AFC U16៖ កម្ពុជា​ប្រកួត​បើកឆាក​ជាមួយ​ម៉ាឡេស៊ី ក្រោយ​ជប៉ុន​ជួប​ឡាវ​ល្ងាច​នេះ​
កីឡាជាតិ
ជាតិ
AFC U16៖ កម្ពុជា​ប្រកួត​បើកឆាក​ជាមួយ​ម៉ាឡេស៊ី ក្រោយ​ជប៉ុន​ជួប​ឡាវ​ល្ងាច​នេះ​
18, Sep 2019 , 2:51 pm        
រូបភាព
សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជានៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ,​ រូបភាពពី​ FFC
សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជានៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ,​ រូបភាពពី​ FFC
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា ត្រូវ​ប្រជែង​ជាមួយ​ម៉ាឡេស៊ី សម្រាប់​ជំនួប​បើកឆាក​ពូ​ល J វគ្គ​ជម្រុះ AFC U16 Championship 2020 នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃ​ពុធ​នេះ នា​ពហុ​កីឡដ្ឋាន KM16 ក្នុង​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​។ នៅ​កីឡដ្ឋាន​ដដែល​នេះ នា​វេលា​ម៉ោង​៣​រសៀល​ក្រុម​ការពារ​តំណែង​ជើងឯក​ជប៉ុន​ប៉ះ​ម្ចាស់ផ្ទះ​ឡាវ​។

 
​បើតាម​ប្រវត្តិ​ចូលរួម​តាំងពី​ឆ្នាំ​២០០២ ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​មិន​ធ្លាប់​ជួប​ម៉ាឡេស៊ី​ក្នុង​ព្រឹត្តិការណ៍​នេះ​ទេ​។ ប៉ុន្តែ​ពួកគេ​ធ្លាប់​ជួប​ម៉ាឡេស៊ី​៣​លើក​ក្នុង​ពានរង្វាន់ AFF U16 Championship​។ នៅ​ឆ្នាំ​២០០៥ កម្ពុជា​ចាញ់​ក្នុង​លទ្ធផល ៥-០ មុន​ស្មើ ៣-៣ នៅ​ឆ្នាំ​២០០៧ និង​ចាញ់ ៤-២ នៅ​ឆ្នាំ​២០១៧​។ 
 
​គិត​តាំងពី​ចូលរួម​លើកដំបូង​នៅ​ឆ្នាំ​២០០២​មកដល់​បច្ចុប្បន្ន កម្ពុជា​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ AFC U16 Championship ចំនួន​៨​លើក តែ​ពួកគេ​មិនដែល​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ឡើយ​។ នៅ​ឆ្នាំ​២០០២ ដែលជា​ការបង្ហាញ​ខ្លួន​លើកដំបូង កម្ពុជា​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២​ពូ​ល F ក្រោយ​យកឈ្នះ​ឆាយ​នី​ស​តៃប៉ិ ៥-០ ស្មើ ១-១ ជាមួយ​ហុងកុង និង​ចាញ់​ថៃ ៤-០​។ ឆ្នាំ​២០០២ កម្ពុជា​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពូ​ល H ក្រោយ​យកឈ្នះ​ហ្វីលីពីន ៣-០ ចាញ់​ឡាវ ៣-១ និង​ចាញ់​កូរ៉េខាងជើង ៦-០​។​
 
​នៅ​ឆ្នាំ​២០០៤ កម្ពុជា​ឈរ​លេខ​២​ពូ​ល K ក្រោយ​យកឈ្នះ​ហ្វីលីពីន ៤-២ និង​ចាញ់​វៀតណាម ៤-០​។ បន្ទាប់មក​នៅ​ឆ្នាំ​២០០៨ កម្ពុជា​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៤​ពូ​ល F ក្រោយ​យកឈ្នះ​ឥណ្ឌូណេស៊ី ១-០ ស្មើ ១-១ ជាមួយ​ហុងកុង​និង​វៀតណាម ហើយ​កម្ពុជា​បន្ត​ចាញ់​ជប៉ុន ៧-០ និង​ចាញ់​ឡាវ ៦-០​។ នៅ​ឆ្នាំ​២០១០ អាច​ចាត់ទុកជា​ឆ្នាំ​ដុនដាប​ជាងគេ​សម្រាប់​កម្ពុជា ដោយ​ពួកគេ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​បាត​តារាង​ប្រចាំ​ពូ​ល G ក្រោយ​ចាញ់​កូរ៉េខាងត្បូង ១១-០ ថៃ ៨-០ វៀតណាម ៧-១ មី​យ៉ាន់​ម៉ា ៣-១ និង​ចាញ់​កូរ៉េខាងជើង ៥-០​។ 
 
​នៅ​ឆ្នាំ​២០១២​កម្ពុជា​ឈរ​លេខ​៥​ពូ​ល F ដោយ​យកឈ្នះ​ឆាយ​នី​ស​តៃប៉ិ ២-១ ចាញ់​ឡាវ និង​វៀតណាម ៥-០ ចាញ់​ជប៉ុន ៤-០ និង​កូរ៉េខាងត្បូង ១០-០​។ នៅ​ឆ្នាំ​២០១៦ កម្ពុជា​ឈរ​បាត​តារាង​ពូ​ល H ក្រោយ​ចាញ់​៣​ប្រកួត​ជាប់​គ្នា ដោយ​ចាញ់​កូរ៉េខាងជើង ៧-០ ថៃ ១-០ និង​សិង្ហ​បុរី ៣-១ និង​នៅ​ឆ្នាំ​២០១៨ កម្ពុជា​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ពូ​ល I ក្រោយ​ឈ្នះ​ម៉ុង​ហ្គោ​លី ៣-២ ចាញ់​អូស្ត្រាលី ៥-០ និង​ចាញ់​វៀតណាម ៥-២៕   
 

Tag:
 បាល់ទាត់​
  AFC U16 Championship
  U16 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com