ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ៖ «ខ្ញុំគោរពខ្លាំងណាស់ចំពោះព្រះរាជទស្សនវិស័យសម្ដេចឪ» រូបពី AFP
× ភ្នំពេញ៖ នយោបាយការបរទេសដែលកម្ពុជា អនុវត្តគោរពគោលនយោបាយចិនតែមួយ គឺជាព្រះរាជទស្សនៈវិស័យវែងឆ្ងាយរបស់ព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ សម្រាប់ត្រួសត្រាយផ្លូវឱ្យកម្ពុជា ឈានទៅការអភិវឌ្ឍប្រកបដោយសន្តិភាព។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានចិនចំនួន៣ គឺ CRI, CCTV, Xinhua និងសារព័ត៌មាន Fresh News ។
«ខ្ញុំមានការគោរពខ្លាំងណាស់ជាមួយទស្សនវិស័យរបស់សម្ដេចឪ អតីតព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋកម្ពុជា»។ នេះជាការអះអាងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានវាយតម្លៃខ្ពស់លើនយោបាយការបរទេសរបស់ព្រះបរមរតនកោដ្ឋ ។ ក្នុងន័យនេះសម្ដេច ហ៊ុន សែន ចង់បញ្ជាក់ថា ព្រះបរមរតនកោដ្ឋ មានព្រះរាជតម្រិះ ឈ្លាសវៃក្នុងការសម្រេចព្រះរាជហទ័យ ជ្រើសរើសយកការគោរពទៅលើគោលនយោបាយចិនតែមួយ ពោលគឺមិនទទួលស្គាល់កោះតៃវ៉ាន់ ជារដ្ឋឯករាជ្យតាមការទាមទារផ្ដាច់ខ្លួន រួមទាំងកៅអីនៅអង្គការសហប្រជាជាតិជាដើម។
សម្រាប់លោកនាយករដ្ឋមន្ត្រីកម្ពុជា ទស្សនវិស័យវែងឆ្ងាយនៃនយោបាយការបរទេសរបស់អតីតព្រះមហាក្សត្រនេះ គឺជានាវានាំឱ្យកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍសព្វថ្ងៃនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលអះអាងថា ខ្លួនបានដើរតាមគន្លងនយោបាយការបរទេសព្រះបរមរតនកោដ្ឋនេះ បាននិយាយដូច្នេះ៖«ការអនុវត្តនូវគោលនយោបាយចិនតែមួយ វាជាការគោរពអធិបតេយ្យភាពចិន ។ ការគោរពអធិបតេយ្យភាពចិន វាមានតម្លៃស្មើការគោរពអធិបតេយ្យភាពកម្ពុជាខ្លួនឯង។ ខ្ញុំលើកឧទាហរណ៍ថា ប្រសិនមានប្រទេសណាមួយ ចង់កាត់ផ្ដាច់ខេត្តណាមួយរបស់កម្ពុជា ចេញទៅរដ្ឋឯករាជ្យ សួថា កម្ពុជា មានការខឹងទេ?មានការតូចចិត្ត? មានការជំទាស់ទេ? ពិតជាមានការខឹង មានការតូចចិត្ត មានការជំទាស់។ ចិនក៏ដូចគ្នាដែរ បើសិនមានការប៉ុនប៉ង ឱ្យតៃវ៉ាន់ បង្កើតទៅជារដ្ឋឯករាជ្យមួយនោះ ចិនពិតជាមិនយល់ស្របទេ។ ដូច្នេះ នេះជាតម្លៃដែលសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គបានត្រួសត្រាយកាលពីពេលមុន។ ហើយខ្ញុំ ក៏ដូចជាសម្ដេចព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី បន្តវេនពីសម្ដេចព្រះនរោត្តម សីហនុ ជារៀងរហូតមក»។
សូមស្ដាប់សំឡេង៖
មិនតែប៉ុណ្ណោះទេ មេដឹកនាំកម្ពុជារូបនេះ បានណែនាំទៅដល់មន្ត្រីរដ្ឋាភិបាលទាំងអស់ ហាមមានទំនាក់ទំនងជាមួយតៃវ៉ាន់ទៀតផង ខណៈដែលកម្ពុជា កំពុងមានភាពស្អិតល្មួតលើផ្នែកការទូត រួមទាំងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់គ្រងជ្រុងជ្រោយ។ លើសពីនេះទៀតសម្ដេច ហ៊ុន សែន បានប្រាប់សារព័ត៌មានចិនទាំង៣ គឺ CRI, CCTV, Xinhua ថា ដ្បិតមានអ្នករកស៊ីជនជាតិតៃវ៉ាន់មួយចំនួន ដាក់ទុនវិនិយោគនៅកម្ពុជាក្តី ប៉ុន្តែកម្ពុជាមិនផ្ដល់សិទ្ធិឱ្យតៃវ៉ាន់ បើកស្ថានតំណាងទូតខ្លួននៅលើទឹកដីកម្ពុជាឡើយ។
គួរបញ្ជាក់ថា កម្ពុជា-ចិន ចាប់ផ្ដើមទំនាក់ទំនងការទូត ចាប់តាំងពីឆ្នាំ១៩៥៨មក ដោយអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ និងប្រធានាធិបតីចិន ម៉ៅ សេទុង ។ ហើយប្រទេសទាំងពីរ ទើបតែប្រារព្វចំណងការទូត៦០ឆ្នាំ កាលពីឆ្នាំ២០១៨កន្លងមក។ តាមរយៈទំនាក់ទំនងជិតស្និទ និងស៊ីជម្រៅនេះ ប្រទេសទាំងពីរ បានព្រៀមព្រៀងដំឡើងទំនាក់ទំនងការទូតឲ្យដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូតទ្វេភាគី។ ការសម្រេចនេះ ធ្វើឡើងអំឡុងជំនួបវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ (Wen Jiabao)។
ជាការពិតដែលមិនអាចប្រកែកបាននោះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសុទ្ធតែផ្ដល់ប្រយោជន៍ដល់ភាគីទាំងសងខាង។ ជារួមភាគីទាំងពីរ នឹងជួយគាំទ្រគ្នាទៅវិញទៅមកលើវិស័យជាច្រើន ស្ទើរតែទាំងអស់ទាំងសេដ្ឋកិច្ច, នយោបាយ, សន្តិសុខ,ការទូត,ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម, វប្បធម៌និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។ ដែលទំនាក់ទំនងបង្កើតឡើង សំដៅសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញ ក៏ដូចជាបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពង្រីកទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរ និងការជួយគ្នាទៅវិញទៅមកលើឆាកអន្តរជាតិផ្សេង៕
Tag:
ហ៊ុន សែន
ព្រះមហាក្សត្រ
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com