ជាតិ
ពីនេះ ពីនោះ
«អក្សរ,ពាក្យ,ឃ្លា,ប្រយោគ,ល្បះ,កថាខណ្ឌ,តែងសេចក្តី ឬអត្ថបទ និងសៀវភៅ»មានន័យខុសគ្នាដូចម្តេច?
× រវាងពាក្យ«អក្សរ,ពាក្យ,ឃ្លា,ប្រយោគ,ល្បះ,កថាខណ្ឌ,តែងសេចក្តី ឬអត្ថបទ និងសៀវភៅ»គឺមានន័យដាច់ដោយឡែកពីគ្នា។ នេះបើតាមវេយ្យាករណ៍ខ្មែរ ពាក្យទាំងនេះមានន័យខុសគ្នាដូចខាងក្រោម។
ទី១. «អក្សរ»(Alphabet) មានន័យថា ជាស្នាមគំនូស មានទ្រង់ទ្រាយផ្សេងៗគ្នា អាស្រ័យលើជាតិសាសន៍នីមួយៗ ដែលគេបានបង្កើតឡើង។ គេបង្កើតវាឡើងដើម្បីកត់ត្រាពាក្យសំដី ចងក្រងក្បួនច្បាប់ហោរាសាស្ត្រ ផ្តល់ព័ត៌មានពីកន្លែងមួយទៅកន្លែងមួយទៀត កត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ចងក្រងក្បួនច្បាប់សាសនា កត់ត្រារូបមន្តវិទ្យាសាស្ត្រ។ «អក្សរ» រួមមានជា ព្យញ្ជនៈ ស្រៈ លេខ និងវណ្ណយុត្តិ។
ចំពោះអក្សរខ្មែរយើងមានរូបរាងពិសេសប្លែក ពីអក្សរជាតិសាសន៍ដទៃត្រង់ថា ព្យញ្ជនៈមាន តួខ្លួន សក់ និងជើង។ ចំពោះស្រៈមាន ការដាក់ពីមុខព្យញ្ជនៈផង និងពីក្រោយព្យញ្ជនៈផង ហើយនៅលើព្យញ្ជនៈផង និងក្រោមព្យញ្ជនៈផង។ ចំពោះលេខវិញ មានលក្ខណៈស្រដៀងនឹងព្យញ្ជនៈដែរ តែគ្មានជើងទេ។ ចំណែកវណ្ណយុត្តិវិញ មានដាក់នៅពីមុខ ពីក្រោយ និងពីលើពាក្យ ប៉ុន្តែពុំមានដាក់នៅពីក្រោមទេ។
ទី២. «ពាក្យ» (Word) គឺកើតឡើងពីការនិយាយស្តី។ ពាក្យដែលមានពីរម៉ាត់ទៅច្រើនម៉ាត់(មួយព្យាង្គ ដល់ច្រើនព្យាង្គ)។ ពាក្យ ជាភាសា សម្តី និងប្រយោគសម្តី។ ពាក្យចំ ឬពាក្យដែលមានសេចក្តីត្រង់ៗមិនប្រៀបធៀប។
ទី៣.«ឃ្លា» (Phrase) ជាល្បះសេចក្តី ដែលត្រូវដកឲ្យដាច់ឃ្លាត ជាខ្ទង់ៗក្នុងការនិយាយ ឬការសរសេរ។ «ឃ្លា» ជួនកាលជាកំរងពាក្យមួយក្រុម ជួនជាល្បះមួយ ឬអាចជាល្បះលើសពីមួយថែមទៀត។
ទី៤. «ល្បះ» (Sentence) គឺកើតចេញពីប្រធាន កិរិយា និងកម្មបទ។
ទី៥. «កថាខណ្ឌ» (Paragraph) គឺកើតឡើងពីការរួមផ្សំរវាងល្បះច្រើនបញ្ចូលគ្នា ដើម្បីបង្ហាញគំនិតសំខាន់អ្វីមួយ។
ទី៦.«តែងសេចក្តី» ឬ«អត្ថបទ» (គឺកើតចេញពីការរួមផ្សំរវាង កថាខណ្ឌច្រើន បញ្ចូលគ្នា។ តែងសេចក្តីរួមមាន សេចក្តីផ្តើម តួសេចក្តី និងសេចក្តីបញ្ចប់។
ទី៧. «សៀវភៅ» (Book)កើតចេញពីការតែងសេចក្តី អត្ថបទច្រើនរួមបញ្ចូលគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com