ជាតិ
ក្រសួង​គ្រោង​បញ្ចាំង​ភ្លើង​នៅតាម​ប្រាសាទ​សម្រួលការ​ទស្សនា​ភ្ញៀវទេសចរ​នាពេល​រាត្រី​
18, Sep 2019 , 8:19 pm        
រូបភាព
​សៀមរាប​៖ ក្រសួងទេសចរណ៍ គ្រោង​រៀបចំ​ភ្លើង​បំភ្លឺ​នៅតាម​ប្រាសាទ ពិសេស​អង្គរវត្ត​ដើម្បី​សម្រួលការ​ទស្សនា នាពេល​រាត្រី​។ គម្រោង​បំភ្លឺ​ភ្លើង​នៅតាម​ប្រាសាទ​នេះ ធ្វើឡើង​ស្របពេល​ដែល​ចំនួន​ភ្ញៀវ​ទេសចរណ៍​នៅ​កម្ពុជា កំពុង​ធ្លាក់ចុះ​។​



​យោងតាម​ការចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៦ កញ្ញា ត្រង់ចំណុច​ទី​៤​នៃ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ដែល​ដាក់ចេញ​ដោយ​គណៈកម្មការ​អន្ដរក្រសួង គឺ​ចង់ឱ្យ​សិក្សា និង​ដាក់ឱ្យ​ដំណើរការ​គម្រោង​ទស្សនា​ប្រាសាទ​អង្គរ​ពេល​រាត្រី ដើម្បី​ទាក់ទាញ​និង​សម្រួលការ​ទស្សនា​នាពេល​រាត្រី​។ ត្រង់ចំណុច​នេះ គណៈកម្មការ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖« ការ​បញ្ចាំង​ភ្លើង និង​ការ​ទស្សនា​ក្រៅ​ប្រាសាទ​នាពេល​រាត្រី តែ​ត្រូវការពារ​សុវត្ថិភាព​ប្រាសាទ និង​វត្ថុ​បុរាណ​។ រៀបចំ​ខ្សែ​ទស្សនកិច្ច​ពិសេស Angkor Night សម្រាប់​ទស្សនា​ប្រាសាទ​មួយចំនួន​នាពេល​រាត្រី​»​។ បន្ថែម​ពី​នោះ គណៈកម្មការ​នេះ​ក៏បាន​ជំរុញឱ្យមាន​ការរៀបចំ​ទេសចរ​ជិះ​កង់​ផងដែរ ដ្បិតថា​ទេសចរណ៍​ប្រភេទ​នេះ​កំពុង​ពេញនិយម​។​

​ក្នុង​កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ សុខា​ល័យ ក្រោម​ប្រធាន​គណៈកម្មការ លោក ថោង ខុន និង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ និង​សមាជិក​ជាច្រើនរូប​ទៀត អង្គប្រជុំ​បានប្រកាស​ដា​ក់​ចេញ​គម្រោង​ផែនការមេ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​ផែនការ​សកម្មភាព​ការងារ​អនុវត្ត​ចំពោះមុខ រយៈពេល​ខ្លី សម្រាប់​ឆ្នាំ​២០១៩-២០២០ ក្រោម​ពាក្យស្លោក «​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅជា​ឱកាស​» ដែល​បានកំណត់​គោលដៅ​សំខាន់ៗ​ក្នុង​ខេត្តសៀមរាប​រួមមាន តំបន់​បឹង​ទន្លេសាប ភ្នំ​គូលែន ទីក្រុង​សៀមរាប និង​តំបន់​ជុំវិញ​។​

​សម្រាប់​តំបន់​បឹង​ទន្លេសាប ត្រូវ​ពន្យារ​ការ​ស្នាក់នៅ​របស់​ទេសចរ ដោយ​តម្រូវឱ្យមាន​ការរៀបចំ​កញ្ចប់​ទស្សនា​បន្ថែម​ដូច​ជាការ​ស្នាក់នៅ​ជាមួយ​ប្រជាជន គម្រោង​រៀបចំ​ភូមិ​ទេសចរណ៍ធម្មជាតិ និង​ការពង្រឹង​គុណភាព​សេវាកម្ម​។​ល​។ តំបន់ភ្នំ​គូលែន ត្រូវ​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍ បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​ជីវចម្រុះ បង្កើត​សួន​ទេសចរណ៍ ការ​ចងក្រង​ជា​សហគមន៍​ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន​។​ល​។ តំបន់​ទីក្រុង រៀបចំ​បង្កើត​វិថី​ម្ហូបអាហារ កែលម្អ​ផ្លូវ​មាត់​ស្ទឹង​សៀមរាប​ពី​ព្រះរាជដំណាក់​ដល់​បឹង​ទន្លេសាប​ឱ្យក្លាយ​ជា​ស្ទឹង​ទេសចរណ៍​ប្រណីត ព​ង្រឹ​ក​ផ្លូវ​ថ្មើរជើង​ពិសេស​ផ្លូវ​ថ្មើរ​ជើងពេល​រាត្រី  និង​ពង្រឹង​បញ្ហា​អនាម័យ បរិស្ថាន​។​ល​។ និង​តំបន់​ប្រាសាទ​អង្គរ សិក្សា​ពី​គម្រោង​ទស្សនា​ប្រាសាទ​ពេល​រាត្រី​។​ល​។​

​បន្ថែម​ពី​នោះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​លើកឡើង​ពី​ការត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​នាពេល​អនាគត គណៈកម្មការ​អន្ដរក្រសួង ក៏​កំពុង​សិក្សា​គម្រោង​បង្កើត​ទីក្រុង​សៀមរាប​ថ្មី ដែល​នឹង​អនុញ្ញាត​ឱ្យមាន​ការសង់​អាគារ​ទំនើបៗ និង​ការបង្កើត​អាកាសយានដ្ឋាន​អន្ដរជាតិ​ធំថ្មី​។ តំបន់​នោះ​ត្រូវគេ​ដឹងថា នៅ​ស្រុក​សូទ្រនិគម ចម្ងាយ​ប្រមាណ​ជាង​៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​។​

​ជា​រឿង​មួយ​ដែល​មិនអាច​ប្រកែក​បាន គឺ​ចំនួន​ទេសចរ​នៅ​ខេត្តសៀមរាប​បន្ដ​ធ្លាក់​ជា​បន្តបន្ទាប់​។ នា​រយៈពេល​៨​ខែ​ដើម​ឆ្នាំនេះ ទេសចរ​មក​កម្សាន្ត​ខេត្តសៀមរាប​បាន​ធ្លាក់ចុះ​ជាង​៩​ភាគរយ ដែល​បញ្ហា​នេះ​ធ្វើឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាច្រើន​រង​ការខាតបង់​ផ្នែក​អាជីវកម្ម​។ យ៉ាងណាក៏ដោយ គណៈកម្មការ​អន្ដរក្រសួង​ដែលមាន​ក្រសួងទេសចរណ៍​ជា​ប្រធាន បាន​ខិតខំ​ប្រឹងប្រែង​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ និង​បាន​លើកយក​ផែនការ​អភិ​វ​ដ្ឍ​ន៍​ជាច្រើន​សម្រាប់​ស្ដារ​ស្ថានការណ៍​ដ៏​ពិបាក​នេះ​៕

Tag:
 ទេសចរណ៍​
  ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​
  ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com