទៅ​កូរ៉េខាងត្បូង​៕


Tag:
 ​អាមេរិក​
  ជប៉ុន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com