អន្តរជាតិ
អ្នកជំនាញ​សន្តិសុខ​៖ ប្រព័ន្ធ​ខែល​មី​ស៊ី​ល​អាមេរិក​គ្មាន​សមត្ថភាព​ទប់ស្កាត់​ដ្រូ​ន​តម្លៃថោក​
18, Sep 2019 , 7:39 pm        
រូបភាព
រូបភាព (Reuters)
រូបភាព (Reuters)
​ការចំណាយ​រាប់ពាន់​លាន​ដុល្លារ​ពី​សំណាក់​រដ្ឋាភិបាល​អា​ប៊ី​សា​អូឌីត លើ​សព្វាវុធ​ទំនើប​របស់​ប្រទេស​លោកខាងលិច ដែល​រចនា​ឡើង​ដើម្បី​តាម​ចាប់​ការវាយប្រហារ​រយៈកម្ពស់​ខ្ពស់ បាន​បង្ហាញថា  វា​គ្មាន​សមត្ថភាព​ទប់ស្កាត់​ដ្រូ​ន​តម្លៃថោក​ឡើយ​។ នេះ​ជាការ​អះអាង​របស់​អ្នកជំនាញ​សន្តិសុខ ក្រោយ​កើតហេតុ​ការណ៍​វាយប្រហារ​លើ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បណ្តាល​ឲ្យ​ឧស្សាហកម្ម​ប្រេង​សកល​រង្គោះរង្គើរ​ជាខ្លាំង កាលពី​ចុង​សប្តាហ៍​មុន​។



​ការវាយប្រហារ​ទៅលើ​រោងចក្រ​ប្រេង​របស់​ក្រុមហ៊ុន Saudi Aramco បានបង្ហាញ​ពី​ការធ្វេសប្រហែស​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​រី​យ៉ា​ដ ក្នុង​កិច្ចការពារ​ទ្រព្យសម្បត្តិ​របស់ខ្លួន ព្រោះ​វា​មានការ​វាយប្រហារ​ម្តង​ហើយ​ម្តងទៀត​ពី​ក្រុម​ឧទ្ទាម​ហ៊ូ​ធី ចាប់តាំងពី​អា​រ៉ា​ប៊ី​សា​អូឌីត​ចូលប្រឡូក​ក្នុង​សង្គ្រាម​នៅ​យេ​ម៉ែន​មក​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកវិភាគ​សន្តិសុខ​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ បាន​លើកឡើងថា​៖«​នៅឯណា​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល និង​អាវុធ​អាមេរិក ដែល​យើង​បាន​ចំណាយលុយ​ទិញ​រាប់ពាន់​លាន​ដុល្លារ ដើម្បី​ការពារ​ប្រទេស និង​រោងចក្រ​ផលិត​ប្រេង​របស់​យើង​? ប្រសិនបើ​ពួកគេ​ធ្វើ​រឿង​ទាំងនេះ​កាន់តែច្បាស់​ទៀត ពួកគេ​អាច​នឹង​វាយប្រហារ​លើ​រោងចក្រ​ចម្រាញ់​ទឹកស្អាត និង​គោលដៅ​ជាច្រើន​ទៀត​»​។ ក្នុងន័យនេះ លោក​ចង់​ចំអក​ឲ្យ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​អាមេរិក Patriot ដែល​បាន​ដំឡើង​ដើម្បី​ការពារ​តែ​មី​ស៊ី​ល​ក្នុង​រយៈ​ចម្ងាយ​ខ្ពស់​តែប៉ុណ្ណោះ​។

​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ការពារ​នេះ មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ពន្យល់ថា ប្រសិនបើ​ដ្រូ​ន និង​មី​ស៊ី​ល​ស្វ័យ​នាំ​ផ្លូវ ហោះ​ក្នុង​ល្បឿន​យឺត និង​រយៈកម្ពស់​ទាប​ប្រព័ន្ធ​នោះ  ខែល​ការពារ​មិនអាច​ចាប់​សញ្ញា​បានទេ ព្រោះ​វា​ហោះ​នៅក្រោម​ប្រព័ន្ធ​រ៉ា​ដា​។​

​ជាការ​ពិត ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​អាមេរិក Patriot បាន​ប្រើ​ប្រឆាំងនឹង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ករ​យៈ​ចម្ងាយ​ខ្ពស់​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី ជា​ច្រើនដង​រួចមកហើយ​។ វា​បាន​ការពារ​ទីក្រុង​ជាច្រើន រួម​ប​ញ្ជូ​ល​ទាំង​ក្រុង​រី​យ៉ា​ដ​ផងដែរ ចាប់តាំងពី​ខ្លួន​ប្រឡូក​ក្នុង​សង្គ្រាម​នៅ​យេ​ម៉ែន​ក្នុង​ឆ្នាំ​២០១៥​មក​។​

​វា​មាន​វិធី​ជាច្រើន​ក្នុងការ​ការពារ​ពី​ការឈ្លានពាន​របស់​យន្ត​ហោះ​ដ្រូ​ន​។ នាយក​ប្រតិបត្តិ និង​អ្នកបង្កើត​ក្រុមហ៊ុន​សន្តិសុខ​អាវ​កាស​អាមេរិក Dedrone លោក Jorg Lamprecht បាន​លើកឡើងថា ការរួម​ប​ញ្ជូ​ល​នៃ​ការចាប់​សញ្ញា​រលក​សំឡេង ប្រព័ន្ធ​រ៉ា​ដា និង​ប្រព័ន្ធ​ចាប់​រូបភាព​កម្រិត​ខ្ពស់ ដោយ​បំពាក់​ជាមួយ​ក្បាល​គ្រាប់ និង​បច្ចេកវិទ្យា គឺអាច​កម្ទេច​វា​បាន​ហើយ​។
​សូមបញ្ជាក់ថា ការវាយប្រហារ​លើ​រោងចក្រ​ផលិត​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ត្រូវបាន​ក្រុម​ឧទ្ទាម​ហ៊ូ​ធី ដែលមាន​មូលដ្ឋាន​នៅ​យេ​ម៉ែន បានប្រកាសថា​ជា​ស្នាដៃ​របស់ខ្លួន ខណៈពេល​អាមេរិក​បាន​ចោទថា​វា​ជា​ទង្វើ​របស់​អ៊ីរ៉ង់​។ ការចោទប្រកាន់​នេះ​គឺ​រួម​ប​ញ្ជូ​ល​ទាំង​ទីតាំង និង​អាវុធ ដែល​បាន​បាញ់​ចេញពី​អ៊ីរ៉ង់​៕


Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត​
  ក្រុម​ឧទ្ទាម​ហ៊ូ​ធី
© រក្សាសិទ្ធិដោយ thmeythmey.com